ផ្អាក​ប្រជុំ​សភា លោក ច​ន​សុន ចង់​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​?
អន្តរជាតិ
ផ្អាក​ប្រជុំ​សភា លោក ច​ន​សុន ចង់​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​?
29, Aug 2019 , 2:11 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​២៨ ខែសីហា បានប្រកាស​ផ្អាក​កិច្ចប្រជុំសភា​រយៈពេល​ប្រាំ​សប្ដាហ៍ ដែល​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ពី​សមាជិកសភា​ដែលមាន​និន្នាការ​គាំទ្រ​អឺរ៉ុប និង​អ្នកគាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយមាន​កិច្ចព្រមព្រៀង​។ ខឹង ព្រោះ​ពួកគេ​ជឿថា លោក ច​ន​សុន មិន​ចង់​ឲ្យ​សភា​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រារាំង​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​តាម​ការចង់បាន​របស់​លោក​។

 
​ផ្អាក​ប្រជុំ​សភា លោក ច​ន​សុន ចង់​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​? នេះ​ជា​សំណួរ​ដែល​លេចឡើង​ក្រោយ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​២៨ ខែសីហា​ប្រកាស​ព្យួរ​កិច្ចប្រជុំសភា​ច្រើន​សប្ដាហ៍​នោះ​។ មហាក្សត្រិយានី អេ​លីហ្សា​ប៊ែ​តទី​២ ក៏បាន​ប្រោស​ប្រទាន​ការយល់ព្រម​តាម​សំណើ​របស់លោក ច​ន​សុន រួចហើយ​ដែរ​។ ប៉ុន្តែ​សមាជិកសភា​ជាច្រើន បានបង្ហាញ​ជំទាស់​នឹង​ការលើក​ពេល​ប្រជុំ​ក្នុង​កាលៈទេសៈ​បែបនេះ​។​
 
​តាមពិតទៅ ការប្រកាស​ផ្អាក​កិច្ចប្រជុំ​អំឡុង​ខែកញ្ញា​ដល់​ខែតុលា​នេះ ជា​រឿង​ធម្មតា​នៅ​អង់គ្លេស ព្រោះ​ជា​ពេលដែល​បក្ស​ធំៗ បើក​កិច្ចប្រជុំ​របស់ខ្លួន​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​នោះ គឺ​ការផ្អាក​ពេលនេះ​ដែល​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែកញ្ញា​ដល់​ថ្ងៃទី​១៤ ខែតុលា ធ្វើឡើង​ប៉ុន្មាន​សប្ដាហ៍​មុន​អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​៣១ ខែតុលា​។ បានន័យថា សភា​នឹងមាន​ពេល​តិចតួច​ដើម្បី​ធ្វើ​ច្បាប់​រារាំង​លោក ច​ន​សុន ដែល​ចង់​ដឹក​ដៃ​អង់គ្លេស​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ 
 
​មុន​ការសម្រេចចិត្ត​របស់លោក ច​ន​សុន សមាជិកសភា​អង់គ្លេស ក៏មាន​គម្រោង​បោះឆ្នោត​ដើម្បី​លុប​ចោលការ​សម្រាក​របស់​ខ្លួន​ផងដែរ ប៉ុន្តែ​លោក ច​ន​សុន បែរជា​ប្រើ​អំណាច​ក្នុងនាម​ប្រមុខ​ស្ថា​ប័​នីតិប្រតិបត្តិ​របស់ខ្លួន​ជាមុន​ទៅវិញ​។ ប្រធានរដ្ឋសភា​អង់គ្លេស លោក John Bercow ដែលជា​តំណាងរាស្ត្រ​បក្ស​អភិរក្ស​របស់លោក ច​ន​សុន ដែរនោះ ចាត់ទុក​ការផ្អាក​កិច្ចប្រជុំសភា​នេះ ជាការ​បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​កំរោល​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ច​ន​សុន បកស្រាយ​ថា លោក​គ្រាន់តែ​អនុវត្តតាម​លំ​អាន​ចាស់​ប៉ុណ្ណោះ មុននឹង​មហាក្សត្រិយានី​អេ​លីហ្សា​ប៊ែ​តទី​២ មាន​ព្រះរាជ​សុន្ទរកថា​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ប៉ុន្តែ​សមាជិកសភា និង​អ្នកនយោបាយ​ជាច្រើន​មិន​ជឿ​លោក ច​ន​សុន ឡើយ ហើយក៏​មិន​ជឿថា លោក​គ្រាន់តែ​ចង់​អនុវត្តតាម​របៀបវារៈ​ក្នុងស្រុក​ដែរ​។ ការចាកចេញ​ពី​សហភាព​អឺរ៉ុប ទើប​ជា​រឿង​សំខាន់​នៃ​ការផ្អាក​កិច្ចប្រជុំសភា​។​
 
​ទោះជា​យ៉ាងណា បើ​គិត​តាម​កាលបរិច្ឆេទ​នៃ​ការព្យួរ​សភា​រហូតដល់​ថ្ងៃទី​៣១ ខែតុលា សមាជិកសភា​នៅមាន​ពេល​ដើម្បី​ទប់ស្កាត់​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ជា​សេណារីយោ​អាក្រក់​បំផុត​សម្រាប់​អង់គ្លេស និង​សហ​ភា​អឺរ៉ុប ខណៈ​សភា​អង់គ្លេស​បាន​បដិសេធ​កិច្ចព្រមព្រៀង​ចាកចេញ​ពីរ​រួចទៅហើយ​។ លើសពីនោះ ថ្ងៃទី​៣១ ខែតុលា ក៏​ទំនងជា​កាលបរិច្ឆេទ​ចុងក្រោយ​ដែល​អង់គ្លេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​៕ 

Tag:
 អង់គ្លេស​
  Brexit
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com