កីឡាជាតិ
ជាតិ
​កីឡាករ ប៉ាល់ ជីវ័ន​៖ ខ្ញុំ​ជូន​មេដាយមាស​ពិភពលោក​ជូន​ជាតិ​កម្ពុជា​ទាំងមូល​!
27, Aug 2019 , 1:15 pm        
រូបភាព
កីឡាករប៉ាល់ ជីវ័ន និងលោក បួនហ៊ីង សុធីយ៉ា អគ្គ​លេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ រូបថត គី សុខលីម
កីឡាករប៉ាល់ ជីវ័ន និងលោក បួនហ៊ីង សុធីយ៉ា អគ្គ​លេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ រូបថត គី សុខលីម
​ប៊ុលហ្គារី៖ កីឡាករ ប៉ាល់ ជីវ័ន បានក្លាយ​កីឡាករ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​២៥​ឆ្នាំ​នៃ​តេ​ក្វាន់​ដូ ITF កម្ពុជា បើ​គិត​ចាប់តាំងពី​បង្កើត​មក ដោយ​កីឡាករ​ឆ្នើម​រូបនេះ បាន​យកឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ (Adult Male V Degree) ពី​ព្រឹត្តិការណ៍ ITF Taekwondo World Championship នៅ​មជ្ឈមណ្ឌល​កីឡា Kolodrum ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​។​





​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ក្រោយ​ការប្រកួត ប៉ាល់ ជីវ័ន បាន​សម្តែង​ក្តីរំភើប ដែល​ខ្លួន​ក្លាយជា​កីឡាករ​ដែល​រកបាន​កំណត់​ត្រា​មិន​ធ្លាប់មាន​ពីមុន​ក្នុង​ប្រវត្តិសាស្ត្រ​តេ​ក្វាន់​ដូ ITF កម្ពុជា​។ «​ខ្ញុំ​ជូន​មេដាយមាស​ពិភពលោក​ជូន​ជាតិ​កម្ពុជា​ទាំងមូល​»​។ នេះ​ជាការ​បង្ហាញ​នូវ​អារម្មណ៍​ដ៏​រំភើប​របស់​ម្ចាស់​មេដាយមាស​រូបនេះ បន្ទាប់ពី​គេ​បានឈ្នះ​មេដាយប្រាក់​កន្លងមក​នៅ​កូរ៉េខាងជើង​។​



​ប៉ាល់ ជីវ័ន បាន​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Dorado Gabriel ហើយ​បន្ត​ទម្លាក់​កីឡាករ​ជម្រើស​បារាំង​ដើមកំណើត​វៀតណាម  Nguyen Truc នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុននឹង​ក្លាយជា​ម្ចាស់​មេដាយមាស ក្រោយ​ជ័យជម្នះ​លើ​កីឡាករ​ឆ្នើម​ព័រ​តូ​រី​កូ Datiz Luis​។​

​សម្រាប់​វិញ្ញាសា​នេះ កីឡាករ ប៉ាល់ ជីវ័ន ក្លាយជា​កីឡាករ​ដំបូង​ដែល​ដណ្តើមបាន​មេដាយមាស​សម្រាប់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ITF Taekwondo World Championship កីឡាករ​ព័រ​តូ​រី​កូ Datiz Luis បាន​មេដាយប្រាក់ រីឯ​កីឡាករ​បារាំង Nguyen Truc និង​កីឡាករ​ស៊ី​ប Zachos Grigoris បាន​មេដាយ​សំរឹទ្ធ​ស្ទួន​។​



កីឡាករ​ឆ្នើមៗ​ផ្សេងទៀត​ដែល​បាន​ធ្លាក់​ចេញ​រួមមាន កីឡាករ​អេ​ស្ប៉ា​ញ Jimenez Espana Dario Franciso កីឡាករ​អា​ហ្ស​ង់​ទីន Dorado Gabriel កីឡាករ​ហ្គ្រោ​អង់​ឡង់ Tittussen Angutinnguaq កីឡាករ​អា​ហ្ស​ង់​ទីន Rios Olivero Matias កីឡាករ​អូស្ត្រាលី Low Justin និង​កីឡាករ​អា​ហ្វ​ហ្គា​នី​ស្ថាន Shirzai Noor Mohammad​។​



​ចំពោះ​លទ្ធផល​កាលពី​ថ្ងៃទី​២៦ ខែសីហា ផងដែរ​៖

-​វិញ្ញាសា Junior Male 1 Degree៖ សុភ័ក្ត្រ ចាន់​ឧ​ត្ត​ម បាន​យកឈ្នះ​កីឡាករ​ឆែក Zachrdla Jan ប៉ុន្តែ​បាន​ចាញ់​កីឡាករ​តា​ហ្សី​គី​ស្ថាន Asadullozoda Oyatullo​។ ចំណែកឯ បួន ចាន់ ថា​រ៉ាត់ បាន​ចាញ់​កីឡាករ​អ៊ុយ​ក្រែ​ន Kliuchka Danylo​។​

-​វិញ្ញាសា Junior Female 1 Degree ៖ កីឡាការិនី ម៉ី រុក្ខ​នាថ បាន​ចាញ់​កីឡាការិនី​ឆែក Rozboudova Veronika ។​

-​វិញ្ញាសា Adult Male 1 Degree៖ កីឡាករ ឃឿន ប៊ុន​លាង បាន​យកឈ្នះ​កីឡាករ​កាណាដា Abrahamlingam Aran ប៉ុន្តែ​ចាញ់​កីឡាករ​តា​ហ្ស៊ី​គី​ស្ថាន Davlatshoev Muhammadjon​។ រីឯ​កីឡាករ ហ៊ វិចិត្រ បាន​យកឈ្នះ​កីឡាករ​មូ​សំ​ប៊ិក Munhai Izidro ឈ្នះ​កីឡាករ​បេឡា​រុស Ipatau Maksim ប៉ុន្តែ​ចាញ់​កីឡាករ​ក្រិ​ក MARINIS STYLIANOS​។​

-​វិញ្ញាសា Adult Male 3 Degree៖ កីឡាករ តាំង សៀ​ស៊ុ​ង បាន​ចាញ់​កីឡាករ​បេឡា​រុស Shestakov Denis​។​

-​វិញ្ញ​សា Silver Veteran Male V Degree៖ កីឡាករ ហ៊ឹម រី​ដា ចាញ់​កីឡាករ​អៀរ​ឡង់ McSherry Leon​។​

​ព្រឹត្តិការណ៍ ITF Taekwondo World Championships លើក​ទី​២១ ដែល​រៀបចំ​នៅ​៧​សង្វៀន​ផ្សេងគ្នា​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កីឡា Kolordum ក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី មានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​ប្រមាណ​១៥០០​នាក់ មកពី​៨៤​ប្រទេស​ផ្សេងៗ​គ្នា​៕ (រាយការណ៍បន្ថែមដោយ អ៊ឹង ចំរើន)

សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​។ 





© រក្សាសិទ្ធិដោយ thmeythmey.com