អន្តរជាតិ
ក្រសួងការបរទេស​នឹង​វាយតម្លៃ​លើ​មូលនិធិ​ជំនួយ បន្ទាប់​សេត​វិមាន​ចុះចាញ់​ការដេញដោល​លើ​ជំនួយ​បរទេស​របស់​អាមេរិក​
29, Aug 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​និយាយ​កាលពី​ថ្ងៃទី​២៣ ខែសីហា​ថា​៖ «​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា យើង​បាន​ព្រមព្រៀង​បន្ត​វាយតម្លៃ​កម្មវិធី​របស់​យើង និង​ប្តូរ​ទិសដៅ​មូលនិធិ​ទាំងអស់ ដែល​មិនបាន​ជួយ​គាំទ្រ​ដោយផ្ទាល់​ដល់​គោលដៅ​អាទិភាព​របស់​យើង​»​។​

 
​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​៖ «​កិច្ចប្រឹងប្រែង​នេះ​នឹង​ធានាថា កម្មវិធី​ផ្ដល់ជំនួយ​បរទេស​ទាំងអស់​ដែល​ផ្តល់​មូលនិធិ​ដោយ​អ្នក​បង់ពន្ធ​អាមេរិក ត្រូវតែមាន​ប្រសិទ្ធភាព និង​គាំទ្រ​គោលនយោបាយ​ការបរទេស​អាទិភាពរ​បស់​យើង​»​។​
 
​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​ទៀត​ដែល​ស្ថិតនៅក្រោម​ការវាយតម្លៃ គឺ​ជំនួយ​បរទេស​របស់​អាមេរិក​ទៅកាន់​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ ក្វា​តេ​ម៉ា​ឡា និង​ហុង​ឌូ​រ៉ា​ស​។ ក្រសួងការបរទេស​និយាយថា ប្រទេស​ទាំងនេះ​មិនបាន​ចាត់វិធានការ​ម៉ត់ចត់​ដើម្បី​កាត់បន្ថយ​ចំនួន​ជន​ចំណាកស្រុក​ខុសច្បាប់​ដែល​ចូលមកក្នុង​សហរដ្ឋអាមេរិក​នោះទេ​។​
 
​លោក​ប្រធានាធិបតី ត្រាំ បាន​ពិចារណា​កាត់បន្ថយ​ការចំណាយ​នៅក្នុង​ប្រទេស​នានា ដោយ​យល់ថា វា​ជា​ចំណាយ​មិនចាំបាច់ និង​ខ្ជះខ្ជាយ ប៉ុន្តែ​លោក​បាន​ដក​ការពិចារណា​នេះ​វិញ នៅពេល​តំណាងរាស្ត្រ​សំខាន់ៗ​មួយចំនួន​បាន​ប្រឆាំងនឹង​ផែនការ​នេះ​។​
 
​មន្ត្រី​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ បាន​ផ្អាក​ការចំណាយ​របស់​ក្រសួងការបរទេស និង​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដោយ​ពិនិត្យ​ដិតដល់​លើ​សំណើ​ថវិកា​ដែល​គេ​ហៅថា «​ការដក​ថវិកា​មកវិញ​» ដើម្បី​កាត់បន្ថយ​ទឹកប្រាក់​ចំនួន ៤​ពាន់​បី​រយ​លាន​ដុល្លារ ពី​ខ្ទង់ចំណាយ​ដែល​អនុម័ត​យល់ព្រម​រួច​ហើយដោយ​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក​។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​សេត​វិមាន​ម្នាក់​បាន​ប្រាប់ VOA ថា​៖ «​លោក​ប្រធានាធិបតី​ច្បាស់​ក្នុង​ចិត្ត​ថា វា​ជាការ​ខ្ជះខ្ជាយ និង​ការបំពាន​នៅក្នុង​ជំនួយ​បរទេស​របស់​យើង ហើយ​យើង​ត្រូវមាន​ភាព​ឆ្លាត​វៃ ថា​តើ​ប្រាក់​របស់​យើង​ត្រូវបាន​ចំណាយ​លើ​អ្វីខ្លះ​។ នេះ​ជា​មូលហេតុ​ដែល​លោក​បានស្នើ​សុំ​ឲ្យ​រដ្ឋបាល​របស់លោក​សិក្សា​ពី​ជម្រើស​ក្នុងការ​កាត់បន្ថយ​»​។​
 
​ប៉ុន្តែ​បន្ទាប់ពី​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​បាន​ប្រឆាំងនឹង​កិច្ចប្រឹងប្រែង​របស់​សេត​វិមាន​ក្នុងការ​បង្កក​ជំនួយ​បរទេស​ដែល​បានអនុម័ត​ពី​សភា​រួចហើយនោះ រដ្ឋបាល​លោក ត្រាំ ក៏​បញ្ឈប់​ការជំទាស់​ទៅនឹង​ការទាមទារ​របស់​តំណាងរាស្ត្រ​ទាំងនោះ​។​
 
​ជំនួយការ​នៃ​សេត​វិមាន​ម្នាក់​បាន​និយាយថា​៖ «​វា​ច្បាស់​ណាស់​ថា មាន​តំណាងរាស្ត្រ​ជាច្រើន​នៅក្នុង​សភា​ដែល​មិន​ចង់​ទប់ស្កាត់​ការចំណាយ​ខ្ជះខ្ជាយ​នេះ​ទេ​»​។​
 
​ការកាត់បន្ថយ​ថវិកា​ធំៗ​របស់លោក​ត្រាំ​គឺ​ការកាត់បន្ថយ​ជំនួយ​បរទេស​ឲ្យ​សល់​ត្រឹមតែ​ជំនួយ​ចាំបាច់​នានា ដែលជា​សញ្ញា​នៃ​វិបត្តិ​ថវិកា បន្ទាប់​លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​ផែនការ​ចំណាយ​ប្រាក់​២,៧ លាន​លាន​ដុល្លារ​រយៈពេល​២​ឆ្នាំ​។​
 
​ប៉ុន្តែ​ប្រធានរដ្ឋសភា​លោកស្រី Nancy Pelosi ដែល​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា ការ​កាត់​មិន​ផ្ដល់​ថវិកា​នោះ​នឹង​បំពាន​ដល់ «​គោលការណ៍​សុច្ចរិត​» នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ជំនួយ​រយៈពេល​វែង​។​
 
​សភាតំណាងរាស្ត្រ​ពីររូប​ពី​គណបក្ស​សាធារណរដ្ឋ គឺ​លោក Lindsey Graham ដែល​សមាជិក​ព្រឹទ្ធសភា និង​លោក​តំណាងរាស្ត្រ Hal Rogers និយាយថា ការ​បង្កក​ជំនួយ​បរទេស​នឹង​ប៉ះពាល់ «​យ៉ាងខ្លាំង​» ដល់​សន្តិ​ខុស​ជាតិ និង​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ហើយ​វា​ក៏​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​ក្នុងការ​ចរចា​លើ​ចំណាយ​រវាង​សភា និង​សេត​វិមាន​នៅពេល​អនាគត​។​
 
​លោក ត្រាំ បានបង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ចំពោះ​បញ្ហា​នេះ​។​
 
​លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ពាក់កណ្តាល​ខែសីហា ថា​៖
 
«​យើង​បានផ្តល់​ប្រាក់​រាប់លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ដែល​មិន​ចូលចិត្ត​យើង សូម្បីតែ​បន្តិច​។ ខ្ញុំ​កំពុងតែ​កាត់បន្ថយ​ចំណាយ​នេះ​។ យើង​ទើបតែ​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​៤​ប៊ី​លាន​ដុល្លារ​។ ក្នុង​ករណីខ្លះ ខ្ញុំ​យល់ថា វា​មាន​ផ្លូវ​ពីរ​។ នៅក្នុង​ករណីខ្លះ ប្រទេស​ទាំងនោះ​មិនមែនជា​ប្រទេស​ដែល​យើង​គួរតែ​ផ្តល់​ថវិកា​ឲ្យ​នោះទេ​»​។​
 
​អតីតមន្ត្រី​ទីភ្នាក់ងារ USAID បាន​រិះគន់​ផែនការ​របស់​សេត​វិមាន​ក្នុងការ​កាត់បន្ថយ​ជំនួយ​បរទេស​របស់​អាមេរិក ដែលជា​ឧបករណ៍​មួយ​សម្រាប់​ជា​ប្រយោជន៍​ដល់​អាមេរិក​។​
 
​នៅក្នុង​សារ​តាម​បណ្តាញ Twitter មួយ លោកស្រី Gayle Smith អតីត​អ្នកគ្រប់គ្រង​ទីភ្នាក់ងារ USAID បាន​និយាយថា ផែនការ «​ដក​ប្រាក់​រាប់សិប​លាន​នៅក្នុង​មូលនិធិ​អភិវឌ្ឍន៍ គ្មាន​ប្រសិទ្ធភាព​នោះទេ និង​ជាការ​មិនចេះ​ខ្មាស់​គេ​»​។​
 
​លោកស្រី​បាន​បន្ថែមថា មូលនិធិ​អភិវឌ្ឍន៍ «​មិន​គ្រាន់តែ​ដើម្បី​សប្បុរសធម៌​នោះទេ​» ប៉ុន្តែ​ជា​វិធី​មួយ​ដើម្បី​បង្កើន​គុណ​តម្លៃ គោលនយោបាយ​បរទេស សន្តិសុខ​ជាតិ និង​ប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com