ជាតិ
អត្ថបទពាណិជ្ជកម្ម
និស្សិត​កម្ពុជា​ចូលរួម​កម្មវិធី​ភាពជា​អ្នកដឹកនាំ និង​សកម្មភាព​អភិវឌ្ឍន៍​សង្គម​នៅក្នុង​ការបោះ​ជំរំ​អាស៊ាន រៀបចំ​ដោយSCG
28, Aug 2019 , 6:20 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ឈានមុខ​គេ​មួយ​នៅក្នុង​អាស៊ាន បានរៀបចំ​ព្រឹត្តិការណ៍​ជំរំ​ពហុវប្បធម៌​មួយ ដែលមាន​ឈ្មោះថា «SCG ចែករំលែក​ក្ដី​សុបិន​អាស៊ាន​» ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៦ សីហា ២០១៩ នៅក្នុង​ប្រទេស​ថៃ ដោយមាន​និស្សិត​ចូលរួម​ជាង ៧០​នាក់ មកពី ៧​ប្រទេស គឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វី​លី​ពី​ន ថៃ និង​វៀតណាម។ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​ចំណេះដឹង​និង​ការអភិវឌ្ឍ​យុវជន​ដល់​និស្សិត​ដែល​ចូលរួម។ 
 
​ក្នុងអំឡុងពេល ៥​ថ្ងៃ និស្សិត​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំងនេះ បានធ្វើ​ទស្សនកិច្ច​នៅឯ​​ទីស្នាក់ការ​កណ្ដាល​រប​ស់ SCG ដែល​នៅ​ទីនោះ ពួកគេ​បាន​ស្ដាប់​បទ​បាឋកថា​របស់​ប្រធាន​និង​អគ្គនាយក SCG ស្ដីពី​ភាពជា​អ្នកដឹកនាំ និង​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​សាជីវកម្ម ។ ទន្ទឹមនឹងនេះ និស្សិត​ទាំង ៧៣​នាក់ ក៏បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី​«​ការ​ស្គាល់​ខ្លួនឯង​» និង «​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​» ព្រមទាំង​បាន​ទៅ​ទស្សនកិច្ច​គម្រោង​អភិវឌ្ឍន៍​សង្គម​នានារ​បស់ SCG នៅ​ខេត្ត​រ៉ាក់យ៉ង ចម្ងាយ​ប្រហែល ១៨០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក ផងដែរ ។
 

 
​នៅឯ​ខេត្ត​រ៉ាក់យ៉ង និស្សិត​អាស៊ាន​ទាំងនេះ​មិន​ត្រឹមតែ​បាន​រៀនសូត្រ​និង​ស្វែងយល់​អំពី​សកម្មភាព​អភិវឌ្ឍន៍​សង្គម ដែល SCG បាន​ជួយ​ដល់​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ ក៏បាន​ចូលរួម​ធ្វើ​សកម្មភាព​សហគមន៍​ដោយផ្ទាល់​ផងដែរ ដូចជា ការសង់​«​ផ្ទះ​ជម្រក​ត្រី​» ដោយ​ប្រើ​សំណល់​បំពង់​ប្លា​ស្ទិ​ក ។ 
 
​ចំពោះ​និស្សិត​កម្ពុជា កញ្ញា ឆន ចន្ទ​ពិសី នេះ​ជា​លើកដំបូង​បង្អស់​ហើយ​របស់​កញ្ញា ដែល​បាន​ជួបជុំ​ជាមួយ​មិត្តភក្ដិ​មកពី​ប្រទេស​អាស៊ាន នៅក្នុង​ព្រឹត្តិការណ៍​ជំរំ​ថ្នាក់​តំបន់​បែបនេះ ។ កញ្ញា ពិសី ស្ថិតក្នុង​ចំណោម​និស្សិត ១០​នាក់ មកពី​កម្ពុជា ដែល​បានទទួល​អាហារូបករណ៍​ពី SCG និង​បានមក​ចូលរួម​ព្រឹត្តិការណ៍​ជំរំ ៥​ថ្ងៃ នៅ​ទីក្រុង​បាងកក និង​នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ នេះ ។ 
 
​កញ្ញា ពិសី និយាយ​យ៉ាង​ដូច្នេះ​ថា «​នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​ខ្ញុំ ។ ខ្ញុំ​រៀនសូត្រ​បាន​ច្រើន​ពី​ជំរំ​នេះ ដូចជា ជំនាញ​ភាពជា​អ្នកដឹកនាំ ការចែករំលែក​វប្បធម៌​ជាមួយ​មិត្តភក្ដិ​អាស៊ាន ការ​ទៅ​ទស្សនា​សកម្មភាព​អភិវឌ្ឍន៍​សហគមន៍រ​បស់ SCG នៅ​ខេត្ត​រ៉ាក់យ៉ង និង​ការធ្វើ​បទ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ដែល​យើង​បាន​ផ្ដួចផ្ដើម​ជា​គំនិត​ឡើង​» ។ 

​ដូចគ្នា​នឹង​កញ្ញា ពិសី ដែរ យុវ​និស្សិត ខាន់ សំណាង ដែល​បច្ចុប្បន្ន​សិក្សា​ផ្នែក​វិស្វកម្ម​ស៊ីវិល ក្រោម​អាហារូបករណ៍​របស់ SCG ក៏មាន​ក្ដីរំភើប​អំពី​ការចូលរួម​ព្រឹត្តិការណ៍​ជំរំ​នេះដែរ ។ 


 
​យុវជន សំណាង និយាយ​យ៉ាង​ដូច្នេះ «​ជា​បទពិសោធន៍​លើកដំបូង​បង្អស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​បាន​ដើរ​ទស្សនា​ទីក្រុង​បាងកក បានឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​អស្ចារ្យ​របស់គេ​។ ហើយ​អ្វីដែល​ខ្ញុំ​ចូលចិត្ត​បំផុត គឺ​បាឋកថា​ស្ដីពី​ភាពជា​អ្នកដឹកនាំ ដែល​ផ្ដល់​ដោយ​ប្រធាន​ក្រុមហ៊ុន SCG ការចុះទៅ​មើល​សកម្មភាព​សង្គម​នៅ​ខេត្ត​រ៉ាក់យ៉ង ដែល​គេ​ច្នៃ​សំណល់​បំពង់​ផ្លា​ស្ទិ​ក​ធ្វើជា​ផ្ទះ​ត្រី ជួយ​ដល់​ជីវភាព​សហគមន៍​នេសាទ​នៅក្នុង​មូលដ្ឋាន ។ និង​ទៅ​មើល​ចម្ការចេក ដែល SCG ជួយ​ដល់​ជីវភាព​គ្រួសារ​ជនពិការ​នៅ​ទីនោះ​»​។ 
 
​ទាំង​កញ្ញា ពិសី និង​យុវជន សំណាង និយាយថា ពួកគេ​នឹង​យក​បទពិសោធន៍​និង​ចំណេះដឹង​ដែល​បាន​រៀនសូត្រ​ពី​ព្រឹត្តិការណ៍​ជំរំ​នៅ​ថៃ​នេះ ទៅ​ចែករំលែក​ជាមួយ​មិត្តភក្ដិ​នៅ​កម្ពុជា ។ 
 
​កញ្ញា ពិសី និយាយ​ដូច្នេះ​ថា «​ខ្ញុំ​នឹង​ចែករំលែក​ជាមួយ​មិត្តភក្ដិ​អំពី​វប្បធម៌​ប្រទេស​ផ្សេងៗ និង​ផ្នត់គំនិត​របស់​ជនជាតិ​មកពី​ប្រទេស​ផ្សេងៗ ដែល​ខ្ញុំ​បាន​ជួប​នៅក្នុង​ការបោះ​ជំរំ​នេះ​»​។ 
 
​រីឯ​យុវជន សំណាង វិញ បន្ថែមថា «​ខ្ញុំ​នឹង​ខិតខំ​យក​អ្វីដែល​បាន​រៀនសូត្រ​ពី​ព្រឹត្តិការណ៍​នេះ ទៅ​អនុវត្ត ជាពិសេស ការកែច្នៃ​សំរាម ប្រែក្លាយ​វា​ទៅជា​របស់​ដែលមាន​តម្លៃ​» ។ 
 
​និស្សិត​មកពី ៧​ប្រទេស​នេះ បាន​ចងក្រង​គ្នា​ជា​បណ្ដាញ នៅ​ទូទាំង​អាស៊ាន សម្រាប់​កិច្ចអភិវឌ្ឍន៍​ប្រកប​ចីរភាព នៅក្នុង​តំបន់ ។ 
 
​នៅក្រោយ​ព្រឹត្តិការណ៍​ជំរំ​នេះ និស្សិត​អាស៊ាន​ទាំង ៧៣​នាក់ ដែល​មកពី ៧​ប្រទេស​នេះ ក៏បាន​ចូលរួម​នៅក្នុង​សន្និសីទ​តំបន់​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព ដែល​រៀបចំ​ដោយ SCG នៅក្នុង​ទីក្រុង​បាងកក ផងដែរ នា​ថ្ងៃទី​២៦ សីហា ២០១៩ ។ នៅក្នុង​សន្និសីទ​នេះ ពួកគេ​បាន​ស្ដាប់​អំពី​គោល​គំនិត​សេដ្ឋកិច្ច​វិលជុំ (circular economy) និង​ការគ្រប់គ្រង​សំណល់ ព្រមទាំង​ត្រូវបាន​ផ្ដល់ឱកាស​ឲ្យ​ចែករំលែក​កង្វល់​របស់​ពួកគេ​អំពី​បញ្ហា​បរិស្ថាន ទៅដល់​មេដឹកនាំ​ធុរកិច្ច តំណាង​រដ្ឋាភិបាល អង្គការ​អន្តររដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ ដែល​ចូលរួម​នៅក្នុង​សន្និសីទ​នេះ ផងដែរ ៕



© រក្សាសិទ្ធិដោយ thmeythmey.com