ខួរក្បាលត្រូវបានបង្កើតឡើងដោយកោសិកាប្រហែល ១០០ ប៊ីលានកោសិកា។ ចំនួនកោសិកាដ៏ច្រើនបែបនេះត្រូវបានគេចាត់ទុកថា ខួរក្បាលគឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៃរាងកាយរបស់មនុស្សយើង។ ហេតុដូច្នេះហើយយើងគួរតែយកចិត្តទុកដាក់ឲ្យបានល្អចំពោះសុខភាពសរីរាង្គមួយនេះ។ អ្នកវិទ្យាសាស្ត្រនិយាយថា ខួរក្បាលមិនខុសគ្នានឹងសាច់ដុំឡើយ កាលណាប្រើប្រាស់វាកាន់តែច្រើន វាកាន់តែខ្លាំង។
យ៉ាងណាមិញ មានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលត្រូវបានគេដឹងថា អាចមានផលអាក្រក់ដល់សុខភាពខួរក្បាលបានដូចជា៖
ការជក់បារី
គ្រប់គ្នាដឹងហើយថា ការជក់បារីមានផលអាក្រក់ខ្លាំងចំពោះបេះដូង និងសួត។ សម្រាប់អ្នកដែលយកចិត្តទុកដាក់ទៅលើសម្រស់គឺដឹងច្បាស់អំពីទម្លាប់ដ៏អាក្រក់មួយនេះ ព្រោះវាជាហេតុនាំឲ្យស្បែកឆាប់ចាស់មុនអាយុ។ ប៉ុន្តែអ្នកជំនាញបានរកឃើញថា ការជក់បារីក៏អាចធ្វើឲ្យខួរក្បាលរួញស្វិតជាងមុនដែរ ជាពិសេសបង្កភាពធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត និងភាពឆ្លាតវៃរបស់ខួរក្បាលតែម្តង។
ញ៉ាំគ្រឿងស្រវឹងច្រើន
ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ដោយស្ត្រីបានមួយកែវ និងបុរសអាចដល់ពីរកែវក្នុងមួយថ្ងៃ គឺផ្តល់សុខភាពវិញទាំងជាតិស្ករក្នុងឈាម ខួរក្បាល និងបេះដូង។ វានឹងក្លាយទៅជារឿងខុសគ្នាដាច់វិញនៅពេលអ្នកញ៉ាំច្រើនពេក ជាពិសេសមិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅទេ តែវាក៏ធ្វើឲ្យខួរក្បាលរួញស្វិតកាន់តែខ្លាំងដែរ។
មិនបានញ៉ាំទឹកគ្រប់គ្រាន់
វាមិនមែនជារឿងអាថ៌កំបាំងឡើយដែលយើងគួរតែញ៉ាំទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ ដើម្បីរាងកាយមានជាតិទឹកគ្រប់គ្រាន់ធ្វើការ។ ការបន្តញ៉ាំទឹកបានរហូតគឺជារឿងសំខាន់មួយសម្រាប់កោសិកា ជាលិកា និងសរីរាង្គក្នុងខ្លួនធ្វើការកាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែករណីដែលអ្នកមិនញ៉ាំទឹកគ្រប់ទេ វាក៏ងាយនឹងធ្វើឲ្យខួរក្បាលស្វិតដែរ។
ញ៉ាំផ្អែមច្រើនពេក
ប្រភពថាមពលដ៏សំខាន់របស់ខួរក្បាលគឺជាតិស្ករ។ អាចនិយាយបានថា ស្ទើរតែ ៥០ភាគរយហើយនៃជាតិស្ករទាំងអស់ក្នុងរាងកាយត្រូវបានខួរក្បាលប្រើប្រាស់ដើម្បីបង្កើតថាមពលខ្លួនឯង ហើយវាក៏ជាអ្វីដែលជំរុញដល់ការងាររបស់ខួរក្បាលធ្វើការដែរ។ ជាអកុសល វត្តមានស្ករច្រើនពេកក៏មិនល្អចំពោះខួរក្បាលដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំស្ករច្រើន អាចធ្វើឲ្យខូចខាតដល់កន្លែងទំនាក់ទំនងគ្នារវាងកោសិកាមួយទៅកោសិកាមួយ (Synapse) ហើយក៏នាំឲ្យខួរក្បាលមិនទទួលទានអុកស៊ីសែន និងជីវជាតិគ្រប់គ្រាន់ទៀតដែរ។
ចូលចិត្តគេងយកអ្វីមួយគ្របក្បាល
ការគេងច្រើនពេកក្នុងមួយយប់មិនមែនមានន័យថាខួរក្បាលមិនមានគ្រោះថ្នាក់នោះទេ។ តើអ្នកមានដឹងទេថា កំលុងពេលគេង ចូលចិត្តយកអ្វីគ្របក្បាល អាចបង្កគ្រោះថ្នាក់ធំមួយដល់ខួរក្បាលទេ? ការធ្វើបែបនេះ នឹងជំរុញដល់ការបឺតស្រូបឧស្ម័នកាបូនឌីអុកស៊ីតចូលទៅក្នុងសួតច្រើនជាងអុកស៊ីសែន ដូច្នេះវាមិនគ្រាន់តែផ្តល់អុកស៊ីសែនមិនគ្រប់ទេ តែខួរក្បាលដែលត្រូវការអុកស៊ីសែនច្រើននោះក៏មិនគ្រប់ដែរ។ ដូច្នេះលទ្ធផលមិនបាច់និយាយក៏អ្នកអាចយល់បានដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh