អន្តរជាតិ
កូរ៉េខាងជើង បន្ត​កែ​រដ្ឋធម្មនុញ្ញ​ឲ្យ​លោក គីម ជុង​អ៊ុន ក្លាយជា​ប្រមុខរដ្ឋ​ពេញលក្ខណៈ​
30, Aug 2019 , 2:58 pm        
រូបភាព
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
​សភា​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៩ ខែសីហា បាន​បន្តធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន ដែល​បាន​ពង្រឹង​អំណាច​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាន់តែ​ណែន​ពេញដៃ​ថែមទៀត​។ នា​កិច្ចប្រជុំ​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​២០១៩ សភា​កូរ៉េខាងជើង បានប្រគល់​កិច្ចការ​នានា​ដែលជា​ភារកិច្ច​សម្រាប់​ប្រមុខរដ្ឋ​ទៅ​ឲ្យ​លោក គីម ជុង​អ៊ុន ។ វិសោធនកម្ម​លើក​នេះ នឹងធ្វើ​ឲ្យ​លោក គីម មាន​ឋានៈ​ស្មើមុខស្មើមាត់​ដូច​ប្រមុខរដ្ឋ​ប្រទេស​ដទៃទៀត​។

 
​សភា​កូរ៉េខាងជើង បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​ពីរ​នៃ​អាណត្តិ​ទី​១៤ របស់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែសីហា​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង (KCNA) ផ្សាយ​ថា វិសោធនកម្ម​និង​ការបំពេញបន្ថែម​រដ្ឋធម្មនុញ្ញ​សង្គមនិយម​របស់​ប្រទេស ជា​របៀបវារៈ​សំខាន់​។ ការកែប្រែ​លើក​នេះ ក៏បានផ្ដល់​អំណាច​រដ្ឋ​ច្រើន​ថែមទៀត​ទៅ​ឲ្យ​ប្រមុខ​ដឹកនាំ​វ័យក្មេង​លោក គីម ជុង​អ៊ុន ដែល​គ្រប់គ្រង​កូរ៉េខាងជើង​គ្រប់​វិស័យ គ្រប់​រឿង​ទៅហើយនោះ​។ 
 
​អ្វីដែល​ត្រូវ​បន្ថែម​ទៅក្នុង​រដ្ឋធម្មនុញ្ញ​កូរ៉េខាងជើង គឺ​ឋានៈ​របស់​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ ដែល​កាន់កាប់​ដោយ​លោក គីម ។ នា​កិច្ចប្រជុំ​ខែមេសា​កន្លងទៅ ដោយសារ​តំណែង​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ លោក គីម ត្រូវបាន​ផ្ដល់​ឋានៈ​ជា​ប្រមុខរដ្ឋ​របស់​កូរ៉េខាងជើង​។ កាលពីមុន តំណែង​ប្រមុខរដ្ឋ​នេះ ត្រូវបាន​កាន់កាប់​ដោយ​ប្រធានសភា​កូរ៉េខាងជើង​។ លើសពីនោះ លោក គីម ក៏​ជា​អគ្គមេបញ្ជាការ​កងទ័ព​ប្រជាជន​កូរ៉េ​ផងដែរ​។​
 
​សម្រាប់​ជំនួប​ខែសីហា​នេះ ប្រធានសភា​កូរ៉េខាងជើង ឆេ យ៉ុង​ហេ (Choe Ryong-hae) ប្រកាសថា ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ គឺជា​មេដឹកនាំ​កំពូល​របស់​បក្ស រដ្ឋ និង​កងទ័ព​កូរ៉េខាងជើង​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ឆន្ទៈ និង​ការចង់បាន​របស់​ប្រជាជន​កូរ៉េ​ទាំងអស់​។ ក្នុង​បញ្ញត្តិ​ថ្មី​នេះ លោក គីម ដែលជា​ប្រធាន​គណៈកម្មការ​ទើប​បង្កើត​នៅ​ឆ្នាំ​២០១៦  មានអំណាច​ចេញ​បញ្ជា ក្រិ​ត្យ តែង​តែង ឬ​កោះហៅ​អគ្គរដ្ឋទូត​នៅឯ​បរទេស​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ ត្រូវ​ជ្រើសរើស​ដោយ​សភា ប៉ុន្តែ​មិនមែនជា​សមាជិកសភា​ឡើយ​។ ការ​ប្រែ​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់ ជា​មិន​ធ្លាប់មាន​ឡើយ​នៅ​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក គីម បាន​កែប្រែ​ច្បាប់កំពូល​នេះ​ជាច្រើនលើក ដើម្បី​គ្រប់គ្រង​លើ​កិច្ចការ​ទាំង​អម្បាលម៉ាន​ក្នុងប្រទេស​។ ការ​ក្លាយជា​ប្រមុខរដ្ឋ​កូរ៉េខាងជើង​នេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​ផ្លាស់ប្ដូរ​មុខមាត់​កូរ៉េខាងជើង ឲ្យ​មាន​ប្រព័ន្ធ​ដឹកនាំ​មួយ​ដូច​ប្រទេស​ឯទៀត​ដែរ​។​
 
​ទោះជា​ក្លាយជា​ប្រមុខរដ្ឋ ឬ​ក្ដាប់​កិច្ចការរដ្ឋ​ក្ដី ធាតុពិត​ទៅ លោក គីម នៅតែ​ជា​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​ដដែល​។ ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​កូរ៉េខាងជើង​មាន​ប្រព័ន្ធ​ដូច​ប្រទេស​នានា ដែលមាន​ការបែងចែក​ស្ថាប័នរដ្ឋ​ដាច់ដោយឡែក ទោះ​ក្រោយ​ខ្នងមនុស្ស​តែ​ម្នាក់​ជា​អ្នកដឹកនាំ​ក៏ដោយចុះ​។ ជា​ប្រមុខរដ្ឋ លោក គីម ក៏​អាច​ទទួល​បដិសណ្ឋារកិច្ច​អធិកអធម​ដូច​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​, ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឬ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដូច្នោះ​ដែរ​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com