ជាតិ
នយោបាយជាតិ
លោក សុខ ទូច៖ របាយការណ៍ «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ» ជារឿងនយោបាយ
× លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលើកឡើងរបស់សង្គមស៊ីវិលជំវិញករណីពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាការលើកឡើងបែបនយោបាយ។ លោក បានលើកឡើងបែបនេះក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នាថ្ងៃទី២៨ ខែសីហានេះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានឲ្យដឹងថា លោកបានសិក្សារស្រាវជ្រាវលើ៩ខេត្ត- ក្រុង ដោយសម្ភាសពលរដ្ឋ១០០០នាក់ ហើយបានរកឃើញថាស្ថានភាពកម្ចីមានលក្ខណៈល្អ។ លោកបន្តថា ចំពោះករណីមិនប្រក្រតីមានត្រឹមតែ១ភាគរយប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរក៏មិនបានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការទារបំណុលពីពលរដ្ឋដូចពេលកន្លងមកនោះទេ។
លោកបាននិយាយថា៖«ការព្រួយបារម្ភរបស់សង្គមស៊ីវិល ជាទិដ្ឋភាពនយោបាយច្រើនជាង មិនមែនជាទិដ្ឋភាពសង្គមទេ ព្រោះកាលណាសង្គម គេយក៥០បូក១។ បើមានបញ្ហា ៥០បូក១ អាហ្នឹងបានមានបញ្ហាចោទ តែបើ១ភាគរយ ហើយយើងយកមក...ដូចឧបមាថា ឥឡូវគាត់មាន២៨នាក់ មានបញ្ហាក្នុងចំណោម ២,៥លាននាក់ អាហ្នឹងវាជាស្អី។ អាហ្នឹងវាអត់ត្រូវទេ សូមឲ្យសិក្សា ផ្អែកលើវិទ្យាសាស្ត្រផង ហើយកុំយកចំណុចនេះទៅវាយគេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានបញ្ជាក់ជំហរថា អង្គការលីកាដូ និងសមាគមធាងត្នោត ជាអង្គការក្រៅរដ្ឋាភិបាលដោយមិនរកប្រាក់កម្រៃ និងមិនបានធ្វើការបម្រើឲ្យបក្សនយោបាយណាមួយនោះទេ។ លោកបន្តថា ការរកឃើញនេះជាចំណុចចាប់ផ្ដើមក្នុងការជួយជំរុញដល់ស្ថាប័នពាក់ព័ន្ធ សិក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីកុំឲ្យមានករណីអវិជ្ជមានណាមួយកើតមានឡើង ដែលអាចជួយរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍសង្គមប្រកបដោយតម្លាភាព និងចីរភាព។
លោកបន្ថែមថា ករណីសិក្សាពីរឿងឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ ក៏គ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ឬវាយប្រហាទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្តុនៅកម្ពុជាដែរ ពោលគឺគ្រាន់តែចង់ជំរុញឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមលើពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសកសិករក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ស្តីពី «ការវិនិយោគ ត្រូវផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស» ប៉ុណ្ណោះ។
លោកបាននិយាយថា៖«របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងឲ្យអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេសនោះទេ។ របាយការណ៍នេះគ្រាន់តែរំលេចនូវបញ្ហាដែលអង្គការលីកាដូ និងសមាគមធាងត្នោត យើងបានរកឃើញនៅតំបន់គោលដៅ ដែលមាន១០ឃុំ ហើយ ៤ ខេត្ត ១រាជធានី។ ហើយរបាយការណ៍នេះក៏មិនបានផ្តល់ផលប្រយោជន៍អ្វីដល់អង្គការទាំងពីរនោះទេ គឺយើងចង់ឲ្យប្រជាពលរដ្ឋទទួលបានជីវភាពធូរធា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានផលចំណេញ ប្រកបដោយចីរភាពតែប៉ុណ្ណោះ»។
កាលពីពេលថ្មីៗនេះ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា» ដែលអង្គការទាំងពីរបានរកឃើញថា មានហានិភ័យដ៏គួរឱ្យព្រួយបារម្ភ គឺ ពលរដ្ឋបានជំពាក់បំណុល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនវ័ណ្ឌក ហើយបានជំរុញឲ្យពួកគេទៅខ្ចីប្រាក់ពីអ្នកចងការប្រាក់ឯកជនបន្ថែមទៀត ដើម្បីយកប្រាក់ទៅសងបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឲ្យទំហំបំណុលកាន់តែធ្ងន់ធ្ងរឡើង ហើយបណ្ដាលឲ្យកូនៗពួកគេឈប់រៀន ដើម្បីរកប្រាក់ជួយដោះបំណុលទាំងនោះ។ លើសពីនេះ គ្រួសារទាំងមូលត្រូវកាត់បន្ថយការទទួលទានម្ហូបអាហារ ដែលមិនមានជីវជាតិគ្រប់គ្រាន់ ដើម្បីសន្សំប្រាក់ដោះបំណុល៕
© រក្សាសិទ្ធិដោយ thmeythmey.com