ជាតិ
អាជ្ញាធរ ផ្អាក​ការសាងសង់​របស់​ក្រុមហ៊ុន​ចិន​មួយ​នៅ​ទួលគោក ក្រោម​ហេតុផល​ថា គ្មាន​ច្បាប់
29, Aug 2019 , 8:29 am        
រូបភាព
​ក្រុមហ៊ុន Discover New City (DNC) ដែល​កំពុង​សាងសង់​គម្រោង DNC Mall ក្នុង​ខណ្ឌទួលគោក ត្រូវបាន​អាជ្ញាធរ ផ្អាក​ការដ្ឋាន​សាងសង់ ក្រោយ​រកឃើញថា​គ្មាន​ច្បាប់​ឬ​លិខិតអនុញ្ញាត​។


 
​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៨​សីហា​នេះ​ថា​៖«​ការដ្ឋាន DNC បាន​ផ្អាក​ការសាងសង់​ប្រមាណ​ជាង​៣​អាទិត្យ​ហើយ ដោយសារ​មិនមាន​ច្បាប់​អនុញ្ញាត ឥឡូវ​រង់ចាំ​លិខិតអនុញ្ញាត​ពី​ខាង​ក្រសួង​រៀបចំ​ដែនដី ទើប​អាច​បន្ត​ការសាងសង់​បន្តទៀត​បា​ន​»​។  
 
​មាន​លេចឮ​ព័ត៌មាន​ថា មានការ​ផ្ដល់​លុយ​និង​រថយន្ត​ដល់​អាជ្ញាធរ ដើម្បី​បាន​សាង់សង​អគារ​នេះ​។ អភិបាលខណ្ឌ​ទួលគោក អះអាងថា ក្រុមហ៊ុន DNC ពិតជា​ធ្លាប់​ប្រគល់​រថយន្ត​កូរ៉េ​១​គ្រឿង​ពិតមែន គឺ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​នៅក្នុង​ខណ្ឌ​។ ប៉ុន្តែ លោក បដិសេធថា ករណី​លុយ​គឺ​មិនមាន​ទេ​។ 
 
​ទន្ទឹមនេះ អភិបាលខណ្ឌ អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ទាំងអស់​មុន នឹង​សាងសង់​អគារ​អាច​សិក្សា​ពី​ច្បាប់​សុំ​ការអនុញ្ញាត​ពី​ខាង​អាជ្ញាធរ​បន្ថែម​បាន ហើយ​អាជ្ញាធរ​នឹង​ខិតខំ​ដោះស្រាយ​ជូន​អ្នកវិនិយោគ​និង​ពលរដ្ឋ​។ 
 
​ម្ចាស់​ក្រុមហ៊ុន Discover New City (DNC) មានឈ្មោះ LIAO JUNNA ភេទ​ស្រី បើក​ការដ្ឋាន​សាងសង់ DNC Mall លើ​ផ្ទៃដី​ទំហំ​ជាង​៦០០០​ម៉ែត្រការ៉េ ដែល​ស្ថិតនៅ​ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕ 
 

Tag:
 រាជធានី​ភ្នំពេញ​
  ការដ្ឋាន​សាងសង់​
  DNC
© រក្សាសិទ្ធិដោយ thmeythmey.com