ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក​៖ ចាន់ រតនា នាំ​ពិភពលោក​ស្គាល់​គុន​ខ្មែរ ក្រោយ​ធ្វើបាន​កំណត់ត្រា​អស្ចារ្យ​នៅ​សង្វៀន ONE
26, Aug 2019 , 5:20 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កីឡាករ​គុន​ចម្រុះ ចាន់ រតនា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្លិប «​សិល្បៈ​» ទើប​ធ្វើបាន​កំណត់ត្រា​ល្អ​បំផុត​ជូន​កម្ពុជា​លើស​ង្វៀន ONE: DREAM OF GOLD នា​ប្រទេស​ថៃ​កាល​ពាក់​កណ្ដាលខែ សីហា ឆ្នាំ​២០១៩​។ រតនា​បាន​យកឈ្នះ​កីឡាករ​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​សញ្ជាតិ​គុយបា Gustavo Balart ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។


 
«​យើង​បានរៀបចំ​ហ្វឹកហាត់​ផ្ដោតលើ​ការប្រកួត​យ៉ាង​ល្អ និង ហាត់​ភាព​អំណត់​ដើម្បី​ឲ្យ ចាន់ រតនា អាចមាន​កម្លាំង​ស៊ុ​ហ្វ​រហូតដល់​ចប់​ទឹក​។ រតនា ជា​កីឡាករ​គុន​ចម្រុះ និង គុន​ខ្មែរ​ល្អ​បំផុត​តំណាង​ឲ្យ​កម្ពុជា​ក្រោយ​ឈ្នះ ៣ លើក​ជាប់​គ្នា​លើ​ឆាក​អន្តរជាតិ​។ គេ [​រតនា​] បាន​ឈានដល់​កម្រិត​ល្អ​មួយទៀត​នៃ​គុន​ចម្រុះ​សម្រាប់​កម្ពុជា និង​ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន​បន្ថែមទៀត​»​។ នេះ​ជាការ​បង្ហើប​រឿង​ក្នុង​ចិត្ត​របស់​គ្រូបង្វឹក Lorenzo Lanzafame​។ 


 
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ក៏​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​, អ្នក​ពាក់​ពាក់ព័ន្ធ​, និង ស្ថាប័ន ONE ដែល​ធ្វើ​ឲ្យ​អ្នកតាមដាន​ជុំវិញ​ពិភពលោក​ស្គាល់​គុន​ខ្មែរ​កាន់តែច្បាស់​តាមរយៈ​ក្បាច់​ម៉ាត់ និង ក្បាច់​ទាត់​របស់​ចាន់ រតនា​។ រតនា បានរៀបចំ​គម្រោង​បានល្អ​ណាស់ តទល់​នឹង Balart ដែលមាន​កម្លាំង​ដៃ​ខ្លាំង និង ពូកែ​ខាង​ចំបាប់​ទៀតផង ហើយ កីឡាករ​គុយបា​តែងតែ​ព្យាយាម​ចាប់​បោក​ជា​ច្រើនសារ​ប៉ុន្តែ រតនា ក៏​ជំនាញ​ក្នុងការ​ដោះ​ឃ្លេ​ដែរ​។ 
 
​លោក​បញ្ជាក់ថា​៖« Balart ដ្បិត​ទាប​បន្តិច ប៉ុន្តែ​គេ​មាន​កម្រិត​ខ្ពស់ និង​បទពិសោធន៍​ច្រើន​។ រតនា អាច​ការពារ​ខ្លួន​ដោយ​បោះ​កណ្ដាប់ដៃ ជង្គង់ និង កែង រួមទាំង​ទប់​មិន​ឲ្យ Balart  បោក​ច្រើន​ផង​។ វា​មិន​ងាយស្រួល​ទេ ហើយ គូប្រកួត​ដែល​អាច​ជួប​លើក​ក្រោយ​ក៏​រឹតតែ​ល្អ​ទៅទៀត​»​។ 


 
​គ្រូបង្វឹក​មកពី LLFitness និង ក្រុម​គ្រូបង្វឹក​ផ្សេងទៀត ដូចជា​លោក ខូវ វិ​វ​ឌ្ឍ​នា ,​គ្រូបង្វឹក Sov , គ្រូបង្វឹក  Jeppe និង Charles បានដាក់​គោលដៅ​បង្វឹក ចាន់ រតនា ឲ្យ​កាន់តែ​ល្អ​ទ្វេដង​បន្ថែមទៀត​ក្នុង​គោលដៅ​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ដែល​អាច​កើតមាន​នាពេលខាងមុខ​។ លោក Lorenzo សង្កត់ធ្ងន់ថា​៖«​គោលដៅ​របស់​យើង គឺ ចង់​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់ និង​ប្រជែង​ខ្សែក្រវាត់​ទៅ​ថ្ងៃ​អនាគត​ខ្លី​ខាងមុខ​។ យើង​មិន​បញ្ឈប់​ត្រឹមហ្នឹង​ទេ​»​។ 
 
​ស្ថិតក្នុង​វ័យ​៣៣​ឆ្នាំ ចាន់ រតនា មានកំណត់​ត្រា​លើស​ង្វៀន​គុន​ចម្រុះ​ដោយ​ឈ្នះ ៧ លើក និង ចាញ់ ៣ លើ​។ កំណត់ត្រា​ល្អ​បំផុត គឺ​ឈ្នះ ៣​លើកចុងក្រោយ​នៅ​សង្វៀន​ពិភពលោក ONE ដូចជា​វ៉ៃ កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់ Abrou Fernandes  និង Rudy Agustian ឲ្យ​ចុះចាញ់ មុន​ឈ្នះ​ពិន្ទុ Gustavo Balart​។  
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com