សុខភាព
អន្តរជាតិ
ការប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​ជាប់លាប់​ជា​គន្លឹះ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​
30, Aug 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ជំងឺគ្រុនចាញ់​សម្លាប់​មនុស្ស​ជាង​៤០០.០០០​នាក់ ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត Paul Krezanoski ដែលជា​អ្នកជំនាញ​បង្ការ​ជំងឺគ្រុនចាញ់​នេះ​បាន​និយាយថា មុង​ជ្រលក់​ថ្នាំ​អាចជួយ​កាត់បន្ថយ​ចំនួន​មនុស្ស​ស្លាប់​បាន​។ លោក វេជ្ជបណ្ឌិត Krezanoski បាន​ថ្លែងថា​៖

 
«​ក្នុង​រយៈពេល​១៥​ឆ្នាំមុន រហូតដល់​ឆ្នាំ​២០១៥ មានការ​ប៉ាន់​ស្មានថា ការឆ្លង​ជំងឺគ្រុនចាញ់​បាន​ថយចុះ​ប្រមាណ​ជា​ពាក់កណ្តាល ហើយ​៦០%​នៃ​ការធ្លាក់ចុះ​នេះ​គឺ​ដោយសារតែ​ការប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​»​។​
 
​ទោះជា​យ៉ាងណាក្តី អង្គការ​សុខភាព​ពិភពលោក WHO បាន​របាយការណ៍​ថា កិច្ចប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺគ្រុនចាញ់​ត្រូវបាន​ជាប់គាំង តាំងពី​ឆ្នាំ​២០១៥​មក​។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នកស្រាវជ្រាវ​មួយចំនួន​យល់ថា មុង​អាច​គ្មាន​ប្រសិទ្ធភាព​ដូច​កាលពីមុន​នោះទេ​។​
 
​លោក​វេជ្ជបណ្ឌិត Krezanoski ចង់ដឹងថា​តើ​មនុស្សម្នា​ពិតជា​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​តាម​ការណែនាំ​ដែរឬទេ​។ លោក​បាន​សហការ​ជាមួយនឹង​សហគមន៍​សម្រាប់​បច្ចេក​វិទ្យា​វេជ្ជសាស្ត្រ​មានតម្លៃ​សមរម្យ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Consortium for Affordable Medical Technologies ក្នុងប្រទេស​អ៊ូ​ហ្គា​ន់​ដា ដើម្បី​បង្កើត​ឧបករណ៍​ឈ្មោះ SmartNet ដែល​បើ​ប្រាស់​សរសៃ​មុង ដើម្បី​តាមដាន​ថា​តើ​មុង​ត្រូវបាន​គេ​ប្រើប្រាស់​ដែរឬទេ​។ លោក​បានស្នើ​ឲ្យ​គ្រួសារ​ក្នុងប្រទេស​អ៊ូ​ហ្គា​ន់​ដា​ប្រើប្រាស់​ឧបករណ៍​នោះ ដូច​ពួកគេ​ប្រើប្រាស់​មុង​ធម្មតា​។​
 
​លោក​បាន​និយាយថា​៖ «​អ្នក​អាចយ​ល់ហើយ​ថា ប្រសិនបើ​ពួកគេ​ដឹងថា មានការ​តាមដាន​ទៅលើ​ការប្រើ​មុង​របស់​ពួកគេ នោះ​ពួកគេ​នឹង​ប្រើ​វា​ជាប់លាប់ ហើយ​នេះ​ជា​អ្វីដែល​អ្នកស្រាវជ្រាវ​ចង់​បាន ប៉ុន្តែ​រឿងនេះ​មិនបាន​កើតឡើង​អីចឹង​ទេ ហើយ​វា​បាន​ប្រាប់​ខ្ញុំ​ថា ការប្រើប្រាស់​មុង​មាន​ភាពខុសគ្នា​ច្រើនជាង​អ្វីដែល​ខ្ញុំ​ធ្លាប់​បានដឹង​ទៅទៀត​»​។​
 
​លោកស្រី Kate Zinszer ដែលជា​អ្នកជំនាញ​នៃ​រោគរាតត្បាត​នៅឯ​សាកលវិទ្យាល័យ Montreal បាន​និយាយថា ការរកឃើញ​នេះ​ជួយ​ពន្យល់​ពី​ការធ្លាក់ចុះ​មួយចំនួន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​។​
 
​លោកស្រី ZINSZER បាន​និយាយថា​៖
 
«​ខ្ញុំ​គិតថា វា​ជា​គំនិត​ច្នៃប្រឌិត​មួយ​។ ខ្ញុំ​គិតថា​ការវិនិយោគ​លើ​មុង​នេះ សំខាន់បំផុត​គឺ​ត្រូវ​ដឹងថា​មុង​ទាំងនោះ​ពិតជា​ត្រូវបាន​គេ​ប្រើប្រាស់​ពិតមែន​ឬទេ​។ ដូច្នេះ​ខ្ញុំ​គិតថា នេះ​ជាការ​រីកចម្រើន​មួយ​ដ៏​សំខាន់​»​។​
 
​លោក​វេជ្ជបណ្ឌិត Krezanoski សង្ឃឹមថា នៅ​ទីបំផុត​លោក​អាច​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​រយៈ​ពេលដែល​ក្មេង​ប្រើប្រាស់​មុង និង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺគ្រុនចាញ់​។​
 
​លោក​វេជ្ជបណ្ឌិត KREZANOSKI បាន​និយាយថា​៖
 
«​ខ្ញុំ​គិតថា ឧបករណ៍​នេះ​នឹង​ជួយ​ដល់​សហគមន៍​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​អន្តរជាតិ​កំណត់​បាន​ច្បាស់​ពី​ថវិកា​វិនិយោគ​ដែល​យើង​ត្រូវការ​ដើម្បី​ចែកចាយ​មុង និង​ជួយ​កំណត់​ពី​ឥរិយាបថ​របស់​មនុស្ស​ក្នុងការ​ប្រើប្រាស់​មុង និង​ជួយ​យើង​ឲ្យ​ស្វែងយល់​ពី​វិធី​ល្អ​បំផុត​ក្នុងការ​កាត់បន្ថយ​ជំងឺគ្រុនចាញ់​នៅពេល​អនាគត​»​។​
 
​បើតាម​អង្គការ​សុខភាព​ពិភពលោក ប្រទេស​ចំនួន​២១​មាន​សក្តានុពល​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅត្រឹម​ឆ្នាំ​២០២០ ហើយ​ការប្រើប្រាស់​មុង​ត្រឹមត្រូវ​អាចជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com