ជាតិ
អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​គ្រោង​ពង្រីក​កម្មវិធី «​សួន​សិក្សា​» ក្រោយ​ជោគជ័យ​លើ​គម្រោង​សាកល្បង​របស់ខ្លួន​
31, Aug 2019 , 7:29 pm        
រូបភាព
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
​សៀមរាប​៖ គម្រោង «​សួន​សិក្សា​» ស្ថិតក្នុង​គម្រោង​កម្មវិធី​ស្នួល​របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ​ហួស​ពី​ការរំពឹងទុក បន្ទាប់ពី​សាកល្បង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​២ គឺ​ខេត្តសៀមរាប និង​ខេត្តស្ទឹងត្រែង​។​

 
​គម្រោង សួន​សិក្សា ជា​គម្រោង​សាកល្បង​រយៈពេល​៣​ឆ្នាំ​របស់​អង្គការ​ភ្លែ​ន ដែល​បានចាប់ផ្តើម​អនុវត្តន៍​ពី​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០២០​។ គម្រោង​នេះ​ធ្វើឡើង​ក្នុង​បំណង​រួមចំណែក​ពង្រឹងគុណភាព​អប់រំ​របស់​ក្រសួង អប់រំ យុវជន និង​កីឡា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​ការចូលរួម​របស់​មាតា​បិតា និង​អ្នក​ថែទាំ​កុមារ​ឲ្យ​គាំទ្រ​ចំពោះ​ការរៀនសូត្រ​របស់​កុមារ​នៅផ្ទះ​។​
 
​ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ក្នុង​កម្មវិធី សួន​សិក្សា នៅ​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ ស្រុក​អង្គរធំ ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៨ ខែសីហា លោក យី គីម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្ដីទី​នៃ​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​បានឱ្យដឹងថា កម្មវិធី​សួន​សិក្សា​នេះ​ទាក់ទង​ទៅនឹង​ការផ្សាភ្ជាប់​គ្នា​រវាង​អាហារូបត្ថម្ភ​និង​អប់រំ​។ លោក​ពន្យល់ថា គម្រោង​នេះ​បាន​អនុវត្ត​ជោគជ័យ​នៅ​ប្រទេស​អូស្ដ្រាលី ពិសេស​ទាក់ទង​ទៅនឹង​ការបង្កើន​គុណភាព​ការសិក្សា​របស់​កុមារ ក៏ដូចជា​ការបង្កើន​នូវ​អាហារូបត្ថម្ភ ពិសេស​ឱ្យ​កុមារ​យល់ដឹង​ពី​ការហូប​អាហារ​ដែលមាន​សុវត្ថិភាព ដើម្បីឱ្យ​ពួកគេ​មាន​សុខ​ភាពល្អ​។​


រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
 
«​ក្នុង​សាលាបឋមសិក្សា​តំបន់​គោលដៅ ពិសេស​នៅ​ខេត្តសៀមរាប និង​ស្ទឹងត្រែង យើង​ឃើញថា​ជា​កន្លែង​ដែល​អាចឱ្យ​យើង​សាកល្បង​រៀបចំ​ឱ្យមាន​សួន​សិក្សា​ដែល​ផ្សាភ្ជាប់​ជាមួយ​ទ្រឹស្ដី​។ នៅក្នុង​ថ្នាក់​គ្រូ​បាន​បង្រៀន​ជា​មុខវិជ្ជា​ជាច្រើន​... ពេលខ្លះ​គាត់​រៀន​តែ​ទ្រឹស្ដី គាត់​អត់​បានឃើញ​ជាក់ស្ដែង​ថា​ស្អី​ដែល​គាត់​នឹងមាន​ក្នុង​ជីវិត​...»​។ នេះ​ជាការ​លើកឡើង​របស់លោក យី គីម​ថា​ន​។​
 
​ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាលា​គោលដៅ​ក្នុង​ខេត្តសៀមរាប​នៅពេលនោះ ក៏មាន​ការចូលរួម​ពី​លោកស្រី​ឯកអគ្គរាជទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា Angela Corcoran និង​មន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​និង​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស​សរុប​ប្រមាណ​២០០​នាក់​។ 
 
​លោក ពុត សា​មិត្ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ​បានឱ្យដឹងថា កម្មវិធី សួន​សិក្សា ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សិស្ស​បន្ថែម​ពីមុខ​វិជ្ជា​ដែល​បាន​បង្រៀន​ក្នុង​ថ្នាក់ គឺ​ពួកគេ​បាន​អនុវត្ត​ដូចជា​ដាំ​បន្លែ រៀបចំ​សួន និង​រៀន​ដាំ​ស្ល​ដោយ​ខ្លួនឯង​ផងដែរ​។ ជាងនេះទៀត គម្រោង​នេះ​បាន​ជួយ​ឱ្យ​ក្មេងៗ​យល់ដឹង​កាន់តែ​ជ្រៅ​និង​នាំឱ្យ​ពួកគេ​មាន​ជំនាញ​មួយ​ទៅ​ថ្ងៃ​អនាគត ក៏ដូចជា​ឱ្យ​ពួកគេ​យល់ដឹង​ពី​សារសំខាន់​នៃ​អាហារូបត្ថម្ភ​ថា​មាន​ប្រយោជន៍​ដល់​សុខភាព​ទូទៅ​។​


រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
 
​គួរឱ្យ​ដឹងថា គម្រោង​សាកល្បង​កម្មវិធី សួន​សិក្សា របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ទទួលបាន​ជំនួយ​ពី​រាជរដ្ឋាភិបាល​អូ​ស្រា្ដ​លី​។ ក្នុង​រយៈ​៣​ឆ្នាំនេះ អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ទទួលបាន​ថវិកា​ប្រមាណ ៦០​ម៉ឺន​ដុល្លារ​សម្រាប់​ដំណើរការ​សាកល្បង​តាម​សាលា​គោលដៅ​ចំនួន​១៥​ក្នុង​ខេត្ត​ចំនួន​២ ដែល​ក្នុងនោះ​ខេត្តសៀមរាប​មាន​ចំនួន​៥​សាលា និង​ខេត្តស្ទឹងត្រែង​ចំនួន ១០​សាលា​។ បន្ទាប់ពី​ជោគជ័យ​ក្នុង​គម្រោង​សាកល្បង​នេះ​រួច អង្គការ​ភ្លែ​ន​គ្រោង​នឹង​បន្ដ​ពង្រីក​និង​សហការ​ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ក្នុង​គោលដៅ​ខេត្តសៀមរាប  តាមរយៈ​ការចូល​ជាមួយ​កម្មវិធី​ស្បៀងអាហារ​តាម​សាលា​ដែល​កំពុង​អនុវត្តន៍​ស្រាប់​។ ជាមួយគ្នា​នោះ អង្គការ​ភ្លែ​ន​ក៏មាន​គម្រោង​នឹង​ពិនិត្យមើល​ពី​លទ្ធភាព​ក្នុងការ​ពង្រីក​ទៅ​ខេត្ត​គោលដៅ​ចំនួន​២​ទៀត គឺ​ខេត្តស្ទឹងត្រែង និង​រតនគិរី​ផងដែរ​នាពេល​អនាគត​៕


រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា


រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា


រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា


រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា


រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា


Tag:
 សួន​សិក្សា
  អង្គការ​ភ្លែ​ន​អន្ដរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com