កីឡាអន្តរជាតិ
អន្តរជាតិ
មេក្លិប Real ធ្លាប់ណែនាំលោក Blatter ឲ្យសុំទោសក្រោយថា Messi ល្អជាង Ronaldo
× ប្រធានក្លិប Real Madrid លោក Florentino Perez ធ្លាប់ទូរសព្ទទៅលោក Sepp Blatter ដើម្បីទាមទារឲ្យអតីតអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA រូបនេះ សុំទោសចំពោះការលើកឡើងថា Lionel Messi ជាកីឡាករបាល់ទាត់ល្អជាង Cristiano Ronaldo។
អតីតមេ FIFA វ័យ៨៣ឆ្នាំដែលធ្វើឲ្យកេរ្តិ៍ឈ្មោះខ្លួនធ្លាក់ដុនដាបក្រោយមានរឿងអាស្រូវពុករលួយជាច្រើនករណីក្នុងវិស័យកីឡាបាល់ទាត់កន្លងមកនោះ សព្វថ្ងៃជាសមាជិកកិត្តិយសរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid។ ទំនាក់ទំនងរបស់លោក Blatter ជាមួយ Perez មិនធ្លាប់មានភាពផ្អែមល្ហែមឡើយ។
លោក Blatter ធ្លាប់បានប្រកាសជាសាធារណៈថាលោក គិតថា Messi ខ្សែប្រយុទ្ធឆ្នើម Barcelona ល្អជាង Ronaldo ដែលកាលនោះនៅជាសមាជិកក្រុម Real Madrid នៅឡើយ ពោលមុនពេលរូបគេផ្លាស់ទៅ Juventus។
«ខ្ញុំបានប្រាប់សិស្សានុសិស្សនៅឯសន្និសីទមួយក្នុងក្រុង Oxford ថាពួកគេទាំងពីរគឺជាកីឡាករបាល់ទាត់ល្អណាស់ ប៉ុន្តែ Messi លេងដោយភាពវ័យឆ្លាត ខណៈ Ronaldo ប្រើប្រាស់កំលាំងច្រើន»។ ការលើកឡើងរបស់លោក Blatter បែបនេះ បានធ្វើឲ្យលោក Perez ក្តៅស្លឹកត្រចៀក ហើយ Ronaldo ក៏បង្ហាញការមិនសប្បាយចិត្តដែរនៅពេលនោះ។ នេះបើតាមការផ្សាយរបស់ The Sun។
ប្រធានក្លិបស្តេចសសញ្ជាតិអេស្ប៉ាញរូបនេះ បានរិះគន់បុរសសញ្ជាតិស្វ៊ីសវិញថា៖«តើអ្នកអាចនិយាយបែបនេះបានយ៉ាងម៉េចទៅ ក្នុងនាមអ្នកជាសមាជិកកិត្តិយសរបស់ក្លិប Real Madridនោះ?។ ខ្ញុំបានប្រាប់ Blatter ទៀតថានេះជាបញ្ហាផ្ទាល់ខ្លួនរបស់កីឡាករតែប៉ុណ្ណោះទេ»។
Perez ពិតជាខឹង Blatter ខ្លាំងណាស់ ហើយថែមទាំងប្រាប់តាមទូរសព្ទឲ្យបុរសសញ្ជាតិស្វ៊ីសរូបនេះ បំភ្លឺពាក្យសម្តីនេះឡើងវិញ និងថែមទាំងទាមទារឲ្យមានការសុំទោសចំពោះការលើកឡើងបែបនេះផងដែរ។
Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំ បានចាកចេញពី Bernabeu ទៅរួមក្រុមយក្សអ៊ីតាលី កាលពីដើមរដូវកាលមុន បន្ទាប់ពីស្នាក់នៅអេស្ប៉ាញ៩ឆ្នាំ។ រដូវកាលដំបូងអតីតសមាជិក Man Utd ជួយ Juventus ឈ្នះជើងឯក Serie A ផង៕
Tag:
Cristiano Ronaldo
Florentino Perez
Lionel Messi
Sepp Blatter
© រក្សាសិទ្ធិដោយ thmeythmey.com