កីឡាជាតិ
ជាតិ
កីឡាករ​ទូកក្តោង​៣​រូប​ទៅ​ពង្រឹងសមត្ថភាព​នៅ​ចិន ដើម្បី​ត្រៀម​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​
31, Aug 2019 , 1:46 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បញ្ជូន​កីឡាករ និង​គ្រូបង្វឹក​៤​រូប ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​៣​ខែ​នៅ​ប្រទេស​ចិន ដើម្បី​ត្រៀម​ប្រ​កួ​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​។ ទោះបី​ការ​ហ្វឹក​ហត់​មាន​រយៈពេល​ខ្លី លោក ម៉េង វ៉ាង ទីប្រឹក្សា​សហព័ន្ធ ជឿជាក់ថា កីឡាករ​កម្ពុជា​នឹងធ្វើ​បានល្អ​នៅ​ហ្វីលីពីន ហើយ​រំពឹងថា ពួកគេ​នឹង​ទទួលបាន​បទពិសោធ​ល្អៗ​ពី​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ និង​ចែករំលែក​ដល់​កីឡាករ​ផ្សេងៗ​ទៀត​។ សូត្រ មេសា កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំង​៣​រូប ប្តេជ្ញា​ថា គេ​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ហើយ​រំពឹងថា ខ្លួន​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ​។

 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីល​ពី​ន​ឆ្នាំនេះ សហព័ន្ធ​កីឡា​ទូកក្តោង​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ជូន​កីឡាករ និង​គ្រូបង្វឹក​ចំនួន​៤​រូប ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​៣​ខែ​នៅ​ប្រទេស​ចិន​។ តាម​គម្រោង​ក្រុម​កីឡាករ​ទូកក្តោង​កម្ពុ​ជា នឹង​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​ជម្រើសជាតិ​របស់​ចិន នៅ​ទីក្រុង​សាន​ថូ​វ ប្រទេស​ចិន​។​


 
​ទីប្រឹក្សា​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​លោក ម៉េង វ៉ាង ជឿជាក់ថា កីឡាករ​កម្ពុជា​នឹងមាន​សមត្ថភាព​កើនឡើង​ខ្លាំង​ក្រោយ​ហ្វឹកហាត់​ជា​គ្រូបង្វឹក​របស់​ចិន ដែលមាន​បទពិសោធ​ខ្ពស់​ក្នុងការ​បង្វឹក​។ ទោះបី​ការហ្វឹកហាត់​មាន​រយៈពេល​ខ្លី​ដោយសារ​កីឡាករ​ជាប់​ប្រឡង​បាក់​ឌុប តែ​លោក វ៉ាង រំពឹង​ខ្ពស់​ថា ក្រុម​កីឡាករ​កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នា​អំឡុង​ខែធ្នូ​ខាងមុខនេះ​។​
 
«​ខ្ញុំ​ជឿជាក់ថា សមត្ថភាព​កីឡាករ​កម្ពុជា​យើង​នឹងមាន​ការរីកចម្រើន ដោយសារ​ការហ្វឹកហាត់​នៅ​ចិន​ពួកគេ​ហាត់​ពេញ​ម៉ោង គឺ​តាំងពីព្រឹក​រហូតដល់​ល្ងាច ដែលជា​ហេតុ​ធ្វើ​គាត់​មានការ​ផ្តោតអារម្មណ៍​ខ្ពស់​លើ​ការហ្វឹកហាត់​។ ការហ្វឹកហាត់​ទៀតសោត គឺ​ពួកគេ​ត្រូវ​ហ្វឹកហាត់​ជា​កីឡាករ​ចិន ដែលមាន​បទពិសោធ​ខ្ពស់​ក្នុងការ​ហ្វឹកហាត់​។ ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹង​ទទួលបាន​បទពិសោធ​ល្អៗ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ចែករំលែក​ដល់​កីឡាករ​វ័យក្មេង​នៅ​កម្ពុជា​ពេល​ត្រឡប់មកវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉េង វ៉ាង ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា​។  
 
​តំណាង​លោក ថា​ង ហ្គោ​ដុន ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​រូបនេះ​បាន​បន្ថែមថា​៖«​វា​ជាការ​ចូលរួម​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដូច្នេះ​ក្រោយ​ហ្វឹកហាត់​នៅ​ចិន ខ្ញុំ​សង្ឃឹម​ពួកគេ​នឹងធ្វើ​បានល្អ​ជាង​ការចូលរួម​លើក​ទី​១ ព្រោះ​ការចូលរួម​លើក​ទី​១​កីឡាករ​យើង​នៅមាន​បទពិសោធ​ក្មេងខ្ចី​ក្នុង​ការប្រកួត​អន្តរជាតិ​។ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំនេះ ខ្ញុំ​រំពឹងថា កីឡាករ​យើង​នឹង​បង្ហាញ​ការប្រកួត​មួយ​ដ៏​ស្វិតស្វាញ ទោះបី​មិន​រំពឹងថា អាច​ទទួលបាន​មេដាយ​ក៏ដោយ​»​។ 


 
​សូត្រ មេសា កីឡាករ​ម្នាក់​ក្នុងចំណោម​៣​នាក់ ដែល​ទៅ​ហ្វឹកហាត់​នៅ​ចិន ក៏​មិន​ខុសពី​លោក ម៉េង វ៉ាង ដែរ គឺ​រូបគេ​រំពឹងថា នឹងធ្វើ​បានល្អ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ ខណៈ​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៧ រូបគេ​បានបញ្ចប់​ក្នុង​ចំណាត់​ថ្នាក់ក្រោម​គេ​។ ជាមួយ​ការបង្ហាញ​ក្តី​រំពឹង កីឡាករ​មកពី​ខេត្ត​ព្រះសីហនុ​រូបនេះ ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ 
 
​កីឡាករ សូត្រ មេសា ដែល​ត្រូវ​ហ្វឹកហាត់​លើ​វិញ្ញាសា Windsurfing RSX បាន​តាំងចិត្ត​ថា​៖«​ខ្ញុំ​ប្តេជ្ញា​ប្រឹង​ហ្វឹក​ហត់​បង្កើន​សមត្ថភាព ដើម្បី​នាំ​ជ័យជម្នះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​នាពេលខាងមុខ ជូន​ប្រទេសជាតិ​។ គោលបំណង​ដែល​ខ្ញុំ​ចូលរួម​លេង​កីឡា​ទូកក្តោង គឺ​ចង់​នាំ​ជ័យជម្នះ​ជូន​ជាតិ និង​ធ្វើ​ឲ្យ​ប្រទេស​លើ​ពិភពលោក​ស្គាល់​កម្ពុជា​តាមរយៈ​កីឡា​នេះ​»​។​
 
​មេសា បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ទូកក្តោង​តាំងពី​ឆ្នាំ​២០១៥​។ រូបគេ​បានបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​ផ្លូវការ​ពីរលើក គឺ​នៅ​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ោង​ឡេ​ស៊ី និង Asian Games ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី តែ​មិន​ទទួលបាន​លទ្ធផល​ល្អ​នោះទេ​។ ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ​ប្រមាណ​៤​ឆ្នាំ មេសា ធ្លាប់បាន​សាង​ស្នាដៃ​ជាច្រើន​ផងដែរ តាមរយៈ​ទទួលបាន​មេដាយ​ថ្នាក់​អន្តរជាតិ​កម្រិត​អាស៊ាន និង​អាស៊ី​នៅ​ថៃ និង​សិង្ហ​បុរី​ជាដើម​។ 


 
​បើតាម​គ្រូបង្វឹក​លោក សោម សិទ្ធិ​ពង្ស ក្រៅពី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ក្រុម​កីឡាករ​កម្ពុជា​នឹងចូលរួម​ការប្រកួត​ជើងឯក​អាស៊ី​មួយ​នៅ​ចិន នា​អំឡុង​ខែតុលា ឆ្នាំ​២០១៩​ផងដែរ​។ នេះ​ជា​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការវាស់ស្ទង់​ពី​កម្រិត​បច្ចេកទេស និង​សិក្សា​ពី​ចំណុចខ្សោយ​របស់ខ្លួន ហើយ​វា​ជា​បទពិសោធ​ដ៏​ល្អ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។ បើតាម​លោក សិទ្ធិ​ពង្ស ការប្រកួត​នេះ​អាចមាន​ប្រទេស​ចូលរួម​ពី​២០​ទៅ​៣០​ប្រទេស ហើយ​លោក​រំពឹងថា កីឡាករ​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ និង​បទពិសោធ​ល្អៗ​ពី​កីឡាករ ដែល​ចូលរួម​ការប្រកួត​នេះ​។ 
 
​នេះ​ជា​លើក​ទី​៣​ហើយ ដែល​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​បញ្ជូន​កីឡាករ​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ បើតាម​លោក ម៉េង វ៉ាង កត្តា​ដែល​នាំ​ឲ្យ​កម្ពុជា​បញ្ជូន​កីឡាករ​ទៅ​ចិន ដោយសារ​ចិន​ជា​ប្រទេស​កត្តា​នុព​ល​លើ​ផ្នែក​នេះ ដែល​ធ្លាប់​ឈ្នះ​មេដាយមាស​អូឡាំពិក​។ ម្យ៉ាងទៀត​នៅ​ទីនោះ​សម្បូរ​ដោយ​ធនធាន​គ្រូបង្វឹក​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បង្វឹក និង​ហេតុផល​មួយទៀត​ដោយសារ​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​។ 
 
​កីឡាករ​គ្រូបង្វឹក​ទាំង​៤​រូប​រួមមាន គ្រូបង្វឹក សោម សិទ្ធិ​ពង្ស​, កីឡាករ សូត្រ មេសា​, ប៉ាល់ សីលា និង​កីឡាករ កែវ ភា​រុណ​។ ក្រៅពី​កីឡាករ​ទាំង​៣​រូប ក៏មាន​កីឡាករ​មួយរូប​ទៀត​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ផងដែរ​។ ប្រតិភូ​កីឡា​ទូកក្តោង​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ម៉េង វ៉ាង បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា​។ ការ​ទៅ​ហ្វឹកហាត់​នៅ​ចិន​នេះ ទទួលបាន​ការឧបត្ថម្ភ​ពី​លោក ថា​ង ហ្គោ​ដុន អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​(CAMSOC)​លើក​ទី​៣២​ឆ្នាំ​២០២៣៕  



Tag:
 ទូកក្តោង​
  ម៉េង វ៉ាង​
  សោម សុទ្ធ​រិ​ទ្ធិ​ពង្ស​
  សូត្រ មេសា
© រក្សាសិទ្ធិដោយ thmeythmey.com