បើមនុស្សទូទៅនិយាយអំពីរថយន្តអគ្គិសនី គេតែងនឹកឃើញវាជាមួយនឹងភាពទំនើប អ្វីមួយដែលថ្មី និងអ្វីមួយដែលទើបនឹងមានឡើង។ ប៉ុន្តែរថយន្តអគ្គិសនី មិនមែនជាការបង្កើតឡើងថ្មីសន្លាងនោះទេ ពោលគឺថា បច្ចេកវិទ្យានេះមានអាយុកាលជាងមួយសតវត្សរ៍មកហើយ។ ចុះមូលហេតុអ្វីបានជានៅលើផ្លូវនានាជុំវិញពិភពលោក យើងនៅតែឃើញមានវត្តមាននៃរថយន្តប្រើប្រាស់សាំង ច្រើនជាងរថយន្តប្រើប្រាស់អគ្គិសនីបែបនេះ? ហើយចុះនរណាជាអ្នកមានគំនិតបង្កើតវាឡើង?
យោងតាមការចុះផ្សាយរបស់គេហទំព័រ energy.gov គេពិបាកក្នុងការចាត់ទុកនរណាម្នាក់ឲ្យច្បាស់លាស់ថាជាមនុស្សដំបូង ដែលបានផលិតរថយន្តអគ្គិសនីណាស់។ ហេតុផលគឺថា វាគឺជាការឲ្យគំនិតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ពីមួយជំនាន់ទៅមួយជំនាន់ លក្ខណៈបច្ចេកវិទ្យានៃរថយន្តអគ្គិសនី នេះកាន់តែមានភាពទំនើបទៅៗ។ តែគេអាចដឹងបានថា រឿងរ៉ាវទាំងអស់នេះចាប់កំណើតឡើងចាប់តាំងពីឆ្នាំ១៨០០មកម្ល៉េះ។
គំនិត និងការអនុវត្តធម្មតាមួយចំនួន បានកើតឡើងនៅក្នុងប្រទេសហូឡង់ ហុងគ្រី និងសហរដ្ឋអាមេរិក ជាមួយនឹងការសាកល្បងភ្ជាប់ថ្មអគ្គីសនីជាមួយនឹងយានយន្ត។ ប៉ុន្តែនៅក្រោយឆ្នាំ១៨៥០នោះទៅវិញទេ ដែលយានយន្តអគ្គិសនីមួយចំនួន ត្រូវបានគេបង្កើតឡើងដើម្បីប្រើប្រាស់បានសម្រាប់សកម្មភាពប្រចាំថ្ងៃ។
ក្នុងឆ្នាំ១៨៩០ លោក William Morrison ដែលជាគីមីវិទូម្នាក់រស់នៅក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិក បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីដែលអាចដឹកមនុស្សបានដល់ទៅ៦នាក់ ជាមួយនឹងល្បឿនជាង២២គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះអាចជាពេលមួយដែលបង្កឲ្យមានសន្ទុះខ្លាំងក្នុងការរិះរកគំនិតផលិតបច្ចេកវិទ្យាប្រភេទនេះបន្ថែមទៀត។ ប៉ុន្មានឆ្នាំក្រោយមក ជំនួញនៃការបង្កើតរថយន្តអគ្គីសនី ជាពិសេសនៅសហរដ្ឋអាមេរិកមានការកើនឡើងយ៉ាងរហ័ស។
តែមុននឹងចូលទៅកាន់ការយល់ដឹងអំពីរថយន្តអគ្គីសនី លោកអ្នកក៏គួរយល់ដឹងអំពីប្រភេទនៃការធ្វើដំណើរមួយចំនួនផ្សេងៗផងដែរ។ នៅពេលមួយដែលលោកខាងលិចបានទទួលការអភិវឌ្ឍខ្ពស់ មនុស្សភាគច្រើនបានផ្លាស់ប្តូរការធ្វើដំណើរដោយសត្វសេះ ជាមួយនឹងយានជំនិះផ្សេងៗដូចជារថភ្លើងដើរដោយសម្ពាធចំហាយទឹក យានជំនិះប្រើសាំង និងយានជំនិះប្រើអគ្គីសនីនេះឯង។
ម៉ាស៊ីនដើរដោយចំហាយទឹកជាបច្ចេកវិទ្យាមួយដែលគេទុកចិត្ត ដោយសារវាផលិតថាមពលបានច្រើន និងដំណើរការក្នុងកាលៈទេសៈច្រើនប្រភេទ ដូចជាក្នុងរោងចក្រ ឬនាវាជាដើម។ តែវាមានភាពលំបាកក្នុងការប្រើប្រាស់ជាលក្ខណៈបុគ្គល ដោយសារតែវាត្រូវការការចាប់ផ្តើមចំហេះយូរ និងវាត្រូវការទឹកក្នុងបរិមាណច្រើនក្នុងការបង្កើតចំហាយ។
នៅពេលដែលរថយន្តអគ្គីសនីត្រូវបានគេបញ្ចូលទៅក្នុងទីផ្សារ រថយន្តសាំងក៏មានវត្តមានផងដែរ។ទោះបីរថយន្តសាំងមើលទៅមានភាពទំនងមែនក្តី វាមិនមែនងាយស្រួលក្នុងការជិះនោះទេ ជាមួយនឹងការដោះដូរលេខដ៏ស្មុគស្មាញ សំឡេងដ៏លាន់រំពង និងផ្សែងដែលមានក្លិនអាក្រក់ ហើយវាត្រូវការបញ្ឆេះដោយប្រើប្រាស់ដុំរង្វិល ដែលប្រើប្រាស់កម្លាំងដៃខ្លាំង។ ហេតុនេះហើយ ទើបក្នុងពេលនោះ មនុស្សជាច្រើន ជាពិសេសស្ត្រី ជ្រើសរើសរថយន្តអគ្គីសនីក្នុងការធ្វើដំណើរជិតៗ ព្រោះវាជាដំណោះស្រាយទៅកាន់រថយន្តប្រើសាំង។
លោក Ferdinand Porsche ដែលជាអ្នកបង្កើតក្រុមហ៊ុនរថយន្ត Porsche ក៏បានយកប្រធានបទមួយនេះមកអនុវត្តផងដែរជាមួយនឹងរថយន្តអគ្គីសនី P1 របស់លោកនៅក្នុងឆ្នាំ១៨៩៨។ ក្នុងពេលជាមួយគ្នានោះ លោកក៏បានអនុវត្តបច្ចេកវិទ្យា Hybrid ទៅលើរថយន្តផងដែរ។ លោក Thomas Edison ដែលជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់ និងជាមិត្តរបស់លោក Henry Ford (អ្នកបង្កើតក្រុមហ៊ុន Ford) បានសហការគ្នាក្នុងការផលិតថ្មអគ្គីសនីល្អមួយ ដើម្បីភ្ជាប់ជាមួយនឹងរថយន្ត Ford នានារបស់លោក។
តាមពិតទៅវាគឺជារថយន្ត Ford Model T ទៅវិញទេដែលជាអ្នកជំរុញការប្រើប្រាស់រថយន្តសាំងឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំង។ Model T ជារថយន្តដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ មានតម្លៃសមរម្យ និងត្រូវបានគេផលិតក្នុងបរិមាណមួយទូលំទូលាយ។ ជាមួយនឹងការបង្កើតឧបករណ៍បញ្ឆេះម៉ាស៊ីនដោយស្វ័យប្រវត្តិ រថយន្តសាំងត្រូវបានគេប្រើកាន់តែច្រើនឡើងៗ។
ទោះបីជាលោក Henry Ford បានបង្កើតរថយន្តអគ្គិសនីក៏ពិតមែន តែវានៅមានតម្លៃថ្លៃខ្លាំងជារថយន្តសាំង ថែមទាំងមិនអាចធ្វើដំណើរបានឆ្ងាយ។ ក្នុងឆ្នាំ១៩១២ រថយន្តប្រើសាំងមានតម្លៃប្រមាណ៦៥០ដុល្លារ ចំណែកឯរថយន្តអគ្គិសនីមានតម្លៃរហូតទៅលើជាង១៧០០ដុល្លារ។ ជាមួយនឹងប្រព័ន្ធគមនាគមន៍កាន់តែប្រសើរ ការចម្រាញ់ប្រេងសាំងកាន់តែមានភាពងាយស្រួល រថយន្តសាំងជាជម្រើសចម្បងនៃការធ្វើដំណើរ។ មកត្រឹមឆ្នាំ១៩៣៥ គេលែងសូវឃើញវត្តមាននៃរថយន្តអគ្គីសនីទៀតហើយ។
ក្រោយមក នៅក្នុងអំឡុងឆ្នាំ១៩៧០ ជាមួយនឹងការយល់ដឹងកាន់តែច្បាស់អំពីបរិយាកាស និង
បរិស្ថាន ហើយក៏ជាមួយនឹងបញ្ហាប្រេងនៃសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៣ រដ្ឋាភិបាល និងក្រុមហ៊ុនសំខាន់ៗមួយចំនួន ដូចជា NASA និង General Motors បានចាប់ផ្តើមគិតគូរអំពីរថយន្តអគ្គីសនីឡើងវិញ។ តែរថយន្តអគ្គីសនីនៅតែមិនអាចប្រកួតជាមួយនឹងរថយន្តសាំងបានក្នុងពេលមួយនេះ ដោយសារល្បឿនយឺត និងចម្ងាយដែលជាអាចរត់បានខ្លី ជាពិសេសជាមួយនឹងបច្ចេកវិទ្យាថ្មអគ្គីសនីនៅមានកម្រិត។
មតិមួយចំនួនបានលើកឡើងថា មានកាតាលីករពីរដែលបានជំរុញមុខមាត់រថយន្តអគ្គិសនីឡើងវិញ។ ទីមួយនោះគេ Toyota Prius ដែលប្រើប្រាស់ប្រព័ន្ធ Hybird ជាមួយនឹងការផលិតក្នុងបរិមាណធំៗ នឹងងាយស្រួលប្រើប្រាស់។ ទីពីរគឺ ការបង្កើតក្រុមហ៊ុន Tesla Motors ដែលជាក្រុមហ៊ុនអាមេរិកមួយមានតួរនាទីក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ ដែលអាចធ្វើដំណើរបានរហូតដល់ទៅជាង៣០០គីឡូម៉ែត្រនៅពេលថ្មពេញ។
ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាថ្មអគ្គិសនី និងស្ថានីយសាកថ្មនៅតាមប្រទេសអភិវឌ្ឍមួយចំនួន និងតម្លៃកាន់តែធូរថ្លៃ ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវបានគេដឹងថា មានសន្ទុះកើនឡើងបន្តិចម្តងៗជារៀងរាល់ឆ្នាំ។ គេក៏បានរំពឹងដែរថា ក្នុងពេលអនាគត ជាមួយនឹងការបំពុលបរិស្ថាន និងភាពខ្សត់ខ្សោយនៃបរិមាណប្រេងដែលផែនដីនឹងមាន រថយន្តអគ្គីសនីនឹងអាចមានភាពល្បីល្បាញឡើងវិញ ដូចជាក្នុងពេលជាង១០០មុនឆ្នាំមុនដែរ៕