ជាតិ
ចិន​ចេញមុខ​ការពារ​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៅក្នុង​វេទិកា​នយោបាយ​ការទូត​អាមេរិក​
27, Aug 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖​ ទង់ជាតិអាមេរិកនិងចិនត្រូវបានដាក់តាំងក្បែរគ្នា នៅមហោស្រពពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅចិន នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបឯកសារ៖​ ទង់ជាតិអាមេរិកនិងចិនត្រូវបានដាក់តាំងក្បែរគ្នា នៅមហោស្រពពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅចិន នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយ: VOA
​ភ្នំពេញ ៖ លោក Wang Dexin មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​នយោបាយ​នៃ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រើ​បាឋកថា​មួយ​នៅ​រាជធានី​ភ្នំពេញ​ស្តីពី «​ទំនាក់ទំនង​សហរដ្ឋអាមេរិក​និង​អាស៊ីអាគ្នេយ៍​» ដើម្បី​ជា​វេទិកា​បង្ហាញ​សារ​ថា ប្រទេស​ចិន​គ្មាន​បំណង​បង្ក​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​នយោបាយ​នៅក្នុង​ប្រទេស​ណាមួយ​នោះទេ​។​

 


លោក​ Wang Dexin ​នាយក​ផ្នែកកិច្ចការ​នយោបាយ​នៅស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ ចូលរួមបាឋកថា​ ស្តីពី​ទំនាក់​ទំនង​សហរដ្ឋអាមេរិក​ និងអាស៊ីអាគ្នេយ៍​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​ ២៦ ខែសីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)

​ការអធិប្បាយ​របស់លោក Wang Dexin នាយក​ផ្នែក​កិច្ចការ​នយោបាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ធ្វើឡើង បន្ទាប់ពី​លោក John Brandon នាយក​ជាន់ខ្ពស់​កម្មវិធី​ទំនាក់ទំនង​អន្តរជាតិ​របស់​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) បានធ្វើ​អធិប្បាយ​ក្នុងពេល​ផ្តល់​បាឋកថា​នោះ​ថា អាស៊ីអាគ្នេយ៍​គួរ​ឈរ​នៅ​កណ្តាល​ក្នុងការ​ទាក់ទង​ជាមួយ​ចិន​និង​សហរដ្ឋអាមេរិក​។​
 
​ថ្លែង​ក្នុង​ម៉ោង​សំណួរចម្លើយ​បន្ទាប់ពី​ការបិទ​បញ្ចប់​បាឋកថា​របស់ John Brandon លោក Wang អះអាងថា ប្រទេស​ក្នុង​តំបន់​អាស៊ី​មាន​វប្បធម៌​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណាមួយ​ឡើយ​។ លោក​ក៏បាន​សង្កត់ធ្ងន់ថា ចិន​គ្មាន​បំណង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​នយោបាយ​ក្នុងប្រទេស​ដទៃ​ឡើយ ដែល​ខុសគ្នា​ពី​វប្បធម៌​នៃ​ប្រទេស​លោកខាងលិច​មួយចំនួន​ដែល​បានធ្វើ​។​
 
«​យើង​ជឿជាក់ថា វប្បធម៌​អាស៊ី​គឺ​ខុសពី​វប្បធម៌​លោកខាងលិច ហើយ​ប្រទេស​នីមួយៗ មាន​សិទ្ធិ​ជ្រើសរើស​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង​»​។​
 
​ដំណាលគ្នា​នឹង​ពេល​លោក Wang ប្រតិកម្ម​លើកឡើង​ពី​ការផ្លាស់ប្តូរ​របប​នយោបាយ​នេះ លោក John បាន​ប្រតិកម្ម​ភ្លាមៗ​ថា លោក​មិនបាន​និយាយ​លើកឡើង​អំពី​បញ្ហា​[​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​]​នេះ​ក្នុង​បាឋកថា​របស់លោក​ទេ​។​


លោក​ John Brandon នាយក​ជាន់ខ្ពស់​កម្មវិធី​ទំនាក់​ទំនង​អន្តរជាតិ​របស់​អង្គការ​មូលនិធិ​អាស៊ី​ ផ្តល់បាឋកថា​ ស្តីពី​ទំនាក់​ទំនង​សហរដ្ឋអាមេរិក​ និងអាស៊ីអាគ្នេយ៍​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​ ២៦ ខែសីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)
 
​នៅពេល​លោក John Brandon កំពុងផ្តល់​បាឋកថា​លើ​ទំនាក់ទំនង​សហរដ្ឋអាមេរិក និង​អាស៊ី​អាគេ្នយ៍​នោះ អ្នកជំនាញ​ខាង​ទំនាក់ទំនង​អន្តរជាតិ​របស់​អង្គការ​មូលនិធិ​អាស៊ី​រូបនេះ​បាន​កត់សម្គាល់ថា ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​អាមេរិក​គឺជា​គន្លឹះ​សំខាន់​នៃ​ភាព​ចម្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​បញ្ជាក់ទៀតថា ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​មិនអាច​ភ្ជាប់​ខ្លួន​ជាមួយនឹង​មហាអំណាច​មួយ​ប្រឆាំងនឹង​មហាអំណាច​មួយទៀត​ឡើយ​។​
 
​លោក John Brandon ថ្លែងថា​៖
 
«​អាស៊ាន​នឹងមិន​សម្រប​តាម​អាមេរិក​ដើម្បី​ប្រឆាំងនឹង​ចិន​ទេ ហើយ​អាស៊ាន​ក៏​នឹងមិន​សម្រប​តាម​ចិន​ប្រឆាំងនឹង​អាមេរិក​នោះដែរ​។ អាស៊ាន​មានគំនិត​ផ្តួចផ្តើម​របស់ខ្លួន​ឯង ទាំង​ការទូត​និង​វប្បធម៌ ហើយ​គួរតែ​និង​មិនត្រូវ​បោះបង់ចោល​អធិបតេយ្យរ​បស់​ខ្លួន​ដែរ​»​។​
 
​ការវាយប្រហារ​របស់​លោក Wang Dexin នាយក​ផ្នែក​កិច្ចការ​នយោបាយ​របស់​ស្ថានទូត​ចិន​ទៅលើ​ប្រទេស​ដែលមាន​ចេតនា​បង្ក​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​នយោបាយ​ក្នុងប្រទេស​ដទៃ​នោះ​កើតមានឡើង បន្ទាប់ពី​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា បាន​វាយប្រហារ​សហរដ្ឋអាមេរិក​ដោយ​ប្រើ​សម្តី​ធ្ងន់ៗ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ការតវ៉ា​ដ៏​ជ្រួលច្របល់​នៅ​ទីក្រុង​ហុងកុង​។​
 
​កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក​ក៏​ធ្លាប់បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែរ ដោយបាន​សហការ​ជាមួយ​ក្រុមប្រឆាំង​ដើម្បី​បង្កើត​ចលនា​«​បដិវត្តន៍​ពណ៌​» និង​មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​។​
 
​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បដិសេធ​មិន​ផ្តល់​ការអធិប្បាយ​ណាមួយ​ទៅលើ​ពាក្យសម្តី​វាយប្រហារ​ខ្លាំងៗ​របស់​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា​នោះទេ​។​
 
​លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​និង​ជា​អ្នកវិភាគ​កិច្ចការ​តំបន់ យល់ស្រប​ចំពោះ​ការលើកឡើង​របស់លោក John Brandon ដែលថា ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​អាមេរិក​អាច​កសាង​នូវ​វិបុលភាព​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​ដោយឡែក លោក​បានចាត់ទុក​អធិប្បាយ​របស់ លោក Wang Dexin ក្នុង​ចំណុច​នៃ​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណាមួយ​នោះ ថា ជា​សារ​ព្រមាន​ទៅកាន់​សហរដ្ឋអាមេរិក មិន​ឲ្យ​លូកដៃ​ចូលក្នុង​ភាពច្របូកច្របល់ ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​របស់​ចិន​។​
 
«​ហ្នឹង​គឺជា​សញ្ញា​បញ្ជាក់ថា ព្រមាន​ក៏​អាច​ថា​បាន ការព្រមាន​ដល់​សហរដ្ឋអាមេរិក​ដែរ កុំ​លូកដៃ​ចូល នៅក្នុង​បញ្ហា​ហុងកុង ដើម្បី​ធ្វើការ មានការ​ផ្លាស់ប្តូរ​រប​ប​ឬក៏​លូកដៃ​ចូល​នៅក្នុង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ផ្សេងទៀត​»​។​
 
​ការចេញមុខ​របស់​ម​ន្ត្រី​នយោបាយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មក​បកស្រាយ​ក្នុង​វេទិកាសាធារណៈ​អំពី​គោលនយោបាយ​របស់​ប្រទេស​ចិន​បែបនេះ​គឺជា​រឿង​ដ៏​កម្រ​មួយ​។ ក៏ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ចិន​ដែល​ទើបតែ​ចូលកាន់​តំណែង លោក Wang Wentian ជារឿយៗ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​កមក​វាយប្រហារ​សហរ​ដ្ឋ​អាមេរិក ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​នយោបាយ​។​
 
​ចុងក្រោយ​នេះ លោក Wang បាន​ចោទ​សហរដ្ឋអាមេរិក​ចំៗ​ថា «​ជា​តួអង្គ​មិនល្អ​និង​កំពុង​ដើរតួ​ក្នុងស្ថានភាព​ចលាចល​ទីក្រុង ហុង​កុ​ង‍​»​។ ឯកអគ្គរដ្ឋទូត​ចិន​ដដែល​បាន​ភ្ជាប់​សហរដ្ឋអាមេរិក​ទៅនឹង​ចលនា​បដិវត្តន៍​ពណ៌ ដែល​បាន​កើតឡើង​នៅ​អឺរ៉ុប​ខាងកើត អាស៊ី​កណ្តាល ព្រមទាំង​ក្នុង​បណ្តា​ប្រទេស​មួយចំនួន​នៅ​ទ្វីបអាហ្វ្រិក​៕

© រក្សាសិទ្ធិដោយ thmeythmey.com