កីឡាជាតិ
ជាតិ
លោក អ៊ួ តារា នឹងចែករំលែកពីគុនល្បុក្កតោ ពេលធ្វើវាគ្មិនក្នុងមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិនៅកូរ៉េ លោក អ៊ួ តារា នឹងធ្វើជាវាគ្មិនក្នុងមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ
× លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នឹងធ្វើជាវាគ្មិនក្នុងកម្មវិធីមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ។ តួឯកក្នុងរឿង Jailbreak ការពារឧក្រិដ្ឋជនរូបនេះ ត្រូវឆ្លើយសំនួរតំណាងមកពីប្រទេសផ្សេងៗពាក់ព័ន្ធនឹងគុនល្បុក្កតោក្នុងវិស័យភាពយន្ត។ នេះជាឱកាសល្អសម្រាប់កម្ពុជា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពគុនល្បុក្កតោនៅលើឆាកអន្តរជាតិ។ តាមរយៈកម្មវិធីនេះនឹងជួយឲ្យគុនល្បុក្កតោមានទីផ្សារកាន់តែច្រើនក្នុងវិស័យភាពយន្ត ជាពិសេសទាក់ទាញយុវជនឲ្យចូលរួមហាត់កីឡានេះកាន់តែច្រើន។
លោក អ៊ួ តារា តួឯកក្នុងរឿង Jailbreak ការពារឧក្រិដ្ឋជន ដែលជាភាពយន្ត Action មានលក្ខណៈវាយទាត់ធាក់លំដាប់អន្តរជាតិ ត្រូវមហោស្រពភាពយន្តក្បាច់គុន International Martial Art Film Festival អញ្ជើញឲ្យធ្វើជាវាគ្មិន តំណាងឲ្យសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ តារា នឹងឆ្លើយសំណួរជាច្រើន ដែលជាការចោទសួររបស់តំណាងមកពីប្រទេស ដែលមានក្បាច់គុនវប្បធម៌ប្រពៃណីជាច្រើន ពាក់ព័ន្ធពីរបៀបថតភាពយន្ត Action នៅកម្ពុជាដោយប្រើគុនល្បុក្កតោ និងជ្រើសរើសក្បាច់គុននេះ ដើម្បីថតរឿងជាដើម។
«ដោយសារកម្ពុជាយើងមានក្បាច់គុននៅក្នុងវិស័យភាពយន្ត ដូចជាល្បុក្កតោនៅក្នុងរឿង Jailbreak ដែលជារឿងមានលក្ខណៈស្តង់ដាអន្តរជាតិ ដែលបានចាក់ផ្សាយនៅកូរ៉េផង និងអឺរ៉ុបផង ទើបគេជ្រើសរើសយើងទៅចូលរួមក្នុងមហោស្រពភាពយន្តរបស់គេ និងធ្វើជាវាគ្មិន ដើម្បីចែករំលែកពីបទពិសោធថា តើការផលិតភាពយន្ត Action នៅខ្មែរវាយ៉ាងម៉េចខ្លះ។ ព្រោះការថតភាពយន្តនៅតាមប្រទេសនីមួយៗមានលក្ខណៈខុសៗគ្នាទៅតាមកាលៈទេសៈ និងសម្ភារបច្ចេកទេសមួយចំនួន»។ នេះជាការរៀបរាប់របស់លោក អ៊ួ តារា ពីមូលហេតុដែលមហោស្រពភាពយន្តក្បាច់គុនអន្តរជាតិជ្រើសរើសរូបលោកឲ្យធ្វើជាវាគ្មិន។
លោកបានបន្ថែមថា៖«មួយទៀត គេចង់ដឹងថា តើហេតុអ្វីបានជាយើងជ្រើសរើសគុនល្បុក្កតោក្នុងការថតភាពយន្ត? និងពីរបៀបថតភាពយន្តក្បាច់គុន គឺគេចង់ដឹងលម្អិតពីយើងផ្ទាល់ ដែលមានបទពិសោធក្នុងការថត និងផលិតភាពយន្ត»។ អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោរូបនេះរំពឹងថា តាមរយៈកម្មវិធីនឹងជួយឲ្យគុនល្បុក្កតោមានទីផ្សារក្នុងភាពយន្តកាន់តែច្រើន ពិសេសទាក់ទាញយុវជនឲ្យចូលរួមហ្វឹកហាត់ក្បាច់គុនវប្បធម៌ប្រពៃណីមួយនេះកាន់តែច្រើនផងដែរ។
ក្រៅពីការចូលរួមធ្វើវាគ្មិនក្នុងមហោស្រពភាពយន្តក្បាច់គុនរបស់លោក អ៊ួ តារា ក្រុមកីឡាករកីឡាការិនីគុនល្បុក្កតោ៦រូបត្រូវប្រកួតប្រជែងក្នុងកម្មវិធីដោយឡែកពីរទៀត គឺការប្រកួត The 2019 International Martial Arts contest និងការប្រកួតប្រយុទ្ធគុនដំបងខ្លី ARNIS Pre – SEA Games។
ប្រតិភូ គ្រូបង្វឹក និងកីឡាករថតរួមគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំំពេញ មុនចាកចេញទៅកូរ៉េ, រូបថតពីសហព័ន្ធគុនល្បុក្កតោ
សម្រាប់លោក អ៊ួ តារា បានចាត់ទុកការចូលរួមប្រកួតនេះ គឺជាឱកាសដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសរបស់កីឡាករកីឡាការិនីកម្ពុជា និងបង្ហាញពីសក្តានុពលរបស់កីឡាគុនល្បុក្កតោ ពិសេសផ្សព្វផ្សាយពីវប្បធម៌ខ្មែរឲ្យអន្តរជាតិស្គាល់តែច្បាស់ថែមទៀត។ លើសពី គឺដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
ព្រឹត្តិការណ៍ប្រកួតទាំងពីរនិងមហោស្រពភាពយន្តក្បាច់គុន International Martial Art Film Festival ប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ ព្រឹត្តិការណ៍មហោស្រពកីឡាយុទ្ធសិល្ប៍ចម្រុះអន្តរជាតិ រៀបចំដោយសហភាពកីឡាយុទ្ធសិល្ប៍ចម្រុះពិភពលោក World Martial Art Union ដែលមានប្រទេសជាង២០ជាសមាជិក៕
Tag:
គុនល្បុក្កតោ
អ៊ួ តារា
© រក្សាសិទ្ធិដោយ thmeythmey.com