អន្តរជាតិ
រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ថៃ​ចាប់ផ្តើម​ពិភាក្សា​ឡើង​នូវ​សំណើ​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​
28, Aug 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​បាងកក ៖ គណៈរដ្ឋមន្ត្រី​របស់រ​ដ្ឋា​ភិ​បាល​ដែល​កាលពី​ពេលនោះ​ដឹកនាំ​ដោយ​ពួកយោធា​នៃ​ប្រទេស​ថៃ បានអនុម័ត​សេចក្តីព្រាងច្បាប់​កាលពី​ខែធ្នូ​ឆ្នាំទៅ មុនពេល​សំណើ​នោះ បាន​ត្រូវ​ជាប់គាំង​មុន​ការបោះឆ្នោត​នៅ​ខែមីនា​ដែល​បានធ្វើ​ឲ្យ​រដ្ឋាភិបាលយោធា​វិល​ទៅកាន់​អំណាច​វិញ​។​

 
​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Somsak Thepsutin បាន​និយាយ​នៅឯ​វេទិកា​មួយ​ក្នុង​ទីក្រុង​បាងកក​កាលពីពេល​ថ្មីៗ​នេះ​ថា វាសនា​របស់​សំណើ​ច្បាប់​នេះ​នឹងត្រូវ «​សម្រេច​ដោយ​មតិសាធារណ​ជ​ន‍​»​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ថៃ​។ មតិ​សាធារណជន​ហាក់ដូចជា​មានការ​គាំទ្រ​ចំពោះ​សំណើ​ច្បាប់​នេះ​។​
 
​ការស្ទង់មតិ​តាម​អ៊ីនធឺណិត​លើ​មនុស្ស​ជាង​១​ពាន់​នាក់ តាមរយៈ​ក្រុមហ៊ុន YouGov ដែល​បានចេញ​ផ្សាយ​កាលពី​ខែកុម្ភៈ​កន្លងទៅនេះ បាន​រកឃើញថា​មានការ​គាំទ្រ​ខ្លាំង ក្លា​លើ​ការរៀប​ការ​ស្របច្បាប់​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​ថៃ​។ ក្នុងនោះ មនុស្ស​ចំនួន​៦៣​ភាគរយ​គាំទ្រ​ចំពោះ​គំនិត​នេះ មនុស្ស​ចំនួន​១១​ភាគរយ​ប្រឆាំងនឹង​គំនិត​នេះ ហើយ​ក្រៅពីនេះ​សម្រេច​មិន​បញ្ចេញមតិ​អ្វី​នោះឡើយ​។​
 
​បន្ទាប់មក​នៅក្នុង​ខែមីនា ពលរដ្ឋ​ថៃ​បាន​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​ដែលជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដោយ​បើកចំហ​ចំនួន ៤ នាក់ នៅលើ​សន្លឹកឆ្នោត​របស់​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ដែលជា​គណបក្ស​គាំទ្រ​នយោបាយ​កែទម្រង់​។​
 
​លោក Tunyawaj Kamolwongwat ដែលជា​អ្នកតំណាងរាស្ត្រ​ម្នាក់​ក្នុងចំណោម​នោះ បាន​លើកឡើងថា ការកើនឡើង​នូវ​ការផ្សព្វផ្សាយ​អំពី​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​បញ្ហា​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​នៅក្នុង​ប្រទេស​ថៃ​ផ្លាស់ប្ដូរ​ការគិត​របស់​ពួកគេ​។​
 
​លោក Tunyawaj ដែល​ហៅ​ខ្លួនឯង​ថា​ជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នោះ បាន​និយាយថា​៖ «​មនុស្ស​ភាគច្រើន​នៅក្នុង​សង្គម​របស់​យើង​និយាយ​អំពី​រឿងនេះ ដូច្នេះ​ពួកគេ​ត្រូវ​គិត​អំពី​រឿងនេះ​។ មុននឹង​មានការ​ផ្សព្វផ្សាយ​អំពី​រឿងនេះ ពួកគេ​ជឿ​តែ​លើ​តួនាទី​ទ្វេភាគ គឺ​បុរស និង​ស្ត្រី ឬក៏​ត្រូវ និង​ខុស​តែប៉ុណ្ណោះ​។ ប៉ុន្តែ ឥឡូវនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត​និយាយ​អំពី​រឿងនេះ ដូច្នេះ ខ្ញុំ​ជឿថា ពួកគេ​នឹង​ផ្លាស់ប្ដូរ​គំនិត​ន‍េះ​»​។​
 
​លោក​បាន​និយាយថា មិត្ត​ភ័ក្ដិ​របស់លោក​ដែលជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដែល​ឪពុកម្ដាយ និង​អ្នក​ព្យាបាល​ពួកគេ​ធ្លាប់​ព្យាយាម​ដាក់​សម្ពាធ​លើ​ពួកគេ​ឲ្យ​ធ្វើជា​មនុស្ស «​ធម្ម​ត‍ា​» បាន​យល់ និង​ព្រម​ទទួលយក​អ្វី​ដែលជា​លក្ខណៈ​របស់​ពួកគេ​។ លោក​បាន​បញ្ជាក់ថា​៖ «​រឿងនេះ​មិន​ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហា​បន្តទៀត​នោះ​ទ‍េ​»​។​
 
​ប៉ុន្តែ លោក និង​អ្នកតស៊ូ​មតិ​ដទៃទៀត​និយាយថា ការទទួល​យកបានរ​បស់​អ្នក​ទាំងនោះ​នៅក្នុង​ប្រទេស​ថៃ ដែល​គេ​ហៅថា​ជា «​ទឹកដី​នៃ​ស្នាម​ញ​ញឹ​ម‍​» នេះ គឺមាន​លក្ខណៈ​សើៗ​នៅឡើយ​។​
 
​លោក Pongphorn Chanlearn ដែលជា​បុរស​ស្រលាញ់​ភេទ​ដូចគ្នា​ម្នាក់ បាន​និយាយថា​៖ «​គេ​និយាយថា ប្រទេស​ថៃ​គឺ​ដូចជា​ឋានសួគ៌​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​អញ្ចឹង​។ ប៉ុន្តែ សម្រាប់​ខ្ញុំ ខ្ញុំ​ឆ្ងល់​ថា​តើ​វា​ជា​ឋានសួគ៌​ឬក៏​ជា​ឋាននរក​? យើង​ប្រឈម​នឹង​ការ​មាក់ងាយ និង​ការរើសអើង​ជាច្រើន​នៅក្នុង​សង្គម​ថៃ ប៉ុន្តែ​មិនមែន​ធ្វើឡើង​នៅក្នុង​កន្លែង​សាធារណៈ​នោះ​ទ‍េ​»​។​
 
​ទាំង​លោក Tunyawaj ជា​អ្នក​ផលិត​ខ្សែភាពយន្ត​និង​លោក Pongphorn អតីត​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ បាន​ជឿជាក់ថា អត្តសញ្ញាណ​ខាង​ផ្លូវភេទ​របស់​អ្នក​ទាំង​២​បានធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ការងារ​និង​ការដំឡើងឋានៈ​។​
 
​សេចក្តីព្រាងច្បាប់​នោះ នឹង​អនុញ្ញាត​ឲ្យ​គូស្រករ​ស្រឡាញ់​ភេទ​ដូចគ្នា​កាន់កាប់​ទ្រព្យសម្បត្តិ​និង​បំណុល​រួមគ្នា​ហើយ​និង​ផ្តល់​និង​ទទួល​កេរ្តិ៍មរតក​។ សេចក្តីព្រាងច្បាប់​នោះ ក៏​នឹង​អនុញ្ញាត​ឲ្យ​ដៃគូ​នានា​ធ្វើជា​អាណាព្យាបាល​ស្របច្បាប់​បានដែរ ប្រសិនបើ នរណាម្នាក់​ត្រូវបាន​គេ​សន្មត​ថា អសមត្ថភាព​។​
 
​ក៏ប៉ុន្តែ លោក Tunyawaj និង​សកម្មជន​ផ្សេងទៀត ជំទាស់​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​នោះ ពី​ព្រោះតែ​អ្វីដែល​សេចក្តីព្រាងច្បាប់​នោះ មិនបាន​ផ្តល់​ឲ្យ គឺ សិទ្ធិ​រៀបការ​ពេញលេញ រួមមាន​សិទ្ធិ​យក​កូនចិញ្ចឹម​រួមគ្នា​។​
 
​លោក Pongphorn ជានា​យក​នៃ​ក្រុម​សិទ្ធិមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​របស់​អង្គការ Mplus និយាយថា «​ប្រសិនបើ យើង រំ​ឮ​ក​ឡើងវិញ​ពី​សំណើ​ច្បាប់​នៅពេល​បច្ចុប្បន្ននេះ វា​មិន​បានធ្វើ​ឲ្យ​យើង​ជឿនលឿន​ទេ​។ សេចក្តីព្រាងច្បាប់​នោះ ព្យាយាម​ត្រួតត្រា​និង​ចាត់ចែង​មនុស្ស​ស្រឡាញ់​ភេទ​គ្នា​ជាជាង​បើកចំហ​សេរីភាព​នៃ​ការ​រៀបការ​»​។​
 
​លោក និយាយទៀតថា «​សេចក្តីព្រាងច្បាប់​ចុងក្រោយ បំបែក​យើង​ចេញពី​និន្នាការ​នេះហើយ​មិន​គាំទ្រ​យើង​ឲ្យ​មាន​ភាពស្មើគ្នា​នោះទេ​»​។​
 
​ផ្ទុយទៅវិញ ពួកគេ​ចង់​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​រប​ស់​ថៃ ដែល​សេចក្តីព្រាងច្បាប់​ភាពជា​ដៃគូ​ក្នុង​ជីវិត មិនបាន​ទទួលស្គាល់​ការ​រៀបការ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​ទទួលស្គាល់​តែ​ការ​រៀបការ​រវាង​បុរស​និង​ស្ត្រី​តែប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com