ក្រសួង​ហាមជន​​បរទេស​ប្រក​បរបរ ម៉ាស្សា កាត់សក់ កាត់ដេរ ជួសជុល​យានយន្ត​...
ជាតិ
សេដ្ឋកិច្ច
ក្រសួង​ហាមជន​​បរទេស​ប្រក​បរបរ ម៉ាស្សា កាត់សក់ កាត់ដេរ ជួសជុល​យានយន្ត​...
28, Aug 2019 , 2:06 pm        
រូបភាព
របរមួយចំនួន​ដែល​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហាមជន​បរទេសធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។ រូបថត AFP, Thmey Thmey និង ADB
របរមួយចំនួន​ដែល​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហាមជន​បរទេសធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។ រូបថត AFP, Thmey Thmey និង ADB
ភ្នំពេញ​៖ ក្រសួង​ការងារ នៅ​ថ្ងៃទី​២៨​ខែសីហា​នេះ បានចេញ​ប្រកាស​មួយ​ដែល​កំណត់​ប្រភេទ​មុខរបរ និង​ការងារ​ដែល​ត្រូវ​ហាមឃាត់​ចំពោះ​ជនបរទេស​។



​បើតាម​ប្រកាស​ខាងលើនេះ ជនបរទេស ត្រូវបាន​ហាមឃាត់​ប្រកបមុខរបរ ឬ​អាជីវកម្ម​តូចៗ​មួយចំនួន​។ មុខរបរ​ទាំងនោះ​រួមមាន​៖  ១.​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម​មាន​ជាអាទិ៍ អ្នកបើក​ទោចក្រយានយន្ត អ្នកបើក​ត្រីចក្រយានយន្ត អ្នក​បើ​ទោចក្រយានយន្ត​សណ្តោង​រុ​ឺ​ម៉ក អ្នកបើក​ម៉ូតូ​កង់​បួន អ្នកបើករថយន្ត​ដឹក​អ្នកដំណើរ និង​ទំនិញ​ ២. អ្នកលក់ដូ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​ទីសាធារណៈ​ ៣. អ្នក​ម៉ាស្សា ចាប់​ស​សៃ​តាម​ទីសាធារណៈ​ ៤. អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស​ ៥. អ្នកផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង​ ៦. អ្នក​កាត់ដេរ​ ៧. អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត​ ៨. អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​ ៩.​អ្នក​ផលិត​ឩ​បក​រណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធរូប​
និង ១០. ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​។

​ក្រសួងបញ្ជាក់ថា មុខរបរដែលហាមឃាត់ខាងលើត្រូវតែជាសកម្មភាពស្វ័យនិយោជន៍។ ក្រសួងពន្យល់ពាក្យ«បុគ្គលស្វ័យនិយោជន៍»ថាជាជនប្រកបរការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្ដល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ។ 

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យដឹងថា ក្រសួង​នឹងមិន​ផ្ដល់ ឬ​បន្ត​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ដល់​ជនបរទេស​ដែល​កំពុង​ប្រកបមុខរបរ និង​ការងារ​ដូច​កំណត់​ខាងលើ​នេះឡើយ​។

​ជនបរទេស​ដែល​បំពាន​បម្រាម​នេះ នឹងត្រូវ​ផាកពិន័យ​។ ក្រសួង​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ជន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ប្រកាស​នេះ ត្រូវ​ពិន័យ​ជា​ប្រាក់ និង​ផ្ដន្ទាទោស តាម​បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​»។
 
គួរ​បញ្ជាក់ថា មុន​ចេញប្រកាស​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ប្រាប់​អ្នកកាសែត មួយខែ​មុននេះ ពោលគឺ​ខែកក្កដា ថា ក្រសួង​នឹង​ហាម​ជនបរទេស​ប្រកបមុខរបរ​អាជីវក​ម្ម​ក្រៅ​ប្រព័ន្ធ​តូចៗ ដែល​ប៉ះពាល់​មុខរបរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​ខ្មែរ​។ ហើយ​វិធានការ​នេះ​ត្រូវបាន​សង្គម​ស៊ីវិល​សាទរ​។  លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ  ស្វាគមន៍​វិធានការ​នេះ តែ​លោក​ជំរុញ​ឲ្យ​បង្កើត​យន្តការ​អនុវត្ត​ច្បាស់លាស់​។ លោក​ថ្លែង​យ៉ាងដូច​នេះ​ថា​៖«​ពេល​ប្រកាស​នោះ​ចេញមក សូម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ មាន​យន្តការ​ច្បាស់លាស់ បើ​មានតែ​ប្រកាស​ហើយ​អត់​យន្តការ​អនុវត្ត គឺជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​»៕​





Tag:
 ការងារ​
  មុខរបរ ជនបរទេស អាជីវកម្ម​តូចៗ អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com