ជាតិ
វីដេអូ
លោក ប៊ួ បញ្ញា៖ «និពន្ធសៀវភៅស្នេហា មិនចង់ឲ្យយុវជនក្លាយជាជនរងគ្រោះព្រោះស្នេហ៍»
× ភ្នំពេញ៖ ធ្លាប់បរាជ័យលើរឿងស្នេហា លោក ប៊ួ បញ្ញា សាស្ត្រាចារ្យភាសាបារាំង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានតែងនិពន្ធសៀវភៅនិយាយពីស្នេហា សម្រាប់មនុស្សគ្រប់រូប ជាពិសេសយុវជន។ ផ្តើមពីសៀវភៅស្នេហាដែលមានចំណងជើង «ខួបកំណើតស្នេហ៍» អ្នកនិពន្ធវ័យក្មេង ប៊ួ បញ្ញា ចែករំលែកបទពិសោធស្នេហ៍របស់ខ្លួន ដោយផ្តោតលើទំនាក់ទំនងដៃគូ។ សៀវភៅកម្រាស់ជាង១០០ទំព័រ ដែលជួយអប់រំយុវជនកុំឲ្យក្លាយជាជនរងគ្រោះដោយសារស្នេហានេះ ត្រូវបានលោក ប៊ួ បញ្ញា ជឿជាក់ថា អាចមានឥទ្ធិពលដល់យុវជន ដែលជំរុញយុវជនឲ្យមានការសម្រេចចិត្ត ហើយក៏ជាកល្យាណមិត្ត និងជាទីប្រឹក្សារបស់យុវជនខ្មែរផងដែរ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក ប៊ួ បញ្ញា អ្នកនិពន្ធសៀវភៅខួបកំណើតស្នេហ៍ដូចតទៅ៖
«ខួបកំណើតស្នេហ៍» ជាសៀវភៅបង្ហាញពីទំនាក់ទំនងរវាងដៃគូបុរស និងស្ត្រី ដែលបង្រៀនឲ្យមានភាពរឹងមាំលើជីវិតដៃគូ។ សៀវភៅមួយក្បាលនេះ ក៏បានរៀបរាប់សាច់រឿងពិតរបស់យុវជន ប៊ួ បញ្ញា ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវស្នេហាក្នុងវ័យសិក្សាផងដែរ។ មានវ័យ២៩ឆ្នាំ លោក ប៊ួ បញ្ញា ជាសាស្ត្រាចារ្យភាសាបារាំង និងអតីតនិស្សិតវិស្វករ ដែលមានចំណង់ចំណូលចិត្តតែងនិពន្ធតាំងពីអាយុ១២ឆ្នាំ។ ទេពកោសល្យតែងនិពន្ធ បានស្ថិតនៅជាមួយលោក បញ្ញា តាមរយៈការចូលចិត្តអាន និងស្រឡាញ់សៀវភៅ។ ទោះបីស្រឡាញ់ការតែងនិពន្ធ លោក បញ្ញា មិនមានឱកាសបញ្ចេញស្នាដៃរបស់ខ្លួនឡើយ ប៉ុន្តែ ក្នុងឆ្នាំ២០១៩នេះ លោក បានផ្ដើមបោះពុម្ពស្នាដៃដំបូង គឺសៀវភៅ «ខួបកំណើតស្នេហ៍»។
បើតាមលោក ប៊ួ បញ្ញា លក្ខណៈពិសេសរបស់សៀវភៅ «ខួបកំណើតស្នេហ៍» នេះ គឺវាជាស្នាដៃរបស់ខ្មែរ និងស្នាដៃរបស់យុវជន ដែលចែករំលែកនូវរឿងដៃគូជីវិត។ បុរសដែលមានស្រុកកំណើតនៅក្នុងជំរំសាយធូព្រំដែនខ្មែរ-ថៃរូបនេះ បញ្ជាក់ថា៖ «តាមរយៈសៀវភៅនេះ ខ្ញុំចង់បង្ហាញថា យុវជនខ្មែរក៏មានសមត្ថភាពសរសេរសៀវភៅទាក់ទងនឹងទំនាក់ទំនងដៃគូ ទំនាក់ទំនងជីវិត និងចែករំលែកបទពិសោធន៍ជីវិតដូចគ្នា។ កន្លងមក ខ្ញុំឃើញសៀវភៅមួយចំនួន ជាសៀវភៅបរទេសដែលខ្មែរបកប្រែ។ ប៉ុន្តែខ្ញុំគិតថាសៀវភៅនេះ មានលក្ខណៈប្លែក ខុសពីសៀវភៅបរទេស»៕
Tag:
ប៊ួ បញ្ញា
និពន្ធសៀវភៅ
វិស្វករ
© រក្សាសិទ្ធិដោយ thmeythmey.com