ជាតិ
ភាពយន្ត​ខ្លី​៦​រឿង​នឹង​ប្រកួតប្រជែង​យកពាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​
27, Aug 2019 , 11:50 am        
រូបភាព
​ភ្នំពេញ​៖ ភាពយន្ត​ខ្លី​ចំនួន​៦​រឿង បាន​ជាប់​ក្នុង​ជម្រើស​ដើម្បី​ប្រកួត​ប្រ​ជែក​យក​ពានរង្វាន់​ពី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៨​ក្នុង​ឆ្នាំ​២០១៩​នេះ​។ មហោស្រព​ភាពយន្ត​ចតុមុខ​(CSFF) លើក​ទី​៨​នេះ រៀបចំ​ដោយ​ក្រុម​ភាពយន្ត​ផ្កាឈូករ័ត្ន (Sunflower Film Alliance ហៅ​កាត់​ថា SFA)​។


 
​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) បានជ្រើសរើស​ភាពយន្ត​ខ្លី​ក្នុងស្រុក​ចំនួន​១២​ចំណងជើង ដែលមាន​ភាពលេច​ធ្លោ​សម្រាប់​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ឆ្នាំ​ទី​៨​របស់ខ្លួន ក្នុង​១២​រឿង​នោះ មាន​ភាពយន្ត​ខ្លី​៦​រឿង ជាប់​ក្នុង​ជម្រើស​ដើម្បី​ប្រកួតប្រជែង​យក​ពានរង្វាន់​។​
 
​ភាពយន្ត​ខ្លី​ទាំង​៦​រឿង​ដែល​ជាប់​ក្នុង​ជម្រើស​ដើម្បី​ប្រកួត​ប្រ​ជែក​យក​ពានរង្វាន់​រួមមាន ១“​ខ្សែ​ទ្រ​” ដឹកនាំ​រឿង​ដោយ វង្ស បញ្ញា​វ័​ន្ត​។ ទី​២“​ព្រោះ​បង​ស្រឡាញ់​អូន​ជាង​” ដឹកនាំ​រឿង​ដោយ ចាន់ ស៊ី​ណេ​ត​។ ទី​៣ “​ផ្ទះបាយ​” ដឹកនាំ​រឿង​ដោយ ឯក សា​ម៉ី​ឌី​។ ទី​៤ “​អ្នករាំ​របាំ​” ដឹកនាំ​រឿង​ដោយ សេង ធី​។ ទី​៥ “​អ្នក​លាបថ្នាំ​” ដឹកនាំ​រឿង​ដោយ ស៊ិន ចន្ថា​។ និង​ទី​៦”​មុន​មេឃ​ភ្លៀង​” ដឹកនាំ​រឿង​ដោយ នេ​ត ឥន្ទ​ន​រា​សុ​ទ្ធី​ដ្ឋេ​ព​។ 
 
​សម្រាប់​ជ័យលាភី​យ៉ាងហោចណាស់ ត្រូវ​បែង​ចែកជា​៤​ប្រភេទ គឺ​ទី​១ ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា ទី​២ ភាពយន្ត​ខ្លី​ឆ្នើម​បន្ទាប់​របស់​កម្ពុជា ទី​៣ រង្វាន់​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​ក្នុងស្រុក និង​ទី​៤ រង្វាន់​ទស្សនិកជន ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ​។​
 
​ចំណែក​ភាពយន្ត​ខ្លី​ចំនួន​៦​រឿង​ផ្សេងទៀត ដែល​ជាប់​ក្នុង​ជម្រើស​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ដែរនោះ មានដូចជា​ទី​១​រឿង ”​គម្រោង​៖​ស៊ើបអង្កេត​” ដឹកនាំ​រឿង​ដោយ លី ពៅ​។ ទី​២​រឿង ”​ដំណក់ឈាម​” ដឹកនាំ​រឿង​ដោយ ទេព បញ្ចរង្គ​។ ទី​៣​រឿង “​រត់គេច​” ដឹកនាំ​រឿង​ដោយ អ៊ុក ច័ន្ទ​បូ​ផៃ​។ ទី​៤​រឿង “​សុភមង្គល​” ដឹកនាំ​រឿង​ដោយ ឌុ​ច ផ្លែ​ក​កន្និដ្ឋា​។ ទី​៥​រឿង “​អ្នកណា​” ដឹកនាំ​រឿង​ដោយ សួន គីម​សេង និង​ទី​៦​រឿង “​ជំងឺផ្លូវចិត្ត​” ដឹកនាំ​រឿង​ដោយ សុង សៀកឡេង​។ 
 
​ភាពយន្ត​ខ្លី​ទាំង​១២​រឿងនេះ នឹង​ចាក់​បញ្ចាំង​ជូន​សាធារណជន​ទស្សនា​ដោយ​មិន​គិតថ្លៃ​នៅ​សាលចតុមុខ​តែមួយគត់ ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៨​កញ្ញា​ឆ្នាំ​២០១៩​ខាងមុខនេះ​។ 
​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ភាពយន្ត​ខ្លី​ដែល​បានទទួល​ជ័យលាភី​ភាពយន្ត​ខ្លី​ឆ្នើម​គឺ​រឿង​”​ខ្យល់​ខែកុម្ភៈ​” ដែល​ដឹកនាំ​ដោយ​លោក មុន្នី កណ្ណដា​រង្គ​៕ 

Tag:
 ភាពយន្ត​
  មហោស្រព​ចតុមុខ
© រក្សាសិទ្ធិដោយ thmeythmey.com