ជាតិ
សេដ្ឋកិច្ច
លោក សុខ ទូច​៖ ការងារ​សហ​ក្រសួង បើ​ខុស​ទម្លាក់​លើ​គ្នា តែបើ​ត្រូវ​វិញ ដណ្តើម​គុណសម្បត្តិ​
29, Aug 2019 , 4:43 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​ស្រុក​ខ្មែរ តែងតែ​ខ្វះ​ការទទួលខុសត្រូវ និង​ទម្លាក់កំហុស​ឱ្យ​គ្នា​នៅពេល​មាន​បញ្ហា ប៉ុន្តែ​ចូលចិត្ត​ចេញមុខ​មាត់ នៅពេល​មានគុណ​សម្បត្តិ​។ នេះ​ជាការ​មើលឃើញ​របស់លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា ដែល​និយាយ​ពី​ចំណុច​នេះ នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​» នៅ​ព្រឹក​ថ្ងៃទី​២៩ សីហា​នេះ​។​

 
​មុន​និយាយ​ពី​ចំណុច​អវិជ្ជមាន​នៃ​ការទទួលខុសត្រូវ​រប​ស់​មន្ត្រី​ខ្មែរ​នេះ លោក សុខ ទូច បានលើកឡើង​ពី​ការស្រាវជ្រាវ​របស់ខ្លួន​លើ​កិច្ចការ​ហិរញ្ញវត្ថុ​នោះ គឺ​ត្រូវ​ផ្អែកលើ​ទឡ្ហីករណ៍​ចំនួន​៤ ដើម្បី​ជា​ធាតុ​ផ្សំ​ក្នុងការ​វាយតម្លៃ និង​បញ្ជូន​របាយការណ៍​រដ្ឋា​ភិ​បាល ពិនិត្យ​នឹង​សម្រេច​លើ​បញ្ហា​សេវាកម្ម​ឥណទាន​នេះ​។ ប្រភពព័ត៌មាន​ទាំង​៤ ដែល​លោក សុខ ទូច យក​ធ្វើជា​តឹកតាង​នោះ គឺ​ទាក់ទង​នឹង​ទ្រឹស្តី ឬ​ប្រភព​នៃ​ដើមទុន​ឥណទាន​, ស្រាវជ្រាវ​ទៅលើ​ស្ថាប័ន​ពាក់ព័ន្ធ​, សិក្សា​ទៅលើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ដែល​បាន​ចុះបញ្ជី ឬ​មិន​ចុះបញ្ជី និង​ការសិក្សា​ទៅលើ​ប្រជាជន ឬ​អ្នកទទួលបាន​សេវាកម្ម​ឥណទាន​។​



 
​ទាក់ទង​នឹង​ចំណុច​ស្រាវជ្រាវ​លើ​ស្ថាប័ន​ពាក់ព័ន្ធ​នេះ លោក សុខ ទូច បានកត់សម្គាល់​ឃើញថា មន្ត្រី​នៅ​កម្ពុជា​ភាគច្រើន តែង​តែង​ខ្វះ​ការទទួលខុសត្រូវ ហើយ​ទម្លាក់​កំ​ហុក​ដាក់គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​បើសិនជា​ករណី​មានគុណ​សម្បត្តិ​វិញ លោក សុខ ទូច បាន​សង្កេតឃើញថា មន្ត្រី​ទាំងនោះ​ភាគច្រើន នាំគ្នា​យកមុខ​មាត់ ដើម្បី​បង្ហាញថា អ្វីដែល​កើតឡើង​នេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​។​
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ស្តីពី​«​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​» នៅ​ព្រឹក​ថ្ងៃទី​២៩ សីហា​នេះ ប្រធាន​រាជបណ្ឌិត្យសភា បាន​និយាយ​ដូច្នេះ​ថា​៖«​ចំណុច​ទី​២ យើង​ស្រាវជ្រាវ​លើ​ស្ថាប័ន​ពាក់ព័ន្ធ ពីព្រោះ​នៅ​ស្រុក​យើង​តែងតែ​ទម្លាក់​(​បញ្ហា​)​លើ​គ្នា ខ្វះ​ការទទួលខុសត្រូវ ព្រោះ​យើង​បង្កើត​សហ​ក្រសួង​។ ខ្ញុំ​គ្រាន់តែ​ឧទាហរណ៍​ទេ គ្រាន់តែ​ផ្នែក​កសិកម្ម មាន​ក្រសួង​អភិវឌ្ឍ​ជនបទ , ក្រសួងកសិកម្ម , ក្រសួង​ធនធានទឹក អ៊ីចឹង​(​ក្រសួង​) ទាំងបី​នេះ ឱ្យតែ​ខុស គឺ​អត់​ដែលមាន​ការទទួលខុសត្រូវ​រៀងខ្លួន​ទេ គឺ​ចាប់ផ្ដើម​ទម្លាក់​(​បញ្ហា​) ថា​រឿងនេះ​អ​ញ្ចេះ រឿង​នោះ​អ​ញ្ចោះ ។ នៅពេល​មានគុណ​សម្បត្តិ គឺ​មក​(​ចំណុច​)​ពីនេះ មកពី​នោះ​»​។​
 
​កន្លងមក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បានលើកឡើង​ពី​បញ្ហា​ជាន់​ការងារ​រវាង​ក្រសួងកសិកម្ម និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៩ សីហា ថា ផ្នែក​មួយចំនួន​នៅក្នុង​ការងារ​កសិកម្ម​នេះ វា​មាន​ភាពស្រដៀងគ្នា ដែល​លោក​ក៏​ពិបាក​នឹង​អនុវត្ត​ដែរ ។ ថ្លែង​ក្នុង​កម្មវិធី​មហាសន្និបាត និង​បោះឆ្នោត​អាណត្តិ​ទី​៣​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក វេ​ង សាខុន បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ឥឡូវនេះ លែង​ហ៊ាន​ទៅដល់​វាលស្រែ​ហើយ ឱ្យតែ​ដល់​វាលស្រែ​ហ្នឹង គឺជា​កន្លែង​ប្រយុទ្ធ​របស់គេ (​ក្រសួង​ធនធានទឹក​) ថា​ខ្ញុំ​ទៅ​លូកលាន់​ការងារ​របស់គេ មិនអាច​ទៅ​មើល​ស្រូវ​បានទេ​ឥឡូវនេះ គឺថា​វាយប្រហារ​តែម្ដង ហាក់ដូចជា​មិនត្រូវ​គ្នា​»​។​
 
​ត្រង់ចំណុច​នេះ​អ្នកវិភាគ មើលឃើញថា សម្តី​របស់លោក វេ​ង សាខុន បង្ហាញ​ពី​ភាពអវិជ្ជមាន ឬ​ការមិន​យល់ចិត្ត​គ្នា ក្នុង​កិច្ចសហការ​របស់​អន្តរក្រសួង​។ លោក មាស នី បាន​និយាយថា ការសហការ​នៃ​អន្តរក្រសួង​កន្លងមក​នេះ វា​មិនបាន​ផ្ដល់​ផល​វិជ្ជមាន​ភ្លាមៗ​ដល់​ពលរដ្ឋ​នោះទេ ពោលគឺ​ទាល់​តែមាន​សម្តី​បញ្ជា​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​អ្នកតាមដាន​ស្ថានការណ៍​សង្គម ក៏​ស្នើឱ្យ​រដ្ឋាភិបាល​ពិចារណា​កែទម្រង់​ឡើងវិញ ក្នុងការ​បង្រួម​ក្រសួង​ពាក់ព័ន្ធ​នានា​មក​សល់​ត្រឹមតែ​១៦ ទៅ ១៨ អង្គភាព​បាន​ហើយ ដើម្បី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​តាម​គោលនយោបាយ​រដ្ឋាភិបាល​។ ក្នុងនោះ​ក្រសួង​ពាក់ព័ន្ធ ដែល​អ្នក​ទាំងពីរ​មើលឃើញថា គួរតែ​ច្របាច់​បញ្ចូល​គ្នា​តែមួយ​នោះ រួមមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ , ក្រសួង​ធនធានទឹក​, ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាដើម​។ ចំណែក​ក្រសួង​រ៉ែ និង​ថាមពល ,​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏​រួមបញ្ចូល​គ្នា​វិញ​ដែរ​៕

Tag:
 សុខ ទូច​
  រាជបណ្ឌិត្យសភា
© រក្សាសិទ្ធិដោយ thmeythmey.com