ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីការពារជាតិ៖ ក្រុមជ្រុលនិយម កុំរំខានភាពសុខសាន្តរបស់ពលរដ្ឋ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់
× សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់ទៅក្រុមជ្រុលនិយម ដែលទំនងជាចង់សំលើក្រុមប្រឆាំង ថា បើមិនបានចូលរួមជួយសង្គ្រោះប្រទេសក្នុងសម័យសង្គ្រាមទេ «សូមកុំរំខានដល់ភាពសុខសានរបស់ប្រជាពលរដ្ឋក្នុងគ្រាសន្តិភាព»។ សាររបស់រដ្ឋមន្ត្រីការពារ គឺបង្ហោះលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។
សម្តេចរដ្ឋមន្ត្រី បានលើកសុភាពសិតខ្មែរមួយឃ្លា មកដាស់តឿនក្រុមមនុស្សទាំងនោះថា បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក។ សម្តេច សរសេរដូច្នេះថា៖«ខ្ញុំសង្ឃឹមថា ជនជ្រុលនិយមមួយក្តាប់តូច អាចនឹងយល់អំពីតម្លៃសន្តិភាព និងការអភិវឌ្ឍដែលយើងទទួលបានយ៉ាងលំបាក ហើយបញ្ឈប់នូវរាល់សកម្មភាពរំខាន ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន»។
ថ្មីៗនេះ ស្ថាប័ននគរបាលនិងស្ថាប័នយោធា បានប្រជុំរួមគ្នា អំពីការចាត់វិធានការលើក្រុមរបស់លោក សម រង្ស៊ី ពេលពួកគេ ត្រឡប់មកដល់កម្ពុជា។ ស្ថាប័នកងប្រដាប់អាវុធទាំងពីរនេះ សម្រេចប្រើកម្លាំងរួមគ្នា ដោយនឹងដាក់ពង្រាយនៅតាមច្រកព្រំដែននានា ដើម្បីត្រៀមចាប់ក្រុមអ្នកប្រឆាំងទាំងនោះ។
លោក សម រង្ស៊ី និង បក្សពួក ដែលរដ្ឋាភិបាលនិងបក្សកាន់អំណាច តែងហៅថាជាក្រុមជ្រុលនិយមឬជាក្រុមឧទ្ទាម ប្រកាសធ្វើមាតុភូមិនិវិត្តនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំថ្ងៃបុណ្យឯករាជ្យ។
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនិងជាប្រធានបក្សកាន់អំណាច បានតែងបទទទាយំឆ្លងលើកទីបី ដើម្បីបញ្ឈឺលោក សម រង្ស៊ី។ បទទីបី ដែលមានលំនាំដូចបទមុនៗដែរនោះ គឺបង្កប់ន័យពន្យុះលោក សម រង្ស៊ី ឲ្យចូលស្រុកតាមការសន្យា ដោយមានសរសេរឃ្លាថា គុកកំពុងរង់ចាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com