ជាតិ
កុមារ​រងគ្រោះ​ដោយ​ការរំលោភ​ផ្លូវភេទ​មានការ​កើនឡើង​
28, Aug 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ គ្រូ​បរទេស​ស្ម័គ្រ​ចិត្ត​បង្រៀន​ភាសា​អង់គ្លេស​ដល់​សិស្ស​នៃ​​ស្ថាបនិក​នៃ​សាលា​ម៉ាឌ័រហូម​ខេមបូឌៀ Mother Home Cambodia ដែល​ផ្តល់​ការ​​បង្រៀន​កុមារ​នៅ​ជន​បទ​ដោយ​មិន​យក​កម្រៃ។ (រូប​ផ្តល់​ឲ្យ)
រូបឯកសារ៖ គ្រូ​បរទេស​ស្ម័គ្រ​ចិត្ត​បង្រៀន​ភាសា​អង់គ្លេស​ដល់​សិស្ស​នៃ​​ស្ថាបនិក​នៃ​សាលា​ម៉ាឌ័រហូម​ខេមបូឌៀ Mother Home Cambodia ដែល​ផ្តល់​ការ​​បង្រៀន​កុមារ​នៅ​ជន​បទ​ដោយ​មិន​យក​កម្រៃ។ (រូប​ផ្តល់​ឲ្យ)
ដោយ: VOA
​ភ្នំពេញ ៖ កុមារ​រងគ្រោះ​ដោយសារ​ការរំលោភ​ផ្លូវភេទ​មានការ​កើនឡើង​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ដើមឆ្នាំ​២០១៩​នេះ​។ មូលហេតុ​ដោយសារ​កំណើន​នៃ​ភ្ញៀវទេសចរ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​នៅ​កម្ពុជា​។​


​អ្នកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីអំពី​កិច្ច​បង្ការ និង​ការឆ្លើយតប​នឹង​បទល្មើស​ផ្លូវភេទ​លើ​កុមារ ក្នុង​វិស័យ​ទេសចរណ៍ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​ផ្លូវភេទ​លើ​កុមារ​ចំនួន ៧៨​ករណី ដែល​កើនឡើង​ចំនួន ១៦​ករណី ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ ក្នុងនោះ​សង្គ្រោះ​ជនរងគ្រោះ​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​ចំនួន ២៦៣​នាក់​។ តួលេខ​នេះ​បង្ហាញ​ពី​ការកើនឡើង​នៃ​ជនរងគ្រោះ​ចំនួន ១៥៧​នាក់​។ ក្នុងចំណោម​នោះ ជនរងគ្រោះ​អាយុ​ក្រោម​១៥​ឆ្នាំមាន​រហូតដល់​ទៅ ៧០​នាក់​។ អ្នកស្រី ជូ ប៊ុន​អេង បន្ថែមថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩៧​នាក់ គឺ​កើន​១២​នាក់​។​

​យោងតាម អ្នកស្រី ជូ ប៊ុន​អេង ចំនួន​អ្នកទេសចរ​នៅ​កម្ពុជា​កើន​ឡើងជា​រៀងរាល់ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​ការកើនឡើង​នូវ​រូបភាព​អាសអាភាស​លើ​គេហទំព័រ​នានា គឺជា​កត្តា​ក្នុង​ការបង្កើត​ឲ្យ​មាន​អំពើ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​។​

​បើតាម​តួលេខ​របស់​ក្រសួងទេសចរណ៍​កម្ពុជា ភ្ញៀវទេសចរ​ប្រមាណ​ជា ៦​លាន​នាក់​បានមក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​។ ចំណែក​អ្នកប្រើប្រាស់​សេវា​អ៊ីនធឺណិត​មាន​រហូតដល់ ១០.៩​លាន​នាក់ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៨ ក្នុងចំណោម​ប្រជាជន​សរុប​ប្រមាណ​ជា ១៦​លាន​នាក់​។​

​អ្នកស្រី ជូ ប៊ុន​អេង កត់សម្គាល់ថា កុមារ​រងគ្រោះ​កាន់​តែមាន​អាយុ​ក្មេង​ទៅៗ​៖

«​កុមារ ឬ​ក្មេង​ដែល​តូចៗ​ហ្នឹង គ្នា​អត់​ដឹងអី​ទេ ហើយ​ឥឡូវនេះ អ្វីដែល​ជាការ​រំលោភបំពាន​ហ្នឹង ហាក់ដូចជា កាន់តែ​ស្រួចស្រាល​ទៅ គឺ​មិនមែន​ក្មេង​អាយុ​១២ ១៣ ១៤​ឆ្នាំ គឺថា ក្មេង​ហ្នឹង​វ័យ​កាន់តែ​ក្មេងៗ ហើយ​រងគ្រោះ​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ដែរ ដោយសារតែ​ភាព​ប្រព្រឹត្ត​លើ​កុមារ​កាន់តែ​សាហាវ​»​។​

​អ្នកស្រី ជូ ប៊ុន​អេង បាន​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់ ចូលរួម​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិ ជៀសវៀង​ការប្រើប្រាស់​ដើម្បី​កេងប្រវ័ញ្ច ឬ​អំពើ​មិន​សមរម្យ​ណាមួយ​ពាក់ព័ន្ធ​នឹង​ផ្លូវភេទ​កុមារ​។ អ្នកស្រី​ក៏បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ ពិសេស​អាណាព្យាបាល ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ដើម្បី​ឈានដល់​ការលុបបំបាត់​អំពើ​កេងប្រវ័ញ្ច​លើ​កុមារ​។​

​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ប្រាប់ VOA ថា កម្ពុជា​ជា​ប្រទេស​ដែល​ថ្មី​សម្រាប់​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រប​ពេលដែល​ជីវភាព និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ងាយ​រងគ្រោះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្លូវភេទ​។​

«​បញ្ហា​ទី​១ សីលធម៌​នៅក្នុង​សង្គម​យើង​គឺមាន​ការធ្លាក់ចុះ បញ្ហា​ទី​២ បញ្ហា​បច្ចេកវិទ្យា​ទំនើប​ហ្នឹង គឺ​បញ្ហា​ដែល​ចែកចាយ​វីដេអូ​អាសអាភាស​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម តាម​អន​ឡាញ​អី​ជាដើម​ហ្នឹង បញ្ហា​ទី​៣ បញ្ហា​គ្រឿងញៀន គ្រឿង​ស្រវឹង​អី​ជាដើម បញ្ហា​ទី​៤ ការអនុវត្ត​ច្បាប់​យើង​ក៏​នៅមានកម្រិត​»​។​

​លោក អំ សំអាត បន្ថែមថា រដ្ឋាភិបាល​គួរតែ​បង្កើន​កិច្ច​ការការពារ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា ពង្រឹង​ការអនុវត្ត​ច្បាប់ សហការ​ជាមួយ​អន្តរជាតិ​ក្នុងការ​ទប់ស្កាត់ និង​អប់រំ​បន្ថែម​ដល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ករណីនេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com