អន្តរជាតិ
ភ្លើងឆេះព្រៃអាម៉ាហ្សូន៖ ប្រេស៊ីល ព្រមទទួលលុយរបស់ G7 តែដាក់លក្ខខណ្ឌ ប្រភពAFP
× ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) នៅថ្ងៃទី២៧ ខែសីហា បាននិយាយថា លោកនឹងពិចារណាទទួលយកជំនួយទឹកប្រាក់របស់ក្រុមប្រទេស G7 ដើម្បីស្រោចស្រង់ព្រៃអាម៉ាហ្សូន។ ប៉ុន្តែលោក បានដាក់លក្ខខណ្ឌឲ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដកពាក្យមើលងាយរូបលោកជាមុនសិន ទើបប្រេស៊ីលគិតគូរពីជំនួយ ២០លានដុល្លារ ក្នុងការជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន។
ថ្មីៗនេះប្រធានាធិបតីបារាំង និងប្រេស៊ីល បានទាស់ទែងគ្នាយ៉ាងខ្លាំង និងជាសាធារណៈទៀតផង។ ពីបញ្ហាភ្លើងឆេះព្រៃអាម៉ាហ្សូនដល់រឿងផ្ទាល់ខ្លួន លោក អេម៉ានុយអែល ម៉ាក្រុង និងលោក ជែ បុលសូណារ៉ូ បានទាស់សម្តីគ្នា បានគំរាមកំហែងដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃដ៏ធំនេះ ដ្បិតលោក បុលសូណារ៉ូ ចង់ឲ្យលោក ម៉ាក្រុង កែសម្ដីរបស់ខ្លួនសិន ទើបគិតគូររឿងទទួលយកជំនួយ២០លានដុល្លារដែលប្រមូលដោយប្រទេសរីកចម្រើនទាំង៧។
«ជាដំបូង លោកម៉ាក្រុងត្រូវតែដកពាក្យប្រមាថរបស់គាត់។ គាត់បានហៅខ្ញុំថាជាមនុស្សកុហក។ មុនពេលយើងនិយាយ ឬទទួលអ្វីពីបារាំង... លោក ម៉ាក្រុង ត្រូវតែដកពាក្យសម្តីទាំងនោះ ហើយយើងនឹងជជែកគ្នា»។ នេះជាអ្វីដែលលោកប្រធានាធិបតីប្រេស៊ីលវ័យ៦៤រូបនេះ ប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងប្រាស៊ីលីយ៉ា ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
អត្រាភ្លើងឆេះព្រៃអាម៉ាហ្សូននៅឆ្នាំ២០១៩ បានកើនឡើងខ្ពស់ជាងឆ្នាំណាៗទាំងអស់ បើគិតចាប់ពីឆ្នាំ២០១៣ មក ហើយតួលេខនេះទៀតសោត គឺកើនដល់៧៩ភាគរយរហូតមកដល់ថ្ងៃទី២៥ ខែសីហា។ ភ្លើងឆេះព្រៃអាម៉ាហ្សូន បង្កអោយមានវិបត្តិខ្លាំងណាស់សម្រាប់រដ្ឋាភិបាលស្តាំនិយមជ្រុលរបស់លោក បុលសូណារ៉ូ ។ លោកប្រឈមមុខការបាត់បង់សំឡេងគាំទ្រនៅក្នុងប្រទេស កាន់តែឯកាលើឆាកអន្តរជាតិ និងបង្កការគំរាមកំហែងដល់ការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ទាស់គ្នាជាមួយបារាំង តែរដ្ឋបាលលោក បុលសូណារ៉ូ ទទួលបានការគាំទ្រពីអាមេរិក។ ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរសារនៅលើ Twitter ថា លោក បុលសូណារ៉ូ ធ្វើការខ្លាំងណាស់ក្នុងការប្រឆាំងជាមួយភ្លើងឆេះព្រៃអាម៉ាហ្សូន និងធ្វើការយ៉ាងអស្ចារ្យសម្រាប់ប្រជាជនប្រស៊ីលរបស់គាត់។ វាមិនមែនជារឿងងាយស្រួលទេ។
ការលើកឡើងរបស់ត្រាំដូចនេះ គឺវាមិនមានអ្វីចម្លែកទេ ព្រោះប្រធានាធិបតីទាំងពីរ គឺមានគំនិតស្ទើរតែដូចគ្នា និងមានការគាំទ្រគ្នាទៅវិញទៅមក។ កន្លងមក លោក បុលសូណារ៉ូ ត្រូវបានគេចាត់ទុកជាលោក ត្រាំ ប្រេស៊ីលទៀតផង។
សូមបញ្ជាក់ថា ក្រុមប្រទេស G7 បានសន្យាផ្តល់ប្រាក់ប្រមាណជា ២០លានដុល្លារក្នុងការជួយទប់ស្កាត់ភ្លើងឆេះព្រៃអាម៉ាហ្សូ ដែលជាព្រៃទាក់ទាញទឹកភ្លៀងដ៏ធំជាងគេនៅលើពិភពលោក។ ប៉ុន្តែមូលនិធិមួយនេះ ត្រូវបានលោកប្រធានាធិបតីប្រេស៊ីល បដិសេដមិនទទួលយកដោយសារតែការទាស់សម្តីគ្នាជាមួយប្រធានាធិបតីបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com