កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឲ្យ Sanchez ទៅ Inter ខ្ចីជើង តែអស់ប្រាក់ឈ្នួលជាងពាក់កណ្តាលដដែល
× Manchester United បានឲ្យខ្សែបម្រើ Alexis Sanchez ទៅ Inter Milan ខ្ចីជើងរយៈពេលមួយឆ្នាំ។ ការធ្វើបែបនេះ គឺ Man Utd ចង់កាត់បន្ថយការចំណាយខ្លះ និងអាចផ្តល់ឱកាសឲ្យកីឡាករក្មេងៗបង្ហាញខ្លួនបានច្រើន ដ្បិតកីឡាករសញ្ជាតិស៊ីលីរូបនេះមានប្រាក់ឈ្នួលខ្ពស់តែលេងមិនសូវបានល្អ។
កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យអ្នកចាត់ការទូទៅលោក Antonio Conte អាចយក Sanchez ទៅចូលរួមជាមួយអតីតមិត្តរួមក្រុមចាស់ខ្សែប្រយុទ្ធ Romelu Lukaku នៅទឹកដីអ៊ីលីវិញ បន្ទាប់ពី Inter បានទិញយករូបគេពី Man Utd ក្នុងតម្លៃ៩០លានដុល្លារ។
តាមពិតទៅក្រុមបិសាចក្រហមបានផ្តល់លក្ខខណ្ឌទិញផ្តាច់សម្រាប់ Sanchez ផងដែរក្រោយខ្ចីមួយឆ្នាំ ប៉ុន្តែ Inter មិនទទួលយកសំណើនេះទេ។
អតីតសមាជិកក្រុម Barcelona និង Arsenal វ័យ៣០ឆ្នាំរូបនេះ ជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Premier League ពោលគឺបានពី Man United ប្រហែល ៤៩ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។ យ៉ាងណាក៏ដោយ តួលេខនេះមិនមែនជាតម្លៃប្រាក់ឈ្នួលដែលក្រុមពីអ៊ីតាលីត្រូវផ្តល់ឲ្យទាំងអស់នោះទេ។
បើតាមការផ្សាយរបស់ BBC ក្រុម Inter បានយល់ព្រមបង់ប្រាក់ឈ្នួលឲ្យ Sanchez តែជាង១៨ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយអាទិត្យសម្រាប់កិច្ចសន្យាខ្ចីជើងមួយឆ្នាំ ហើយសល់ប៉ុន្មាន Man Utd ជាអ្នកបង់បន្ថែម។
Sanchez ដែលចំណាយពេល១៩ខែនៅ Old Trafford ក្រោយចាកចេញពីកាំភ្លើងធំនៅខែមករា ឆ្នាំ២០១៨ រកបានតែ៥គ្រាប់ ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៤៥ប្រកួតឲ្យ Man Utd។ ការសម្រេសឲ្យ Sanchez ទៅ inter នេះ អ្នកចាត់ការទូទៅ Ole Gunnar Solskjaer ចង់ឲ្យកីឡាករក្មេងៗដូចជា Mason Greenwood អាចបង្ហាញខ្លួនបានច្រើននៅរដូវកាលនេះ ព្រមទាំងអាចសល់លុយខ្លះលើការចំណាយប្រាក់ឈ្នួល៕
Tag:
Alexis Sanchez
Manchester United
Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com