អន្តរជាតិ
មេដឹកនាំ​នៃ​ក្រុម​ប្រទេស​G7 ចេញ​សេចក្តីថ្លែងការណ៍​រួម​គាំទ្រ​ស្វ័យភាព​ហុងកុង
27, Aug 2019 , 3:02 pm        
រូបភាព
មេដឹកនាំនៃក្រុមប្រទេស G7 ជួបជុំគ្នានៅបារាំង កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ២០១៩ (AFP_
មេដឹកនាំនៃក្រុមប្រទេស G7 ជួបជុំគ្នានៅបារាំង កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ២០១៩ (AFP_
ដោយ៖​ ងួន សុភា​វ​ត្តី

​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ G7 ដែល​បានជួបជុំគ្នា​ក្នុងប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៦ ខែសីហា បានសម្រេច​គាំទ្រ​ស្វ័យភាព​របស់​ហុងកុង​ដូចដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៤ រវាង​អង់គ្លេស​និង​ចិន​។ បន្ថែម​ពី​ការគាំទ្រ ពួកគេ ក៏​អំពាវនាវ​ឲ្យ​មានការ​ថមថយ​កម្តៅ​នៅ​ទីក្រុង​ហុងកុង​នេះ​ផងដែរ​។​


​សេចក្តីថ្លែងការណ៍​រួម ដែល​បានចេញ​ផ្សាយ​ជា​ភាសា​បារាំង ក្រោយ​បញ្ចប់​កិច្ច​ជំនួប​របស់​មេដឹកនាំ G7 បាន​បញ្ជាក់ថា​៖ «​ប្រទេស G7 បញ្ជាក់​ជាថ្មី​នូវ​អាទិភាព និង​សារសំខាន់​របស់​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨៤​រវាង​អង់គ្លេស​និង​ចិន និង​ស្នើ​ឲ្យ​ចៀសវាង​ការប្រើ​អំពើហិង្សា​នៅ​ហុងកុង​»​។​
 
​ប្រាប់​ទីភ្នាកងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរីស ចនសុន បានបញ្ជាក់​ឲ្យ​ដឹងថា មេដឹកនាំ​នៃ​ចក្រភព​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​សហរដ្ឋអាមេរិក សុទ្ធតែ​លើកឡើង​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទាក់ទង​នឹង​ស្ថានភាព​នៅ​ហុងកុង​។ លោក​ក៏បាន​បន្តថា​៖ «​ប្រទេស G7 ចង់​គាំទ្រ​ហុងកុង​ដែលមាន​ស្ថិរភាព​និង​វិបុលភាព ហើយ​ពួកយើង​នៅតែ​បន្ត​គាំទ្រ​ការគ្រប់គ្រង ប្រទេស​មួយ ប្រព័ន្ធពីរ ដដែល​»​។​
 
​គួរ​រំលឹក​ឡើងវិញ​ថា ការផ្ទុះ​ការតវ៉ា​និង​ការធ្វើ​បាតុកម្ម​នៅ​ហុងកុង​នេះ​មាន​រយៈពេល​ជាង​២​ខែ​មកហើយ​។ ការផ្ទុះ​ការតវ៉ា​នេះ​កើតឡើង​ក្រោយ​មានការ​ធ្វើ​សេចក្តីព្រាងច្បាប់​បត្យាប័ន​ដែល​នឹង​អនុញ្ញាតឱ្យ​ឧក្រិដ្ឋ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​​ចិនដីគោក​ដើម្បី​​ជំនុំជម្រះ​។ 
 
​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ក្រុម​ប៉ូលីស​បាន​ប្រើ​កាណុង​បាញ់​ទឹក ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បង្ក​ហិង្សា​យ៉ាងខ្លាំង​ដល់​ក្រុមបាតុករ​។ ក្នុងការ​ប៉ះទង្គិច​នេះ ប៉ូលិស​២១​នាក់​បាន​រងរបួស ខណៈ​អ្នក​បាតុករ​ជាច្រើន​នាក់​បាន​រងរបួស និង​ខ្លះ​ត្រូវបាន​ចាប់ខ្លួន​រួមទាំង​ក្មេង​អាយុ​១២​ឆ្នាំ ពីបទ​ប្រមូលផ្តុំ​ដោយ​ខុសច្បាប់ ការកាន់កាប់​អាវុធ​និង​បំពាន​ប៉ូលីស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com