ជាតិ
ឥទ្ធិពលព្យុះ «ប៉ូដុល» បង្កឲ្យបណ្តាខេត្តជាប់សមុទ្រមានភ្លៀងធ្លាក់ច្រើនរហូតដល់ថ្ងៃទី៣ ខែកញ្ញា
×
ដោយ៖ សុផល រតនៈ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញានេះ នៅបណ្ដាខេត្តមួយចំនួន ពិសេសខេត្តជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន។ ស្ថានភាពអាកាសធាតុបែបនេះ ដោយសារជ្រលងប្រព័ន្ធសម្ពាធទាបអូសបន្លាយលើកម្ពុជា និងឥទ្ធិពលព្យុះទី១២ «ប៉ូដុល» (Podul) ។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក នៅថ្ងៃទី២៨ សីហានេះ បានចេញព្យាករថា ព្យុះទី ១២ ឈ្មោះ «ប៉ូដុល» ក្រោយពីឆ្លងកាត់នៅលើហ្វីលីពីនភាគខាងជើង បច្ចុប្បន្នស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ បន្ទាប់មកព្យុះនេះ នឹងធ្វើដំណើរតម្រង់ទៅកោះហៃណាំភាគខាងក្រោម មុននឹងទៅដល់ភាគខាងក្រោមហាណូយ រួចទើបថមថយឥទ្ធិពលជាបណ្ដើរៗក្នុងទឹកដីឡាវ។
លក្ខណៈបែបនេះ ធ្វើឲ្យបណ្ដាខេត្តជាប់តំបន់មានសមុទ្រដូចជា ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង។ ដោយឡែក ខេត្តកំពត កែប កំពង់ស្ពឺ តាកែវ កណ្ដាល និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
បើតាមក្រសួងធនធានទឹកដដែល ខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយទៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។ ជាមួយគ្នានេះ ក្រសួងធនធានទឹក សំណូមពរឲ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ បណ្ដាលមកពីភ្លៀងខ្លាំង ក៏ដូចជាជំនន់នៃទន្លេមេគង្គដែលបន្តហក់ឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com