ជាតិ
សង្គមជាតិ
ប្រធានរដ្ឋសភាថៃ៖ ថៃ នឹងយកចិត្តទុកដាក់លើពលករខ្មែរ
27, Aug 2019 , 9:40 pm        
រូបភាព
ជំនួបរវាងប្រធានរដ្ឋសភាកម្ពុជា​ និង ប្រធានរដ្ឋសភាថៃ
ជំនួបរវាងប្រធានរដ្ឋសភាកម្ពុជា​ និង ប្រធានរដ្ឋសភាថៃ
លោក ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ ប្រាប់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាថា រដ្ឋាភិបាលថៃ «នឹងយកចិត្តទុកលើសិទ្ធិពលករកម្ពុជា»។ នេះបើតាមតាមសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេច ហេង សំរិន។



ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ គឺធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតនៃសភាអន្តរអាស៊ាន (AIPA) លើទី៤០ ក្នុងទីបាងកក។

មុននឹងមានជំនួបទ្វេភាគីជាមួយលោក ឈួន លីកផៃ សម្តេច ហេង សំរិន បានលើកឡើងពីសិទ្ធិពលករ នៅក្នុងមហាសន្និបាតនៃសភាអន្តរអាស៊ាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ សម្តេច មានប្រសាសន៍ ក្នុងមហាសន្និបាតថា ប្រទេសក្នុងតំបន់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថាពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈ ដោយមិនរើសអើង។ ទំព័រហ្វេសប៊ុករបស់សម្តេច សរសេរដូច្នេះថា៖«សម្តេច អរគុណប្រទេសជាមិត្ត ដែលបានទទួលយកពលករកម្ពុជា ទៅបម្រើការងារក្នុងប្រទេសរបស់ខ្លួន»។

ក្នុងជំនួបទ្វេភាគី លោក ឈួន លីកផៃ ដែលធ្វើជាប្រធានសភាអន្តរអាស៊ានលើកទី៤០ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍របស់សម្តេច ហេង សំរិន ដែលជំរុញ ឲ្យមានការយកចិត្តទុកដាក់ និងលើកស្ទួយសិទ្ធិពលករចំណាកស្រុក។ ប្រធានរដ្ឋសភាថៃ និងជាប្រធានសភាអន្តរអាស៊ានរូបនេះ ចាត់ទុកប្រសាសន៍របស់ប្រធានរដ្ឋសភាកម្ពុជាថា មានសារៈសំខាន់ណាស់ ពីព្រោះជាបញ្ហារួមនៃបណ្តាប្រទេសក្នុងតំបន់។

ការបើកមហាសន្និបាតនៃសភាអន្តរអាស៊ាន គឺចាប់ផ្តើមនៅថ្ងៃទី២៦មក ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ មហាសន្និបាតនេះ មានការចូលរួមពីតំណាងសភានៃប្រទេសសមាជិកទាំង១០ក្នុងតំបន់អាស៊ាន គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និង ហ្វីលីពីន៕

Tag:
 កម្ពុជា
  ថៃ
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com