ជាតិ
សង្គមជាតិ
​អាជីវកម្ម​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី កុយរមាស និង​រូបភាព​ផ្សេងៗ​ពាក់ព័ន្ធ​សត្វព្រៃ គឺ​ខុសច្បាប់​
30, Aug 2019 , 9:59 pm        
រូបភាព
ប្រភព​រូបភាពទាំងអស់ពីក្រសួង​បរិស្ថាន
ប្រភព​រូបភាពទាំងអស់ពីក្រសួង​បរិស្ថាន
ដោយ:
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានចេញ​សេចក្តីជូនដំណឹង​ទៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​សង្ស័យថា​អាចមាន​ការលក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​ទង្វើ​ទាំងនោះ​ខុស​នឹង​ច្បាប់​ព្រៃឈើ​ត្រង់​មាត្រា ៩៧ (​ចំណុច​ទី​១០) និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ត្រង់​មាត្រា ៥៩ (​ចំណុច​ទី​៥)​។

 
​ការហាម​ប្រាម​របស់​ក្រសួងបរិស្ថាន ធ្វើឡើង ក្រោយពី​មាន​របាយការណ៍​អង្កេត​ស្រាវជ្រាវ​របស់​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​បង្ហាញថា នៅតាម​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន​៣២​កន្លែង​នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ គឺជា​កន្លែង​ដែល​ប្រមូលផ្តុំ​ដោយ​អាជីវករ​លក់​គ្រឿង​វត្ថុ​អនុស្សាវរីយ៍​ដែល​ធ្វើ​ពី​ភ្លក់​ដំរី និង​កុយរមាស​។​


 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា​៖«​ការធ្វើ​ពាណិជ្ជកម្ម​ដូចជា​ការលក់ នាំចូល​និង​នាំចេញ​នូវ​ទំនិញ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មានចែង​នៅក្នុង ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។​
 
​លោក នេត្រ ភក្ត្រា បានចាត់ទុក​សកម្មភាព​ខុសច្បាប់​ទាំងនេះ ជា​ឥទ្ធិពល​អវិជ្ជមាន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងនាម​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​កំពុង​រងគ្រោះថ្នាក់ ក៏ដូចជា​ធ្វើឱ្យ​ខូច​កិត្តិ​ស័ព្ទ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ សកម្មភាព​ទាំងនេះ​ត្រូវ​ប្រឈម​នឹង​ការអនុវត្ត​ច្បាប់​ដ៏​តឹងរឹង​បំផុត​។ 
 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​សកម្មភាព​លក់​គ្រឿង​អនុស្សាវរីយ៍​ដែល​ច្នៃ​ពី​សត្វព្រៃ ក្រសួងបរិស្ថាន ប្រាប់​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់ ដើម្បី​រួមគ្នា លុបបំបាត់​ការជួញដូរ​សត្វព្រៃ​គ្រប់​រូបភាព​ទាំង​អស់ទាំង​កន្លែង​កែច្នៃ និង​កន្លែង​លក់​។ 


 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានបញ្ជាក់​ទៀតថា​៖«​កម្ពុជា​ក្នុងនាម​ជា​សមាជិក អង្គការសហប្រជាជាតិ​គឺ​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​សហការ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​ប្រទេស​ទាំងអស់ ក្នុងការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ កម្ពុជា​បាន និង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​កម្ពុជា​ក៏បាន​សហការ​ក្នុងនាម ជា​ដៃគូ​អន្តរជាតិ​នានា​ក្នុងការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ដែរ​នៅលើ​ពិភពលោក​ផងដែរ​។​
 
​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​ឃាត់​បាន​ភ្លុក​ដំរី កុយរមាស និង​គ្រឿង​ចម្លាក់​ដែល​ច្នៃ​ពី​ភ្លុក​ដំរី និង​កុយរមាស​ប្រមាណ​ជាង​៥​តោន ដែល​លួច​នាំចូល​ក្នុងប្រទេស​ក​ម្ពុ​ជា និង​លួច​នាំ​ចេញទៅ​ក្រៅប្រទេស​។ ជាមួយគ្នា​ផងដែរ សមត្ថកិច្ច​ក៏​បង្ក្រាបបាន​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេង​ផងដែរ​។ 
 
​របាយការណ៍​ដែល​ទាក់ទង​នឹង​សត្វព្រៃ​ដែល​បង្ហាញ​ដោយ​ក្រុមបច្ចេកទេស​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ បាន​បញ្ជាក់ថា កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ឆ្លងដែន​ដ៏​ធំ សម្រាប់​នាំយក​សត្វព្រៃ​ដូចជា ភ្លក់​ដំរី និង​ភ្លក់​កុយរមាស​ជា​លក្ខណៈ​សកល​សម្រាប់​លក់​នៅ​ទីផ្សារ​បរទេស​ដទៃ​៕ 























Tag:
 បរិស្ថាន​
 ​ភ្លុក​ដំរី​
 ​កុយរមាស​
 ​អាជីវករ
© រក្សាសិទ្ធិដោយ thmeythmey.com