ជាតិ
ប្រតិបត្តិ​ករ​ទេសចរណ៍​ថា រដ្ឋាភិបាល​គួរ​លើកលែង​ទិដ្ឋាការ ដើម្បី​ដោះ​ស្រោ​យ​បញ្ហា​ទេសចរ​នៅ​សៀមរាប​ធ្លាក់​ខ្លាំង​
31, Aug 2019 , 11:29 am        
រូបភាព
​សៀមរាប​៖ ចំនួន​ទេសចរ​ក្នុង​ខេត្តសៀមរាប​ធ្លាក់ចុះ​ខ្លាំង ធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​កំពុង​ប្រឈម នឹង​ការបិទ​អាជីវកម្ម និង​ខ្លះទៀត​បាន​បិទទ្វារ​ទៅហើយ​។ ជុំវិញ​បញ្ហា​នេះ ក្រុម​ប្រតិបត្តិ​ករ បាន​ជួបប្រជុំ​ពិភាក្សារ​គ្នា​ជាប្រចាំ រក​ដំណោះស្រាយ​បន្ទាន់​ដែល​គួរតែ​ធ្វើ ដើម្បីឱ្យ​ទេសចរ​កើនឡើង​វិញ​។ ប្រតិ​ប​ត្ដិករ​ទេសចរណ៍​យល់ថា រាជរដ្ឋាភិបាល​គួរ​ពិចារណា លើកលែង​ទិដ្ឋាការ​ដល់​ទេសចរ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នេះ​។​


 ​សូម​ស្ដាប់​សំឡេង​របស់លោក កៅ ហ្វី​លី​ព ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ជួបជុំ​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​៖



​ការធ្លាក់ចុះ​ខ្លាំង នៃ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប បាន​កើតឡើង​ប្រមាណ​មួយឆ្នាំ​មកហើយ ។ ទាំង​ក្រសួង​, ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​ប្រតិ​ប​ត្ត​ករ សុទ្ធតែ​បាន​ទទួលស្គាល់ថា នេះ​ជា​បញ្ហា ដែល​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​លឿន​បំផុត​។ ​លោក កៅ ហ្វី​លី​ព ប្រធាន​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍  លើកឡើង​ក្នុងជំនួប​ប​ប្រតិបត្តិ​ករ​ទេសចរណ៍ លើក​ទី​៤៨ កាលពី​ថ្ងៃទី​៣០ ខែសីហា កន្លងទៅ​ថា ទេសចរ​ឆ្នាំនេះ ធ្លាក់​ខ្លាំង​គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ 
 
​ដំណោះស្រាយ​បញ្ហា​ធ្លាក់ចុះ​ទេសចរ​នៅ​សៀមរាប អ្នកជំនាញ​វិស័យ​ទេសចរណ៍​រូបនេះ យល់ថា​រដ្ឋាភិបាល​គួរ​ពិចារណា​លើកលែង​ទិដ្ឋាការ ដូច​ប្រទេសជិតខាង​ដែល​គេ​បានធ្វើ​។ លោក កៅ ហ្វី​លី​ព​បន្ថែម​៖ «​ដ្បិត​វា​មានការ​ខាតបង់​បន្ដិច​មែន តែ​វា​ក៏​នឹង​ទទួលបាន​ផលប្រយោជន៍ ក្នុង​កម្រិត​មួយ​វិញ​ដែរ ប្រសិនបើ​មិន​ចង់ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ជួប​ផល​លំបាក​ជាង​នេះ​»​។​
 
​លោក កៅ ហ្វី​លី​ព ពន្យល់​បន្ត​ដោយ​យក​ប្រទេស​វៀតណាម និង​ថៃ​មក​ធ្វើជា​ឧទាហរណ៍​។ ករណី​ប្រទេស​ថៃ​ដែល​កាលពី​ឆ្នាំ​២០១៨ មាន​ករណី​លិច​កប៉ាល់​នៅ​កោះ​ភូ​កេ​ត ភ្លាមៗ​រដ្ឋាភិបាល​បានចេញ​គោលការណ៍​មិន​យក​ទិដ្ឋាការ​ទេសចរ​ចិន ដូច្នេះ គេ​ក៏​ស្រូប​ទេសចរ​ចិន​បាន​ច្រើន និង​មានការ​កើនឡើង​ជាង​ពេលមុន​។ សម្រាប់​វៀតណាម​វិញ លោក ហ្វី​លី​ព យល់ថា តម្លៃ​នៃ​ជើងហោះហើរ​មានតម្លៃ​ធូរ​ថ្លៃ បើ​ធៀប​ទៅនឹង​ប្រទេស​ក្នុង​តំបន់​ជុំវិញ ហើយ​អ្នក​ដែល​ហោះហើរ​ចូល​ប្រទេស​នេះ ច្រើន​មកពី​អឺរ៉ុប និង​ជប៉ុន​។ ថ្មីៗ​នេះ មានការ​គិតគូរ​ពី​ការលើកលែង​ទិដ្ឋាការ ពី​សហគមន៍​អឺរ៉ុប​ទៀតផង​៕
 

Tag:
 ទេសចរណ៍​
 ​ទេសចរ​
 ​សៀមរាប​
 ​កៅ ហ្វី​លី​ព​
 ​ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com