អន្តរជាតិ
លោក ម៉ា​ក្រុង ពន្លះ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ដែល​មើលងាយ​ភរិយា​ខ្លួន
27, Aug 2019 , 10:35 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​២៦ ខែសីហា បាន​ប្រើ​ពាក្យសម្ដី​ធ្ងន់ៗ​ដាក់​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) ដែល​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ​ដាក់​ភរិយា​របស់ខ្លួន គឺ​ជំទាវ​ទីមួយ Brigitte ។ នា​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ជំនួប​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ លោក ម៉ា​ក្រុង ដែល​ទំនង​ក្ដៅស្លឹកត្រចៀក​ខ្លាំង បានបង្ហាញ​ជំហរ​ចង់ឃើញ​ប្រេ​ស៊ី​ល​មាន​ប្រធានាធិបតី​ថ្មី​ទៀតផង​។

 
​បន្ថែម​ពីលើ​ខ្វែងគំនិត​គ្នា​លើ​រឿង​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន មេដឹកនាំ​បារាំង និង​ប្រេ​ស៊ី​ល បាន​ងាក​មក​ទាស់​គ្នា​រឿង​ផ្ទាល់ខ្លួន​ថែមទៀត​។ ជា​រឿង​ដែល​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មិន​ខឹង​មិនបាន ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ បុល​សូ​ណា​រ៉ូ បាន​ឌឺដង​រូប​សម្រស់​លោកស្រី Brigitte Macron ដែលមាន​វ័យ​ចំណាស់​ជាង​ស្វាមី​របស់ខ្លួន​ដល់​ទៅ​២៨​ឆ្នាំ​។​
 
​ពីដំបូង នៅ​ថ្ងៃទី​២៥ ខែសីហា អ្នកគាំទ្រ​លោក បុល​សូ​ណា​រ៉ូ ម្នាក់ បាន​បង្ហោះ​រូបថត​លោកស្រី Brigitte លើ​បណ្ដាញ​សង្គម Facebook ហើយ​ប្រដូច​ទៅនឹង​លោកស្រី Michelle Bolsonaro ភរិយា​លោក បុល​សូ​ណា​រ៉ូ ដែលមាន​រូបរាង​ស្អាត​ជាង ដោយ​អម​ប្រយោគ​មួយ​ឃ្លា​ថា​៖ «​ឥឡូវ​អ្នកដឹង​ហើយ ហេតុ​បានជា​លោក ម៉ា​ក្រុង បំពារបំពាន​លោក បុល​សូ​ណា​រ៉ូ ។ លោក បុល​សូ​ណា​រ៉ូ ក៏​ចូលទៅ​តប​ក្នុង Comment ដោយ​សំដៅ​លោក ម៉ា​ក្រុង ថា​៖ «​កុំ​បំបាក់មុខ​បុរស​នេះ ហាហា​។​»  
 
​សម្ដី​មួយ​ម៉ាត់​នេះ ធ្វើ​ឲ្យ​លោក ម៉ា​ក្រុង ឆេះដុំ​យ៉ាងខ្លាំង​។ ប្រធានាធិបតី​បារាំង​រូបនេះ ចាត់ទុក​សម្ដី​បែប​មាក់ងាយ​ភរិយា​របស់លោក ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​សម្រាប់​លោក បុល​សូ​ណា​រ៉ូ ផ្ទាល់ និង​ប្រជាជន​ប្រេ​ស៊ី​ល​ទាំងមូល​ផងដែរ​។ នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៦ ខែសីហា លោក ម៉ា​ក្រុង អះអាងថា ស្ត្រី​ប្រេ​ស៊ី​ល ក៏​នឹងមាន​អារម្មណ៍​អៀនខ្មាស់​ដែរ​នៅពេល​អាន​ប្រយោគ​ខាងលើ​របស់​ប្រធានាធិបតី​ខ្លួន ហើយ​ប្រជាជន​ប្រេ​ស៊ី​ល​ឯទៀត ក៏មាន​អារម្មណ៍​បែប​នោះដែរ​។​
 
«​ហើយ​ដូចដែល​ខ្ញុំ​ចង់​មាន​អារម្មណ៍​មិត្តភាព និង​ការគោរព​ចំពោះ​ប្រជាជន​ប្រេ​ស៊ី​ល​នោះ ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹងមាន​ប្រធានាធិបតី​ដែលមាន​អាកប្បកិរិយា​ល្អ​នៅពេល​ឆាប់ៗ​។​» នេះ​ជាស​ម្ដី​ដែល​ពោរពេញ​ដោយ​ការមិន​ពេញចិត្ត​របស់លោក ម៉ា​ក្រុង ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែលមាន​វ័យ​៣៧​ឆ្នាំ​ប៉ុណ្ណោះ​។ 
 
​រឿង​ផ្ទាល់ខ្លួន​របស់លោក ម៉ា​ក្រុង ក្លាយជា​កម្មវត្ថុ​នៃ​ការមិន​ត្រូវ​គ្នា​រវាង​បារាំង និង​ប្រេ​ស៊ី​ល​ដែល​កំពុង​មើលមុខ​គ្នា​មិនត្រូវ​ដោយសារ​ភ្លើង​ឆេះ​ពៃ​អា​ម៉ា​ហ្សូ​ន​។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក៏​កាន់តែ​យ៉ាប់យ៉ឺន នៅពេល​លោក បុល​សូ​ណា​រ៉ូ បដិសេធ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​បារាំង  Jean-Yves Le Drian នៅ​ដើមខែ​នេះ​។ បើតាម​លោក ម៉ា​ក្រុង លោក បុល​សូ​ណា​រ៉ូ អះអាងថា មាន​ជំនួប​បន្ទាន់ ទើប​មិនបាន​ជួប​លោក Le Drian តែ​ធាតុពិត​ទៅ​កាត់សក់​ទៅវិញ​៕   
 

Tag:
 ​បារាំង​
  ប្រេ​ស៊ី​ល​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  ជែ បុល​សូ​ណា​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com