កីឡាជាតិ
ជាតិ
សិក្ខាកាម​៣០​រូប​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​គ្រូបង្វឹក​បាល់ទះ ពី​អ្នកជំនាញ​មកពី​បង់​ក្លា​ដែ​ស​
30, Aug 2019 , 8:19 pm        
រូបភាព
ដោយ:
​សិក្ខាកាម​ជា​គ្រូបង្វឹក និង​ជា​កីឡាករ​ចំនួន​៣០​រូប ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​គ្រូបង្វឹក​បាល់ទះ​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ជាក់ស្តែង​ពី​អ្នកជំនាញ​មកពី​បង់​ក្លា​ដែ​ស គឺ​លោក Shameen-Al-Mamun ដែល​ប្តេជ្ញា​ចែករំលែក​បទពិសោធ​ទាំងអស់​របស់ខ្លួន​ក្នុង​វគ្គ​សិក្សា​នេះ​។ លោក បឹង គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​លើក​ពី​សារសំខាន់​នៃ​វគ្គ​នេះ​ថា គឺជា​ថ្នាល​បណ្តុះ​ធនធាន​គ្រូបង្វឹក​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ហើយ​លោក​ជំរុញ​ឲ្យ​សិក្ខា​ទាំងអស់​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​។

 
​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្រោម​គម្រោង​សិក្សា​សាមគ្គី​អូឡាំពិក បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​គ្រូបង្វឹក​កីឡាបាល់ទះ​កម្រិត​មូលដ្ឋាន​ក្រោម​បទឧទ្ទេស​លោក Shameen Al Mamun អ្នកជំនាញ​មកពី​ប្រទេស​បង់​ក្លា​ដែ​ស ដែល​ជោគជាំ​ដោយ​បទពិសោធ​បង្រៀន​។ ក្រៅពី​សិក្សា​លើ​ទ្រឹស្តី សិក្ខា​ម​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​លើ​ទីលាន​បង្វឹក​ជាក់ស្តែង​ជាមួយ​អ្នកជំនាញ​រូបនេះ​ផងដែរ​។ 


លោក បឹង គឹមតោ និយាយពេលបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះ
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​លោក បឹង គឹម​តោ ចាត់ទុក​វគ្គ​សិក្សា​នេះ​ថា គឺ​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​គ្រូបង្វឹក ដើម្បី​ពង្រីក​សក្តានុពល​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា សម្រាប់​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣​។ វា ក៏​ជាការ​ឆ្លើយតប​ជាមួយ​កំណែទម្រង់​ស៊ីជម្រៅ​របស់ NOCC និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​បាន​ដាក់ចេញ​ឲ្យ​សហព័ន្ធ​នីមួយៗ​ខិតខំ​បណ្តុះ​ធនធាន សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ​។​
 
​សម្រាប់​លោក Shameen Al Mamun ទោះបី​វគ្គ​សិក្សា​នេះ​មាន​រយៈពេល​ខ្លី តែ​វា​មាន​សារសំខាន់​ក្នុងការ​បណ្តុះ​ធនធាន​គ្រូបង្វឹក ដែល​ទាមទារ​ឲ្យ​សិក្ខាកាម​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​។ លោក​បន្ថែមថា​៖«​ខ្ញុំ​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ចែករំលែក​ចំណេះដឹង​និង​បទពិសោធ ដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន​ទៅ​ឲ្យ​អ្នក​ទាំងអស់គ្នា ដើម្បី​ឲ្យ​អ្នក​ទាំងអស់គ្នា​អាច​អភិវឌ្ឍន៍​ខ្លួន​ទៅជា​គ្រូបង្វឹក​កម្រិត​អន្តរជាតិ និង​មាន​សមត្ថភាព​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​អត្ត​ព​លិ​ក​កីឡាបាល់ទះ​នៅ​ប្រទេស​កម្ពុជា​»​។   


លោក Shameen Al Manun គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាល់ទះ
 
​លោក បឹង គឹម​តោ បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា ក្រេប​ចំណេះ​ពី​អ្នកជំនាញ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​។ «​សិក្ខាកាម​ទាំងអស់ ត្រូវខិតខំ​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ពី​គ្រូឧទ្ទេស ដើម្បី​ឲ្យ​យើង​អាច​យក​ចំណេះដឹង​ទៅ​បណ្តុះបណ្តាល​កីឡាករ​នៅតាម​ក្លិប​-​សមាគម​រៀងៗ​ខ្លួន សម្រាប់​ត្រៀម​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​»​។​
 
​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​បាល់ទះ​កម្រិត​មូលដ្ឋាន​ខាងលើ​មាន​សិក្ខាកាម​ចំនួន​៣០​រូប​មកពី​១២​ក្លិប​-​សមាគម​រាជធានី​-​ខេត្ត​ចូលរួម​។ វគ្គ​បណ្តុះបណ្តាល​លើក​ទី​៦​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៨ ខែសីហា ដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩៕



Tag:
 បាល់ទះ​
  បឹង គឹម​តោ​
  Shameen Al Manun
© រក្សាសិទ្ធិដោយ thmeythmey.com