កីឡាអន្តរជាតិ
អន្តរជាតិ
សេដ្ឋីអង់គ្លេស ទិញក្លិបនៅលីគកំពូលបារាំង Nice តម្លៃ ១០៨លានដុល្លារ
× មហាសេដ្ឋីជនជាតិអង់គ្លេសលោក Sir Jim Ratcliffe បានទិញក្លិបកីឡាបាល់ទាត់ Nice នៃលីគកំពូលបារាំង Ligue 1 ក្នុងតម្លៃ ១០០លានអឺរ៉ូន (១០៨,៤១លានដុល្លារអាមេរិក)។ កិច្ចព្រមព្រៀងទិញដូរនេះបានបញ្ចប់តាំងពីសប្តាហ៍មុនម្លេះ បន្ទាប់ពីអនុម័តដោយអាជ្ញាធររៀបចំការប្រកួតលីគនៅបារាំង (FCA)។
ជាម្ចាស់ក្រុមហ៊ុន Ineos ដែលមានមូលដ្ឋាននៅក្រុងឡុងដ៏ លោក Ratcliffe ជាមហាសេដ្ឋីលំដាប់ទី៣នៅចក្រភពអង់គ្លេសដែលមានប្រាក់សរុបរហូតដល់១០,៨ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១៩នេះ។
Nice ដែលមានអ្នកចាត់ការទូទៅអតីតខ្សែបម្រើក្រុម Arsenal និងក្រុមជម្រើសជាតិបារាំងលោក Patrick Vieira នឹងក្លាយជាផ្នែកមួយរបស់ «Ineos Football»។ ក្រុមហ៊ុន Ineos ក៏ជាម្ចាស់ក្លិប Lausanne នៃលីគកីឡាបាល់ទាត់លំដាប់ទី២របស់ស្វ៊ីសផងដែរតាំងពីឆ្នាំ២០១៧។
ក្រៅពីនោះ ម្ចាស់ក្រុមហ៊ុនគីមីដ៏ធំនៅអង់គ្លេស វ័យ៦៦ឆ្នាំរូបនេះ ក៏បានទិញក្រុមប្រណាំងកង់ Team Sky កាលពីខែឧសភាកន្លងទៅ និងថែមទាំងវិនិយោគប្រាក់ចំនួន១៣៤លានដុល្លារផង ក្នុងកម្មវិធីប្រណាំងទូកក្តោង America's Cup កាលពីឆ្នាំមុន។
Nice ឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង Ligue 1 រដូវកាលនេះ ក្រោយឆ្លងកាត់ការប្រកួត២លើកឈ្នះទាំងពីរលើកមាន៦ពិន្ទុពេញ។ នៅរាត្រីថ្ងៃទី២៧ ខែសីហានេះ ពួកគេនឹងបើកទ្វារកស្វាគមន៍ Marseille សម្រាប់ជំនួបសប្តាហ៍ទី៣៕
Tag:
Nice
Sir Jim Ratcliffe
© រក្សាសិទ្ធិដោយ thmeythmey.com