កីឡាអន្តរជាតិ
អន្តរជាតិ
Bolton រួចផុតការបណ្តេញចេញពី League One ក្រោយរកឃើញម្ចាស់ទាន់ពេល
× Bolton Wanderers អាចបន្តដង្ហើមក្នុងក្របខណ្ឌ League One រដូវកាលនេះ បន្ទាប់ពីក្រុមហ៊ុន Football Ventures (Whites) Limited ក្លាយជាម្ចាស់ក្លិបនេះទាន់កាលកំណត់។
ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់អង់គ្លេស (EFL) បានដាក់ឱសានវាទរយៈពេល១៤ថ្ងៃ ពោលគឺគិតចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយកំណត់ថាបើ Bolton មិនអាចរកម្ចាស់ទៅគ្រប់គ្រងបានទេ ក្លិបនេះនឹងត្រូវដកចេញពីការប្រជែងពាន League One តែម្តង។
Bolton ក្លិបកីឡាបាល់ទាត់នៅអង់គ្លេសដែលបង្កើតឡើងរយៈពេល១៤៥ឆ្នាំ ខិតជិតនឹងការបិទទ្វារដូចក្លិប Bury ទៅហើយ បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ រហូតគ្មានប្រាក់បើកឲ្យកីឡាករទៀតផង។
លោក Paul Appleton ប្រធានរដ្ឋបាលក្លិប Bolton បានសម្តែងភាពរីករាយបន្ទាប់ពីក្លិបអាចលក់ចេញបាន និងមានអ្នកកាន់កាប់ត្រឹមត្រូវស្របតាមការកំណត់របស់ EFL។
«ខ្ញុំមានការអាណិតអាសូរចំពោះបុគ្គលិក កីឡាករ និងអ្នកគាំទ្រ ដែលនៅតែបន្តជាមួយក្រុម ខណៈដែលក្លិបកំពុងមានបញ្ហា និងស្ទើរតែបិទទ្វារទៅហើយនោះ។ ខ្ញុំពិតជារីករាយចំពោះភាពស្មោះត្រង់ ការលះបង់ និងការអត់ធ្មត់របស់ពួកគេណស់»។
EFL នៅថ្ងៃទី២៧ ខែសីហា បានបណ្តេញក្រុម Bury ដែលជួបបញ្ហាដូច Bolton ចេញពី League One រដូវកាលនេះ បន្ទាប់ពីពួកគេរកម្ចាស់មិនបានតាមការកំណត់របស់ ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់អង់គ្លេស។ Bury បានក្លាយជាក្លិបដំបូងគេក្នុងរយៈពេល ២៧ ឆ្នាំ ចាប់ប់តាំងពីក្រុម Maidstone ដែលមានលទ្ធផលបែបនេះនៅឆ្នាំ១៩៩២មក។
League One លីគលំដាប់ទី៣អង់គ្លេស ដែលធ្លាប់តែមានក្រុមចូលរួមចំនួន២៤ ឥឡូវនៅសល់តែ២៣ប៉ុណ្ណោះ ក្រោយមិនអនុញ្ញាតឲ្យ Bury នៅបន្ត។ ចំណែក Bolton ដែលលេងដោយត្រូវដកចំនួន១២ពិន្ទុនោះ ស្ថិតនៅបាទតារាងនៅឡើយ ក្រោយប្រកួត៤លើក ចាត់៣ ស្មើ១ នៅសល់ដក១១ពិន្ទុទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com