កីឡាអន្តរជាតិ
អន្តរជាតិ
Bolton អាច​ត្រូវ​ដកចេញ​ពី League One ដូច Bury ប្រសិន​រក​ម្ចាស់​ថ្មី​មិន​ទាន់ពេល​កំណត់​
28, Aug 2019 , 3:57 pm        
រូបភាព
​ស្ថាប័ន​គ្រប់គ្រង​លី​គ​កីឡាបាល់ទាត់​អង់គ្លេស (EFL) បាន​បណ្តេញ​ក្រុម Bury ចេញពី​ការប្រកួតប្រជែង​ក្នុង​ក្របខណ្ឌ League One រដូវ​កាល​នេះ បន្ទាប់ពី​ការដេញថ្លៃ​កាន់កាប់​ក្លិប​នេះ​ពី​សំណាក់​ក្រុមហ៊ុន C&N Sporting Risk បរាជ័យ​។ Bolton Wanderers ក៏​អាចមាន​វាសនា​ដូច Bury ដែរ ប៉ុន្តែ​ត្រូវ​រង់ចាំ​លទ្ធផល​នៅ​រយៈពេល​១៤​ថ្ងៃ​ទៀត​។​


 
EFL បាន​អះអាង​នៅ​ថ្ងៃទី​២៣ ខែសីហា​ថា ការដណ្តើម​ដេញថ្លៃ​កាន់កាប់​ក្លិប Bury ត្រូវផុត​កំណត់​នៅ​ថ្ងៃទី​២៧ ខែសីហា ហើយ​បើ​មិនអាច​រក​ម្ចាស់​បានទេ​នោះ​ក្លិប​នេះ​នឹងត្រូវ​ដកចេញ​ពី​ការប្រកួត​។ ក្រុមហ៊ុន C&N Sporting Risk បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទិញយក​ក្លិប Bury កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៧ សីហា ដោយ​គិតថា​ពួកគេ​គ្មាន​លទ្ធ​ផ​ភាព​វិនិយោគ​ក្លិប​នេះ​ឡើងវិញ​បាន​។​


 
​សេចក្តីប្រកាស​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ EFL សរសេរ​ដូច្នេះ​ថា​៖«​ដោយបាន​ពិចារណា​យ៉ាង​ហ្មត់ចត់​ពី​គ្រប់​លក្ខខណ្ឌ​ទាំងអស់ EFL កំណត់​ជា​ឯកច្ឆន្ទ​ជាមួយនឹង​ការសោកស្តាយ​យ៉ាងខ្លាំង ក្នុងការ​សម្រេច​ដក Bury ចេញពី League One »​។​
 
Bury ជា​ក្រុម​ដំបូង​បំផុត ដែល EFL ដក​ចេញពី​ការប្រកួត​ដោយសារ​គ្មាន​ប្រាក់​បើក​ឲ្យ​កីឡាករ​គ្រប់គ្រាន់ ចាប់តាំងពី​ក្រុម Maidstone ដែលមាន​លទ្ធផល​បែបនេះ​នៅ​ឆ្នាំ​១៩៩២​មក​។ 
​ចំណែក Bolton វិញ​ក៏​កំពុង​ដើរ​លើផ្លូវ​នេះដែរ ខណៈ EFL បាន​ពន្យា​ពេល​កំណត់​រហូតដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​ការរក​ម្ចាស់​មក​គ្រប់គ្រង​ក្លិប​ឲ្យ​ស្របតាម​តម្រូវការ​របស់ ស្ថាប័ន​គ្រប់គ្រង​លី​គ​កីឡាបាល់ទាត់​អង់គ្លេស​មួយ​នេះ​។ Bolton ជួប​បញ្ហា​ខ្វះខាត​ប្រាក់​ជា​យូរ​មកហើយ ក្នុងនោះ​ក្លិប​ថែមទាំង​មិនអាច​ផ្តល់ប្រាក់​ឈ្នួល​ដល់​កីឡាករ​គ្រប់គ្រាន់​ផងដែរ​។​
 
League One ដែល​ធ្លាប់​តែមាន​ក្រុម​ចូលរួម​ចំនួន​២៤ ឥឡូវ​នៅសល់តែ​២៣​ប៉ុណ្ណោះ ក្រោយ​មិន​អនុញ្ញាត​ឲ្យ Bury នៅ​បន្ត ហើយ​អាច​នៅសល់តែ​២២​ក្រុម​ទៀត ប្រសិនបើ Bolton ត្រូវ​ដកចេញ​នៅ​រដូវ​កាល ២០១៩-២០ នេះ​៕



Tag:
 Bolton
  Bury
  EFL
© រក្សាសិទ្ធិដោយ thmeythmey.com