ជាតិ
ពីនេះ ពីនោះ
សទិសសូរ «​សាស្ត្រ​»,«​សាសន៍​»«​សាសន​» និង «​សះ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
21, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​សាស្ត្រ​»,«​សាសន៍​»,«​សាសន​»​និង​«​សះ​» ជា​សទិសសូរ (​ដែលមាន​សូរសព្ទ​ដូចគ្នា តែ​អត្ថន័យ​ខុសគ្នា​)​។ បើ​យោងតាម​សន្ទានុក្រម​សទិសសូរ ពាក្យ «​សាស្ត្រ​»​សំដៅលើ គម្ពីរ​ប្រាប់​វិទ្យា​,​គម្ពីរ​សាសនា​, ពាក្យ​បង្គាប់​,​ប្រដៅ​ក្បួន​។​ល​។ ចំពោះ​«​សាសន៍​»​សំដៅលើ​សាសនា​។ រីឯ​«​សាសន​» សំដៅលើ​ពាក្យ​បណ្តាំ​,​ពាក្យ​បង្គាប់បញ្ជា​,​ពាក្យ​ប្រៀនប្រដៅ​,  ដំណឹង​,​សំបុត្រ ជាដើម​។  ចំណែក​«​សះ​»​មានន័យថា ជា​ដំបៅ​,​បាត់​ដំបៅ​។


 
​គម្ពីរ​,​គម្ពីរ​ប្រាប់​វិទ្យា​, គម្ពី​សាសនា​,​ច្បាប់​,​ប្រដៅ​ក្បួន​,​តម្រា​,​វិជ្ជា​,​ការសិក្សា​,​ពាក្យ​ណែនាំ​, ពាក្យ​ពន្យល់ ពាក្យ​បង្គាប់ គឺជា​និយមន័យ​នៃ​ពាក្យ «​សាស្ត្រ​»​។ ពាក្យ​«​សាស្ត្រ​»​នេះ​ភាគច្រើន​ប្រើ​នៅ​ខាងចុង​សព្ទ​ដទៃ​។ នោះ​មាន​ពាក្យ ប្រវត្តិសាស្ត្រ​(​គម្ពីរ  ឬ​ក្បួន​និយាយ​អំពី​ពង្សាវតារ​ប្រទេស​។ វិទ្យាសាស្ត្រ​(​គម្ពីរ ឬ​ក្បួន​ប្រាប់​វិទ្យា​ផ្សេងៗ​,​វិជ្ជា​ពួក​មួយ​ដែល​គេ​រកឃើញ​ដោយ​ការ​លលៃ​ផ្សំ​ធាតុ​ជាដើម​។ ជីវសាស្ត្រ ជា​វិជ្ជា ឬ​គម្ពីរ​ក្បួនខ្នាត​ចែង​អំពី​ជីវិត​មនុស្ស សត្វ វិទ្យាសាស្ត្រ​ផ្នែក​ខាង​ជីវិត​។ ពាក្យ​ជាច្រើន​ទៀត​ដែល​សុទ្ធតែ​ប្រើ​ជាមួយ​ពាក្យ សាស្ត្រ ហើយ​បញ្ជាក់ថា ជា​ក្បួន​ប្រាប់​ពី​វិទ្យា ឬ​ក្បួន​អ្វីមួយ ដូចជា​ពាក្យ គណិតសាស្ត្រ​, ចរិយាសាស្ត្រ​,​ជោតិសាស្ត្រ​,​តក្កសាស្ត្រ​, តារាសាស្ត្រ​,​ទន្តវេជ្ជសាស្ត្រ ជាដើម​។ 
 
​កាលណា​គេ​ប្រើពាក្យ​«​សាសន៍​» នេះ​វិញ​មានន័យថា សាសន និង​សាសនា​។ ឧទាហរណ៍​៖ ចូលសាសន៍​ព្រះពុទ្ធ ឬ​ពុទ្ធ​សាសន៍​។  មនុស្ស​ខ្លះ​មាន​ជាតិ​ផ្សេងគ្នា តែមាន​សាសន៍​ដូចគ្នា ដូចជា​ជនជាតិ ខ្មែរ​,​ថៃ​, ចិន​,​ឡាវ​, ភូមា ជាដើម ដែល​ប្រកាន់​សាសនាព្រះពុទ្ធ​។ 
 
​ចំពោះ​ពាក្យ​«​សាសន​»​ឯនេះ​វិញ គឺ​សំដៅលើ ពាក្យ​បណ្តាំ​,​ពាក្យ​ផ្តាំផ្ញើ​,​ពាក្យ​ប្រៀនប្រដៅ​,​លទ្ធិ​,​សាសនា​, ពាក្យ​បង្គាប់​,​ដំណឹង​,​សំបុត្រ​, ពាក្យ​ប្រកាស​, ការដាក់ទណ្ឌកម្ម​,​ការកែសម្រួល​, ការគ្រប់គ្រង​,​ការត្រួតត្រា​។ ឧទាហរណ៍​៖ សាសនកិច្ច ឬ​ក្រឹត្យ កិច្ច ឬ​ក្រឹ​ត​ក្នុង​សាសនា​។ សាសនទូត អ្នក​នាំ​សំបុត្រ អ្នក​នាំ​ដំណឹង ឬ​អ្នកនាំពាក្យ​បណ្តាំ​។ សាសនធម៌  ធម៌​ជា​ពាក្យ​ប្រៀនប្រដៅ​។ សាសន​បុត្រ សំបុត្រ​បញ្ជាក់​ការ​យ៉ាង​ដាច់ខាត​។ 
 
​ចំណែក​កិរិយាសព្ទ​«​សះ​» វិញ មានន័យថា ជា​ដំបៅ​,​បាត់​ដំបៅ​។ សះជា ឬ​សះសា ជា​នឹង​គ្នា​,​លែង​ខឹង​ប្រកាន់​គ្នា លែង​ទាស់​គ្នា​។ សះស្បើយ បាត់​ឈឺ​ស្រឡះ ជា​ស្រឡះ​ពី​ជំងឺ ជា​ស្មោះស្មាន​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com