កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​ស​រំពឹង​បាន​បទពិសោធ​ពី​ជើងឯក​យុវជន​អាស៊ី ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំនេះ​
30, Aug 2019 , 9:23 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​ជាង​២០​រូប​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ដាច់ដោយឡែក​ពីគ្នា គឺ Asian Junior Soft Tennis Championship និង Asian University Soft Tennis Championship នៅ ប្រទេស​ហ្វីលីពីន​នា​ចុងខែ​សីហា​នេះ​។ ក្រៅពី​រំពឹង​ទទួលបាន​លទ្ធផល​ល្អ កម្ពុជា រំពឹង​កីឡាករ​ទទួលបាន​បទ​ពិសោធ និង​ចំណេះដឹង​ថ្មីៗ​មក​អភិវឌ្ឍន៍​សមត្ថភាព សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩​នេះ​។

 
​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា លោក ជា ប៊ុនហេង មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ឈានដល់​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​ជើងឯក​យុវជន​អាស៊ី 1st Asian Junior Soft Tennis Championship នោះឡើយ​។ កត្តា​ដែល​ធ្វើ​ឲ្យ​លោក​មានចិត្ត​រារែក​ក្នុងការ​ដាក់​ក្តី​រំពឹង ដោយសារ​កីឡាករ​កម្ពុជា​ភាគច្រើន​ជា​យុវជន ដែលមាន​បទពិសោធ​ក្មេងខ្ចី​សម្រាប់​ការប្រកួត​លើ​ឆាក​អន្តរជាតិ​។ 


 
«​យើង​មិនទាន់​ហ៊ាន​អះអាងថា​ទៅ​ចូលរួម​លើក​នេះ​យើង​ជឿជាក់ថា​នឹង​ដណ្តើមបាន​មេដាយ ឬ​មិនបាន​យើង​មិនទាន់​ហ៊ាន​និយាយ​មុន​នោះទេ ព្រោះ​បើ​យើង​អះអាង​មុន​ថា​បាន តែ​ជាក់ស្តែង​មិនបាន​នាំ​តែ​ខ្មាស​គេ​។ តែ​យ៉ាងណា​យើង​សង្ឃឹម​ខ្លះ ព្រោះ​សូម្បី​ជើងឯក​ពិភពលោក​យើង​នៅ​ទទួលបាន​មេដាយ​សំរឹទ្ធ​២ ហើយ​ការចូលរួម​លើក​នេះ​គឺ​ត្រឹម​កម្រិត​អាស៊ី​នោះទេ​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់ និង​ក្តី​រំពឹង​របស់លោក ជា ប៊ុនហេង ដែលជា​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​កម្ពុជា​ទៅ​ចូលរួម​ការប្រកួត​មួយ​នេះ​។  
 
​ក្នុងចំណោម​ប្រទេស​ទាំង​១៣​ដែល​ចូលរួម​ការប្រកួត​នេះ លោក ជា ប៊ុនហេង បានចាត់ទុក​កីឡា​មកពី​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ថៃ​ជា​ឧបសគ្គ​ធំ​សម្រាប់​កម្ពុជា​ក្នុង​ប្រជែង​ដណ្តើម​មេដាយ​។ អនុប្រធាន​ទី​១​សហព័ន្ធ​រូបនេះ​បន្ថែមថា កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១៧​រូប​ឲ្យ​ចូលរួម​ការប្រកួត The 1st Asian Junior Soft Tennis Championship ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២៨-៣១ ខែសីហា នៅ​ទីក្រុង​ម៉ា​នី​ឡា​ប្រទេស​ហ្វីលីពីន​។ 
 
​ជាមួយគ្នានេះ​ក្រុម​កីឡាករ​ជម្រើសជាតិ​សូ​ហ្វ​តិ​ន្នី​ស​មួយក្រុម​ផ្សេងទៀត ក៏បាន​ទទួល​គោលការណ៍​អនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផងដែរ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ី Asian University Soft Tennis Championship ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩៕ 







Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  Asian University Soft Tennis Championship
© រក្សាសិទ្ធិដោយ thmeythmey.com