អន្តរជាតិ
លោក ត្រាំ​៖ ចិន​រង​សម្ពាធ​សេដ្ឋកិច្ច​របស់​អាមេរិក ទើប​មិន​ប្រើ​ធម៌​ក្ដៅ​នៅ​ហុងកុង​
31, Aug 2019 , 9:19 pm        
រូបភាព
​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ពិត​ជាមាន​ឥទ្ធិពល​លើ​ចំណាត់ការ​របស់​ចិន​លើ​បាតុកម្ម​នៅ​ហុងកុង​មែន​ឬទេ​? ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជឿថា មែន​។ លោក ត្រាំ អះអាងថា សម្ពាធ​សេដ្ឋកិច្ច​របស់​អាមេរិក ធ្វើ​ឲ្យ​ចិន​មិន​អនុវត្ត​ចំណាត់ការ​ក្ដៅ​លើ​បាតុករ​នៅ​ហុងកុង ទោះជា​បាន​ប្រុង​ជើង​ព្រួល​រួចស្រេច​ហើយ​ក្ដី​។ ខណៈ​បាតុកម្ម​នៅតែ​បន្ត​នៅឡើយ មេដឹកនាំ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវ​។​

 
​ការភ្ជាប់​ករណី​បាតុកម្ម​នៅ​ហុងកុង​ជាមួយ​ជម្លោះ​ពាណិជ្ជកម្ម មិនមែនជា​រឿង​ថ្មី​ឡើយ​សម្រាប់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ កន្លងមក លោក ត្រាំ ធ្លាប់​លើកឡើងថា ជម្លោះ​ពាណិជ្ជកម្ម​អាច​ទៅជា​យ៉ាងណា ក៏​អាស្រ័យ​លើ​ស្ថានការណ៍​នៅ​ហុងកុង​ដែរ​។ លើសពីនោះ លោក ត្រាំ ក៏​ជឿថា ដោយសារ​ការប្រកាន់​ជំហរ​តឹងរ៉ឹង​គួបផ្សំ​ការដាក់​សម្ពាធ​ជា​បន្តបន្ទាប់​នោះ ទីក្រុង​ប៉េកាំង​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​លើ​បាតុករ​ហុងកុង​។​
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​សេត​វិ​មា​នៅ​ថ្ងៃទី​៣០ ខែសីហា លោក ត្រាំ និយាយថា សម្ពាធ​សេដ្ឋកិច្ច​របស់​អាមេរិក បាន​ជួយ​ទប់ស្កាត់​ចិន​ពី​ការប្រើ​ធម៌​ក្ដៅ​ដើម្បី​បង្ក្រាប​បាតុកម្ម​នៅ​ហុងកុង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​អាមេរិក​និយាយ​ចំៗ​ថា ក៏​ព្រោះតែ​អ្វីដែល​លោក​កំពុង​ធ្វើ​នេះហើយ ដែល​បាន​ទប់ទល់​ការឡើង​កម្ដៅ ហើយ​មើលឃើញថា ចំណាត់ការ​របស់​ចិន​សម្រាប់​បញ្ហា​នៅ​ហុងកុង គឺ​ពិតជា​ពាក់ព័ន្ធ​សម្ពាធ​របស់​អាមេរិក​។​
 
«​ប្រសិនបើ​មិនមែន​ការចរចា​ពាណិជ្ជកម្ម​ទេ ហុងកុង​នឹង​ធ្លាក់ចូល​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​មិន​ខាន​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ដែល​បាន​បន្ត​ទទូច​ឲ្យ​ក្រុង​ប៉េកាំង​ដោះស្រាយ​បញ្ហា​នៅ​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​តាម​គោលការណ៍​មនុស្សធម៌​។ 
 
​យ៉ាងណាមិញ ការទទូច​របស់លោក ត្រាំ ធ្វើឡើង​ចំ​ថ្ងៃ​ដែល​សកម្មជន​ហុងកុង​បីនាក់​រួមមាន​យុវជន Joshua Wong និង​សមាជិកសភា​មកពី​បក្ស​គាំទ្រ​ប្រជាធិបតេយ្យ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​។ ពួកគេ​ទាំងបី ត្រូវ​ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​មានការ​ធ្វើបាតុកម្ម​។ ប៉ុន្តែ នេះ​ជា​សកម្មភាព​ដែល​ធ្លាប់​កើតឡើង​កន្លងមក នៅពេលដែល​មានការ​បង្ក្រាប​លើ​សកម្មជន​នយោបាយ​នៅ​មុនពេល​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​នៅ​ទឹកដី​ចិន​។​
 
​សម្រាប់​បាតុកម្ម​នៅ​ហុងកុង​នេះ មានការ​ព្រួយបារម្ភ​ជាច្រើន​ថា ក្រុង​ប៉េកាំង​អាច​អស់​ការអត់ធ្មត់ ហើយ​ចាត់វិធានការ​ក្ដៅ​ដើម្បី​បញ្ចប់​បាតុកម្ម​ឲ្យ​បាន​លឿន ព្រោះ​ប៉ូលិស​ប្រដាប់អាវុធ​ប្រជាជន​ចិន ដែល​ទទួលបន្ទុក​បង្ក្រាប​បាតុកម្ម បាន​ប្រមូលផ្ដុំ​នៅ​ទីក្រុង​ស៊ិន​ជិន​ដែល​នៅជាប់​ហុងកុង​ជាស្រេច​។ ប៉ុន្តែ​មិនមាន​សញ្ញា​ថា ប៉ូលិស​នេះ នឹង​ចូល​ទឹកដី​ហុងកុង​ឡើយ ព្រោះ​ការប្រើ​ធម៌​ក្ដៅ នឹងធ្វើ​ឲ្យ​បាត់​ត់ប់​ង​មុខមាត់​ហុងកុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​មិន​ខាន​៕   

Tag:
 អាមេរិក​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com