កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk, Messi និង Ronaldo នរណាជាម្ចាស់ពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA?
× សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA នៅយប់ថ្ងៃទី២៩ ខែសីហានេះ នឹងប្រកាសជ័យលាភីម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men's Player of the Year) សម្រាប់រដូវកាល ២០១៨-១៩ នាប្រទេស Monaco ពោលគឺក្នុងកម្មវិធីចាប់ពូលក្របខណ្ឌ Champoins League រដូវកាល ២០១៩-២០ ផង។
ខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona និង Cristiano Ronaldo ខ្សែប្រយុទ្ធក្រុម Juventus និងខ្សែការពារ Virgil van Dijk ជាបេក្ខភាព៣រូបចុងក្រោយសម្រាប់ប្រជែងតំណែងម្ចាស់ពានរង្វាន់ដែលរៀបចំដោយ UEFA នេះ។
ចាប់តាំងពីបង្កើតពានរង្វាន់នេះនៅឆ្នាំ ២០១១មក ពោលគឺ៨លើករួចហើយនោះ Messi ធ្លាប់ឈ្នះ២ដង ហើយ Ronaldo ៣ដងលើសគេ ខណៈ Andres Iniesta, Franck Ribery និង Luka Modric ឈ្នះម្នាក់ម្តងដូចគ្នា។ Modric ខ្សែបម្រើរបស់ Real Madrid សញ្ជាតិក្រូអាស៊ី បានប្រជែងឈ្នះ Ronaldo និង Messi ដើម្បីលើកពាននេះកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ នៅឆ្នាំនេះ Van Dijk រំពឹងខ្ពស់ថានឹងស្នងពាននេះពី Modric ដ្បិតបានជួយ Liverpool លើកពាន Champions League រដូវកាលមុន។
ក្នុងកម្មវិធីផ្តល់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនេះដែរ UEFA ក៏នឹងចាប់ឆ្នោតរើសពូលនៃការប្រកួតក្របខណ្ឌអឺរ៉ុប Champions League របស់ក្រុមទាំង៣២ សម្រាប់រដូវកាល ២០១៩-២០នេះ។
ក្រុមទាំង៣២ត្រូវចែកជា៤ Pot ដោយក្នុងមួយ Pot មាន៨ក្រុម។ Pot ទី១ ដែលសុទ្ធសឹងជាក្រុមខ្លាំងៗ តាមរយៈការបង្ហាញខ្លួនបានល្អនៅរដូវកាលមុន ហើយ Pot បន្តបន្ទាប់ត្រូវដាក់ក្រុមដែលគេគិតថាមានកម្រិតល្មមៗតាមការលេងជាក់ស្តែងកាលពីរដូវកាលមុនដូចគ្នា។
ការចាប់ឆ្នោត ត្រូវយកចំនួន៨ពូលពី A ដល់ H ដោយក្នុងមួយពូលមាន៤ក្រុម៕
Tag:
UEFA Men\'s Player of the Year
UEFA
© រក្សាសិទ្ធិដោយ thmeythmey.com