ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​ថៃ Panpayak Jitmuangnon សន្យា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើបចិត្ត​នៅ​វៀតណាម​
31, Aug 2019 , 2:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
Panpayak Jitmuangnon ដែលជា​កីឡាករ​កម្រិត​កំពូល​ម្នាក់​របស់​ថៃ និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ បាន​ត្រឡប់​ចូល​សង្វៀន​ជាថ្មី​ដោយ​ចូល​ប្រកួត​ក្នុង​កម្មវិធី ONE: IMMORTAL TRIUMPH ដើម្បី​ប្រជែង​យកជ័យ​ជម្នះ​បន្ថែមទៀត​។


​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែកញ្ញា​ខាងមុខ នៅលើ​រេញ Phu Tho Indoor Stadium នា​ក្រុង ហូជីមិញ កីឡាករ Panpayak Jitmuangnon  រហស្សនាម «The Angel Warrior» នឹង​បង្ហាញខ្លួន​ដើម្បី​ប្រកួត kickboxing ដែលជា​ការរៀបចំ​លើកដំបូង​នៅ​ប្រទេស​វៀតណាម​។ 
 
​កីឡាករ​វ័យ ២៣ ឆ្នាំ​នឹង​ប្រឈមមុខ​ដាក់ Masahide Kudo ក្នុង​ប្រភេទ​ទម្ងន់ flyweight  ហើយ ម្ចាស់​ជើង​ខ្សែក្រវាត់ Muay Thai World Champion ៥​សម័យកាល​នឹង​ប្រើ​ជំនាញ​ជើងឆ្វេង​របស់ខ្លួន​ដើម្បី​តេស្ត​គូប្រកួត​ថ្មី​។ Panpayak បានបង្ហាញ​ខ្លួន​លើកដំបូង​លើស​ង្វៀន ONE ដោយ​ឈ្នះ​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Rui Botelho កាល​ខែ ធ្នូ​។ កីឡាករ​ថៃ​ជំនាញ កណ្ដាប់ដៃ និង​ទាត់ ហើយ​រឹត​ពិសេស​ក្បាច់​បញ្ចប់​គូប្រកួត​ដោយ​ការ​ទាត់​ចំក្បាល​។ Panpayak មានកំណត់​ត្រា​ប្រកួត​មិនធម្មតា​ឡើយ​ដោយ​ឈ្នះ ២៤៤ លើក ចាញ់ ៤០ លើក និង ស្មើ ៣ លើក​។ បុរស​មកពី​ខេត្ត Samut Prakan ជឿជាក់ថា​អាច​សម្រប​ខ្លួន​ពី មួយ​ថៃ​ទៅ​ប្រកួត kickboxing បានល្អ​។ 
 
​វីដេអូ​៖ Panpayak ឈ្នះ Rui Botelho



«​ខ្ញុំ​ពិតជា​រំភើប​។ នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​ប្រកួត kickboxing ប៉ុន្តែ​ខ្ញុំ​តែងតែ​គិត​រហូត​។ យើង​រង់​ចាំមើល​ទាំងអស់គ្នា​។ ខ្ញុំ​ជា​អ្នក​ប្រកួត​ដែលមាន​តិក​និក​ម្នាក់​។ ខ្ញុំ​គិតថា​វា​ជាការ​ផ្លាស់ប្ដូរ​ងាយស្រួល​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​ប្រើ​ជើង​ទាត់ និង កណ្ដាប់​ស្រាប់​ទៅហើយ​»​។ Panpayak ថ្លែង​បែបនេះ​។ ចំណែក​គូបដិបក្ខ​សញ្ជាតិ​ជប៉ុន​ក៏​ជា​អ្នក​ជោគជ័យ​មួយរូប​ដែរ​រួមទាំង​ទទួលស្គាល់​ពី​អ្នកគាំទ្រ​ជាច្រើន​ទៀតផង​។ យ៉ាងណាក្ដី ម្ចាស់​ខ្សែក្រវាត់ REBELS Muay Thai និង RISE Featherweight Champion ត្រូវ​ស្វែងយល់​អំពី​ចំណុចខ្លាំង​របស់​គូប្រកួត​។ 
 
Panpayak ពន្យល់ថា ៖«​ក្រោយ​ទស្សនា​វីដេអូ​របស់ Kudo ប្រកួត​តទល់​នឹង Petchdam [Petchyindee Academy] ខ្ញុំ​ដឹង​អំពី​ស្ទិល​របស់គេ​។ ខ្ញុំ​មិនដែល​គិតថា គាត់​មានបទពិសោធន៍​ដូច​ខ្ញុំ​នោះទេ​។ បទពិសោធន៍​របស់ខ្ញុំ​នឹង​ផ្ដល់​គុនសម្បត្តិ​ដល់​ខ្ញុំ​។ ខ្ញុំ​ទុកចិត្ត​ថា ខ្ញុំ​អាច​ឈ្នះ ប៉ុន្តែ​មិនត្រូវ​ធ្វេសប្រហែស​នោះទេ​»​។ ទោះបី​ប្រកួត kickboxing លើកដំបូង ប៉ុន្តែ «The Angel Warrior»  ជឿជាក់​លើ​ការដាក់​គោលដៅ​ទៅរក​ជ័យជម្នះ​លើក​ទី​២៤៥ របស់ខ្លួន​។ 


 
​ស៊ុប​ពើ​ស្តារ​របស់​ថៃ គូសបញ្ជាក់ថា ៖«​ជើងឆ្វេង​របស់ខ្ញុំ នឹង​បម្លាស់​ទី​បានល្អ បូក​ទាំង​ការ​ម៉ាត់​កណ្ដាប់ដៃ​។ ខ្ញុំ​ចង់​ម៉ាត់​មុន បម្លាស់​ទី និង ស្រេកឃ្លាន​នឹង​ជ័យជម្នះ​គ្រប់​វិនាទី​។ ខ្ញុំ​នឹង​ចេញ​ដៃ​ឲ្យ​លឿន​ហើយ​ជើង​រំកិល​តាម​ក្រោយ​»​។ ទោះជា​បែបនេះ​ក្ដី កីឡាករ​ប្រដាល់​ថៃ​ទទួលស្គាល់ថា Kudo ជា​កីឡាករ​ប្រកបដោយ​គ្រោះថ្នាក់​ម្នាក់​។ Kudo មាន​កណ្ដាប់ដៃ​ជា​អាវុធ​ដ៏​គ្រោះថ្នាក់ និង​ពិបាក​ក្នុង​ការរង​ទប់​ដែរ​។ ប៉ុន្តែ​កីឡាករ​ថៃ​បង្ហើប​គម្រោង​វ៉ៃ​តតាំង​ជាជាង​ចាំតែ​រង​។ 
 
Panpayak កីឡាករ​ល្អ​ម្នាក់​ដោយ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ Sports Writers Association Of Thailand Fighter Of The Year ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ពី ២០១៣ ដល់ ២០១៥​។ តាមរយៈ​ភាពឈ្លាសវៃ​នៅលើ​សង្វៀន អ្នកគាំទ្រ​នៅ​វៀតណាម​នឹង​ហ៊ោកញ្ជ្រៀវ​ខ្លាំង​ពេល «The Angel Warrior» ចាប់ផ្ដើម​ការប្រកួត​លើស​ង្វៀន​។ 
 
​ជើង​ខ្លាំង​ថៃ​សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​សង្ឃឹមថា​អ្នក​រាល់គ្នា​នឹង​មក​មើល​ការប្រកួត និង អបអរសាទរ​ខ្ញុំ​។ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់គ្នា​វិញ​នូវ​ភាព​រំភើប​រីករាយ​។ ខ្ញុំ​សូម​ថ្លែងអំណរគុន​ដល់ ONE ដែល​ផ្ដល់ឱកាស​ឲ្យ​ខ្ញុំ​។ ក្រោយ​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ខ្ញុំ ពីមុន ខ្ញុំ​មាន​ទំនុកចិត្ត​ថា​រៀបចំ​បានល្អ​ប្រសើរ​»​។​
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  

© រក្សាសិទ្ធិដោយ thmeythmey.com