ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អច្ឆរិយកម្ពុជា! ហុង ភារិន រំភើបដែលខ្លួនបានផ្តល់ស្នាមញញឹមដល់ពលរដ្ឋខ្មែរ និងថៃ
29, Aug 2019 ,
6:36 pm
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
ជានិស្សិតអាហារូបករណ៍ខ្មែរដែលកំពុងសិក្សាឆ្នាំទី៤ជំនាញអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យ Rajabhat Chaiyaphum ប្រទេសថៃ យុវជន ហុង ភារិន វ័យ២២ឆ្នាំ កំពុងលេចធ្លោយ៉ាងខ្លាំង បន្ទាប់ពីគេបានបង្ហាញសមត្ថភាពចងចាំ និងគន់គូរយ៉ាងអស្ចារ្យ ក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់ថៃ។ សមត្ថភាព និងកាយវិការរបស់ ភារិន ទទួលនូវការកោតសរសើរយ៉ាងខ្លាំង ជាពិសេសពីសំណាក់ពលរដ្ឋខ្មែរ និងថៃ នៅក្នុងបណ្តាញសង្គម ដែលបានមើលឃ្លីបវីដេអូ។
អច្ឆរិយកម្ពុជា!
ភារិនបានទទួលរហស្សនាមនេះ ពីគណៈមេប្រយោគទាំងបីរូបក្នុងកម្មវិធី Super 100 របស់ក្រុមហ៊ុនផលិតកម្មវិធីទូរទស្សន៍ Workpoint Entertainment ដែលជាកម្មវិធីស្វែងរកបុគ្គលដែលមានសមត្ថភាពជំនាញពិសេស។ យុវជនដែលមានកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាមរូបនេះ បានឆ្លងកាត់ការសាកល្បងសមត្ថភាពលើបីវិញ្ញាសាប្រកបដោយជោគជ័យ។
សម្រាប់វិញ្ញាសាទីមួយ ភារិន អាចចងចាំតួលេខទាំង៣០ខ្ទង់ដែលរត់លើអេក្រង់ក្នុងរយៈពេល៣០វិនាទី។ រីឯវិញ្ញាសាទីពីរ យុវជនខ្មែររូបនេះ បង្ហាញពីសមត្ថភាពចងចាំទាក់ទងនឹងទីតាំងនៃសន្លឹកបៀទាំង៥២សន្លឹក ដោយគណៈកម្មការសួរពីលេខរៀងនៅលើផ្ទាំងក្តារ ហើយភារិនដែលត្រូវបានបិទភ្នែកជិត ឆ្លើយប្រាប់ពីឈ្មោះសន្លឹកបៀរដែលនៅលើនោះ។
មិនត្រឹមតែសមត្ថភាពនៃការចងចាំនោះឡើយ តែភារិន ផ្តល់នូវភាពភ្ញាក់ផ្អើលបន្ថែមទៀតសម្រាប់វិញ្ញាសាទីបី តាមរយៈការគន់គូរឆ្នាំ សប្តាហ៍ ថ្ងៃ ខែ ទៅតាមប្រតិទិន ដែលគណៈកម្មការផ្តល់ឲ្យទាំងអតីតកាល និងអនាគត។ គណៈកម្មការបង្ហើបប្រាប់តែសប្តាហ៍ ថ្ងៃ និងខែ ភារិនអាចផ្តល់ចម្លើយទាក់ទងនឹង «ឆ្នាំ» ហើយខ្លះ បង្ហើបពីសប្តាហ៍ ឆ្នាំ ខែ ភារិន អាចឆ្លើយប្រាប់ភ្លាមៗ ទាក់ទងនឹង «ថ្ងៃ»។
ហេតុអ្វីបានដឹងថាខ្លួនមានសមត្ថភាពពិសេស?
«ខ្ញុំបានមើលកម្មវិធីទូរទស្សន៍ចិន ទាក់ទងនឹងការប្រកួតប្រជែងស្តីពីការចងចាំ ដោយពេលនោះខ្ញុំគិតថា ជាកម្មវិធីកុហក ខ្ញុំអត់ចាប់អារម្មណ៍។ ប៉ុន្តែក្រោយមកទៀត ខ្ញុំចាប់ផ្តើមអានសៀវភៅទាក់ទឹងនឹងចិត្តវិទ្យា ជាពិសេសមេរៀនស្តីពីការប្រើប្រាស់ខួរក្បាល និងការចងចាំ។ ខ្ញុំក៏ផ្តើមសាកហាត់ ហើយទើបដឹងថាខួរក្បាលរបស់ខ្លួនអាចទៅរួច»។ នេះជាការអះអាងរបស់យុវជន ហុង ភារិន ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey។
និស្សិតអាហារូបករណ៍នៅថៃ វ័យ២២ឆ្នាំរូបនេះ បានអះអាងថា ការហ្វឹកហាត់ខួរក្បាលរបស់គេមានដំណើរការជាង១ឆ្នាំកន្លះហើយ គិតមកដល់បច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយ ភារិន បានបញ្ជាក់ថា ជោគជ័យមិនមែនកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាចេញមកពីការតាំងចិត្ត និងការព្យាយាមខ្ពស់។
«អរគុណបងប្រុសបង្កើតរបស់ខ្ញុំ ដែលលើកទឹកចិត្តឲ្យខ្ញុំអានសៀវភៅ ដើម្បីកែប្រែបញ្ហាទាំងឡាយឲ្យក្លាយជាឱកាស ជាពិសេសការចាកចេញពីជីវិតដ៏អាប់អួរ»។ ភារិន បានបញ្ជាក់យ៉ាងដូច្នេះ ដោយរំលឹកពីជីវិតតស៊ូរបស់ខ្លួន និងបងប្រុស ជាមួយម្តាយដ៏មហិមា។
ក្រៅពីសៀវភៅ និងឯកសារនានា ភារិន ក៏មានបុរសម្នាក់ទៀត ជានិមិត្តរូបផងដែរ នោះគឺលោក ប៊ីន ជនជាតិថៃ ដែលបានបង្ហាញសមត្ថភាពចងចាំសន្លឹកបៀរ និងលេង Rubik Cube ដោយបិទភ្នែក។
ភារិន បានបញ្ជាក់ប្រាប់ ThmeyThmey ថា៖ «បងប៊ីន បានចូលបង្ហាញសមត្ថភាពក្នុងកម្មវិធី Super 100 មុន។ ពេលខ្ញុំមើលគាត់ហើយ ខ្ញុំចង់ពិសោធន៍ខ្លួនឯង ហើយក៏សម្រេចចិត្តផ្ញើឃ្លីបវីដេអូដើម្បីសុំបង្ហាញសមត្ថភាពក្នុងកម្មវិធីតែម្តង»។
យកសមត្ថភាព និងចំណេះដឹងដើម្បីតបគុណ
សម្រាប់ ភារិន អ្នកម្តាយគឺជាអ្វីៗទាំងអស់របស់គេ។ កើតនៅស្រុកចំការលើ ខេត្តកំពង់ចាម ភារិន បានឆ្លងកាត់ជីវិតកុមារភាពដ៏កម្សត់ ដោយឪពុកម្តាយ បានលែងលះគ្នានៅពេលដែលគេមានអាយុ១១ឆ្នាំ។ ក្រោយមក ភារិន បងប្រុស និងម្តាយបានប្តូរមករស់នៅភ្នំពេញ។
«ម្តាយរបស់ខ្ញុំគឺមហិមាណាស់ តាំងតែពីតូចគាត់មិនដែលឲ្យខ្ញុំលំបាកនោះទេ ទោះបីជាមានបញ្ហាគ្រួសារបែកបាក់ក៏ដោយ ក៏គាត់នៅតែព្យាយាម រកលុយបញ្ជូនឲ្យខ្ញុំទៅរៀនដល់គោលដៅដែរ ខ្ញុំពិតជាគោរពកោតសរសើរ និងស្រឡាញ់ម៉ាក់ខ្ញុំមែនទែន»។ នេះជាការអះអាងរបស់ ភារិន ដោយម្តាយរបស់គេខិតខំរកលុយដែលបានពីការលក់ដូរបន្តិចបន្តួច។
តាមពិតទៅ ភារិន និងបងប្រុស រំពឹងថា មានគ្រួសារពេញលេញដូចគេផងដែរ ប៉ុន្តែក្រោយការជានាគ្នាវិញរយៈពេលខ្លី ឪពុកម្តាយក៏បានបែកបាក់គ្នាជាលើកទីពីរ។ យុវជនរូបនេះ គិតថា ភារៈចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ មិនមែនជារឿងងាយស្រួលឡើយ ដោយម្តាយសុខចិត្តទ្រាំដោះបំណុលធនាគារ។ «ពេលខ្លះ នំប៉័ងមួយដើម ខ្ញុំត្រូវញ៉ាំសន្សំសំចៃដោយចែករំលែកឲ្យដល់បីថ្ងៃ»។ នេះជាការរំលឹករបស់ ភារិន។
ការតាំងចិត្តដាក់អាហារូបករណ៍ឲ្យជាប់បានក្លាយជាគោលដៅជីវិតរបស់ ភារិន ដើម្បីសម្រាលបន្ទុកម្តាយ។ នៅឆ្នាំ២០១៥ សុបិនបានក្លាយជាការពិត ដោយ ភារិន ទទួលបានអាហារូបករណ៍១០០ភាគរយទៅរៀនជំនាញអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យ Rajabhat Chaiyaphum ប្រទេសថៃ។
នាខែមិនា ឆ្នាំ២០២០ ខាងមុខ ភារិន ត្រូវបញ្ចប់ការសិក្សា ប៉ុន្តែគេមិនដាច់ចិត្តដើរចេញពីទីកន្លែងដែលបានសាងជីវិតថ្មីដល់ខ្លួនដោយដៃទទេនោះឡើយ។ យុវជនរូបនេះ ចង់ទុកអនុស្សារីយ៍ល្អសម្រាប់អ្នកខេត្តឆៃយ៉ាភូមិ (Chaiyaphum) ភាគឦសានប្រទេសថៃ។
ឆ្លើយទៅនឹងការសាកសួររបស់គណៈកម្មការកម្មវិធី Super 100 ភារិន រំលឹកថា កាលពីតូច គេធ្លាប់ជាក្មេងម្នាក់ដែលខ្លាចសង្គម និងមិនហ៊ានចេញក្រៅផ្ទះ ប៉ុន្តែគេបានក្លាយមនុស្សចូលសង្គមកាន់តែចុះ ក្រោយបងប្រុសណែនាំឲ្យអានសៀវភៅ ដោយភាគច្រើនគេអានសៀវភៅទាក់ទងនឹងការអភិវឌ្ឍខ្លួនឯង និងចិត្តសាស្ត្រ។
បន្ថែមពីលើនេះ ប្រជាជននៅខេត្តឆៃយ៉ាភូមិ ក៏មានចំណែកផ្លាស់ប្តូរជីវិតរបស់ភារិនផងដែរ។ «ខ្ញុំសម្រេចចិត្តឡើងកម្មវិធី [Super 100] នេះ ដើម្បីទទួលបានសម្ភារសិក្សាឲ្យក្មេងនៅខេត្តឆៃយ៉ាភូមិ ខ្ញុំអរគុណប្រជាជនឆៃយ៉ាភូមិ ដែលកន្លងមក បានរួមចំណែកឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ ក្លាហានជាងមុខ»។ ការរៀបរាប់របស់ ភារិន ធ្វើឲ្យគណៈកម្មការ និងអ្នកទស្សនាផ្ទាល់ រំជួលចិត្ត ហើយស្ងើចសរសើរយ៉ាងខ្លាំង។
ទីបំផុត ការឆ្លងផុតបានសម្រេចទាំង៣វិញ្ញាសាដោយគ្មានឧបសគ្គ បានធ្វើឲ្យបំណងរបស់ ភារិន បានជោគជ័យ ដោយទទួលបានសម្ភារសិក្សាដែលមានតម្លៃសរុប៤៥០០០បាត (ជិត១៥០០ដុល្លារអាមេរិក) រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមទៀត ១០០០០បាត (ជិត៣៣០ដុល្លារអាមេរិក) ពីម្ចាស់ឧបត្ថម្ភកម្មវិធី។
ក្រោយការបង្ហាញសមត្ថភាព ក្រុមការងាររបស់កម្មវិធី Super 100 នៃទូរទស្សន៍ Workpoint Entertainment បានដឹកសម្ភារសិក្សាដោយផ្ទាល់ទៅខេត្តឆៃយ៉ាភូមិ ហើយ ភារិន បានចែកសម្ភារសិក្សាទាំងនោះ ដល់កុមារៗ ជាមួយនឹងទឹកមុខសប្បាយរីករាយ។
ការតាំងចិត្ត ការព្យាយាមប្រែក្លាយបញ្ហាទៅជាឱកាស
ពិតណាស់ ភារិន ទទួលស្គាល់ថា អច្ឆរិយ មិនអាចកើតឡើងដោយឯកឯងនោះឡើយ ដោយអ្វីៗទាំងអស់កើតចេញពីការព្យាយាម។ មុនពេលចូលកម្មវិធី Super 100 ភារិន ក៏មិនដាក់រំពឹងលើខ្លួនឯងខ្ពស់ពេកនោះដែរ ប៉ុន្តែតាំងចិត្តព្យាយាមធ្វើឲ្យបាន។
និស្សិតអាហារូបករណ៍ដែលកំពុងស្ថិតនៅឆ្នាំទី៤ ឆមាសទី១ រូបនេះ បានអះអាងថា គេខិតខំហ្វឹកហាត់ខួរក្បាលជាប្រចាំ តាមរយៈការកែប្រែការចងចាំឲ្យទៅជារូបភាព។ ជាមួយគ្នានេះ ភារិន បានបញ្ជាក់ថា ករណីខ្លះគេមានការភាំងមួយសន្ទុះ ដោយសារនោះ គេកំពុងព្យាយាមទាញរូបភាពនៃការចងចាំឲ្យត្រឡប់ចូលវិញ។
សម្រាប់ភារិន អាហារដ៏ល្អបំផុតក្នុងការបំប៉នខួរក្បាលឲ្យដំណើរការល្អនោះ គឺការហ្វឹកហាត់ ព្យាយាម អត់ធ្មត់ រួមទាំងការយកចិត្តទុកដាក់លើការថែរក្សាសុខភាព ដំណេក និងការទទួលទានអាហារដែលត្រឹមត្រូវ។
មតិយោបល់វិជ្ជមានពេញបណ្តាញសង្គមហ្វេសប៊ុក និង Youtube
«ខ្ញុំមិនដែលគិតសោះថា មានផលវិជ្ជមានដល់ថ្នាក់ហ្នឹង។ ពេលចេញវីដេអូ ខ្ញុំសប្បាយចិត្តមែនទែន ដោយសារការបញ្ចេញមតិយោបល់ទាំងក្រុងហ្វេសប៊ុក និង Youtube សុទ្ធតែមានលក្ខណៈវិជ្ជមានច្រើនមែនទែន។ មិនថាជនជាតិថៃ ឬខ្មែរយើងនោះឡើយ»។ ភារិន បានលើកឡើងពីអារម្មណ៍ដ៏រំភើបបែបនេះ ប្រាប់សារព័ត៌មាន ThmeyThmey។
យុវជនវ័យ២២ឆ្នាំរូបនេះ បានអះអាងថា រូបគេសប្បាយចិត្តពេលឃើញស្នាមញញឹមរបស់ជនជាតិខ្មែរ និងរីករាយទទួលយកការកោតសរសើររបស់ជនជាតិថៃ ចំពោះការបង្ហាញសមត្ថភាពរបស់ខ្លួន។ បន្ថែមពីលើនេះ ភារិន ទទួលបាននូវការគោរពបន្ថែមទៀតនៅពេលដែលគេណែនាំខ្លួនជាភាសាខ្មែរ និងកាយវិការសំពះដ៏សមសួន។
កម្មវិធី Super100 បង្ហោះសារបញ្ចេញមតិយោបល់វិជ្ជមាននានាទាក់ទងនឹងសមត្ថភាពរបស់ ភារិន
តើនឹងធ្វើអ្វីទៀតនាពេលអនាគត? ភារិន មិនបានបង្ហើបឲ្យដឹងច្បាស់នោះឡើយ ប៉ុន្តែក្តីសុបិនដ៏ធំរបស់គេ គឺការរៀនបន្តយកអនុបណ្ឌិត ហើយឈានដល់កម្រិតបណ្ឌិត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម