ជាតិ
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បើកប្រកួតស្នាដៃស្ថាបត្យកម្ម«វិថីលក់ម្ហូបអាហារ» សម្រាប់ខេត្តកែប
×
ដោយ៖ ឆាយ រង្សី
ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកែប និងសហភាពសហពន្ធ័យុវជនកម្ពុជា ដាក់ចេញនូវកម្មវិធីប្រកួតប្រជែង គម្រោងប្លង់ស្ថាបត្យកម្ម លើគម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) សម្រាប់ក្រុងកែប។ នេះបើតាមការចុះផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
កម្មវិធីប្រកួតប្រជែងនេះ គឺដើម្បីបង្កើនគុណភាព និងភាពទាក់ទាញលើវិស័យទេសចរណ៍របស់ខេត្តកែប ដែលជាខេត្តជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់ផ្ការំដួលបីទងថ្នាក់ជាតិ និងជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក៏ដូចជាចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ប្រភពដដែល បញ្ជាក់ទៀតថា ការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មនេះ គឺសម្រាប់តែនិស្សិត ដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ និងទី៥ នៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានដែលមានជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ឬទេសចរណ៍ និងជំនាញពាក់ព័ន្ធ។ ក្រុមនីមួយ ត្រូវមានសមាជិក៣រូប។
ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា ស្នាដៃរបស់បេក្ខជនទាំងអស់ ត្រូវមានសោភណភាពល្អ បង្ហាញពីអត្តសញ្ញាណស្ថាបត្យកម្មបែបខ្មែរ, បែបទំនើប ឬស្ថាបត្យកម្មបែបសហស្សវត្សរ៍ ដោយគោរពនូវបទដ្ឋាន និងក្បូនខ្នាតច្បាស់លាស់។ គម្រោងប្លង់នេះ ក៏ត្រូវតែមានការរចនាទាក់ទងពីការអភិវឌ្ឍន៍បៃតង និងលក្ខណៈនៃបែបបទទូទៅ នៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្ត្រ នៃទីក្រុង រួមទាំងគិតគូរពីការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពឆ្លាតវៃ (Smart City)។
ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ៤លានរៀល, លេខ២ ថវិកាចំនួន ៣លានរៀល និងលេខ៣ ថវិកាចំនួន ២លានរៀល រួមទាំងវិញ្ញាបនបត្របញ្ជាក់ជ័យលាភីម្នាក់មួយ។ នេះបើតាមក្រសួងទេសចរណ៍ ដែលបានបន្តថា ការទទួលពាក្យចូលរួមប្រកួតប្រជែង ចាប់ផ្តើមពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែកញ្ញា។
និស្សិត អាចដាក់ពាក្យសុំប្រកួតប្រជែងស្នាដៃ នៅនាយកដ្ឋានសណ្ឋាគារ និងម្ហូបអាហារនៃក្រសួងទេសចរណ៍ ដែលមានទីតាំងស្ថិតនៅអគារលេខ៣A ផ្លូវ១៦៩ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាន់ទី៤) និងតាមរយៈអ៊ីម៉ែល
[email protected] ឬតាមOnline :
https://forms.gle/kM38ReNmVEM5xHTG8។ នេះបើតាមក្រសួងទេសចរណ៍ដដែល៕
Tag:
ប្រកួតប្រជែង
កែប
ក្រសួងទេសចរណ៍
ស្ថាបត្យកម្ម
FOOD STREET
Smart City
© រក្សាសិទ្ធិដោយ thmeythmey.com