ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា សាន ដា​និ​ច​៖​ផលិតករ​ភាពយន្ត​ជំនាន់​ក្រោយ​មាន​សមត្ថភាព​ហើយ តែ​នៅ​ខ្វះ​ឱកាស និង​ការគាំទ្រ​
28, Aug 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា សាន ដា​និ​ច ជា​ផលិតករ​ភាពយន្ត​វ័យក្មេង​មួយរូប ដែល​ស្នាដៃ​ភាពយន្ត​ខ្លី​លើកដំបូង​របស់​នាង កំពុង​ទទួល​បានការ​កោត​ស្ងប់​ស្ងែ​ង​ទាំង​នៅក្នុង​មហោស្រព​ភាពយន្ត​ជាតិ និង​អន្តរជាតិ​។ ភាពយន្ត​ខ្លី​ដែលមាន​ចំណងជើង​ថា «​មួយ​លាន​ឆ្នាំ​» ក្រោម​ដំណើរការ​សរសេរ​សាច់​រឿង និង​ដឹកនាំ​ការផលិត​ដោយផ្ទាល់​ពី ផលិតករ​ជើង​ថ្មី​រូបនេះ បានឈ្នះ​ពានរង្វាន់​ជា​បន្តបន្ទាប់ ត្រឹមតែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​។ ដ្បិតតែ​ទើបតែ​បាន​ដើរ​លើ​វិថី​ភាពយន្ត​ប្រមាណ បួន​-​ប្រាំ​ឆ្នាំ​មែន ប៉ុន្តែ​ដា​និ​ច​មើលឃើញថា ផលិតករ​ភាពយន្ត​វ័យក្មេង​ជំនាន់​នេះ  មាន​សមត្ថភាព​ពូកែៗ​ច្រើន ប៉ុន្តែ​ពួកគាត់​នៅ​ខ្វះ​ការ​គាំ​ត្រ និង​ឱកាស​បញ្ចេញ​គំនិត និង​ស្នាដៃ​ទាំងនោះ​។  កញ្ញា សាន ដា​និ​ច បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​គិតថា​មាន​ហើយ​អ្នកដឹកនាំ​រឿង អ្នកសរសេរ​រឿង​ក្មេងៗ​ជំនាន់​ក្រោយនេះ ខ្ញុំ​ជឿថា​គាត់​មានរឿង​ប្លែកៗ​ច្រើន មានអី​ដែល​គាត់​ចង់​បញ្ចេញ​ច្រើន គ្រាន់តែ​ពួកគាត់​មិនទាន់​មានឱកាស និង​ខ្វះ​ការគាំទ្រ​។ អ៊ីចឹង​វា​ពិបាក​»​។

 
​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា សាន ដា​និ​ច ដូចតទៅ​៖ 
 


​ភាពយន្ត​ខ្លី​«​មួយ​លាន​ឆ្នាំ​» ឬ «A MILLION YEARS» ទើបតែ​ទទួលបាន​ពាន់រង្វាន់ ARTE Short Film Award ក្នុងការ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ នៅឯ​មហោស្រព Kurzfilm Festival Hamburg ប្រទេស​អាល្លឺម៉ង់ កាលពីពេល​ថ្មីៗ​នេះ​។ «​មួយ​លាន​ឆ្នាំ​» ជា​ភាពយន្ត​បែប​សហ​សម័យ​ដែល​រៀបរាប់​ពី​អារម្មណ៍ មិន​ធ្លាប់​និយាយ ឬ​បញ្ចេញ​មក​ខាងក្រៅ​របស់​យុវតី​ខ្មែរ​ម្នាក់​។  កញ្ញា សាន ដា​និ​ច ជា​ផលិតករ​ភាពយន្ត​នេះ បាន​លើកឡើងថា ការទទួលបាន​ពាន​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​សម្រាប់​កញ្ញា ក្នុងនាម​ផលិតករ​ភាពយន្ត​ជើង​ថ្មី ហើយក៏​ជា​ស្នាដៃ​ភាពយន្ត​លើកដំបូង​របស់ខ្លួន​ផង​នោះ​។ រយៈពេល​ជាង​១​ឆ្នាំ កញ្ញា សាន ដា​និ​ច បាន​យក​ភាពយន្ត​ខ្លី​របស់ខ្លួន ទៅ​ចាក់​បញ្ចាំង​នៅតាម​មហោស្រព​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ ជាង​១០​ប្រទេស​រួចទៅហើយ​។ 


 
​កញ្ញា សាន ដា​និ​ច បាន​ប្រឡូក​ចូលក្នុង​វិស័យ​ភាពយន្ត​ប្រមាណ បួន​-​ប្រាំ​ឆ្នាំ​មកហើយ​។ ដ្បិតតែ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ដា​និ​ច​មើលឃើញថា ផលិតករ​ភាពយន្ត​ជំនាន់​ថ្មី​នេះ  មាន​សមត្ថភាព​ពូកែៗ​ច្រើន ប៉ុន្តែ​ពួកគាត់​នៅ​ខ្វះ​ការគាំទ្រ និង​ឱកាស​បញ្ចេញ​គំនិត និង​ស្នាដៃ​ទាំងនោះ​។ ផលិតករ​វ័យក្មេង ចង់ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង និង​ការផ្តល់​ពានរង្វាន់​តាម​ផ្នែក​នានា​នៅក្នុង​ការផលិត​ភាពយ​ន្ត​នេះ ឲ្យ​មាន​ភាព​សម្បូរបែប​ជាងនេះទៀត​។ សម្រាប់​កញ្ញា ដា​និ​ច ធ្វើ​ដូច្នេះ មិន​ត្រឹមតែ​ជាការ​សកម្មភាព​ដែល​ជំរុញ​ឲ្យ​មានការ​ផលិត​កុន​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​រូបភាព​មួយ​ដែល​ជំរុញ​ទឹកចិត្ត​ដល់​ផលិតករ​វ័យក្មេង ក៏ដូចជា​អ្នកពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​នេះ​ផងដែរ​។ 
 
​ទោះជា​យ៉ាងនេះ​ក្តី កញ្ញា សាន ដា​និ​ច ក៏​មើលឃើញ​ភាព​វិជ្ជមាន នៅក្នុង​វិស័យ​ភាពយន្ត​នេះដែរ ដែល​នឹង​រីកចម្រើន​ទៅមុខ ប៉ុន្តែ​នៅក្នុង​ល្បឿន​មួយ​ដែល​យឺត​។ តាម​កញ្ញា ដា​និ​ច ដើម្បី​ឲ្យ​វិស័យ​ភាពយន្ត​មាន​សំទុះ​រីកចម្រើន​លឿន ទាមទារ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​គ្រប់ភាគី ទាំង​រដ្ឋាភិបាល ទស្សនិកជន និង​ផលិត​ភាពយន្ត ចម្រុះ​រសជាតិ​ឲ្យ​បាន​កាន់តែច្រើន​៕



Tag:
 សាន ដា​និ​ច​
 ​ភាពយន្ត​ខ្លី​
 ​ភាពយន្ត​
 ​កុន​
© រក្សាសិទ្ធិដោយ thmeythmey.com