ជាតិ
លោក ប៉ែន ជំនោ ៖ សៀវភៅពិធីក្រុងពលី គឺចម្រាញ់ចេញពីឯកសារ និងតំបន់ ដើម្បីរក្សាជំនឿដូនតា
× ភ្នំពេញ៖ ឆ្លងកាត់ការស្រាវជ្រាវកន្លងមកលោក ប៉ែន ជំនោ បានសង្កេតឃើញថា ឯកសារដែលសរសេរពីពិធីក្រុងពលីមានតិចតួច ហើយភាគច្រើនសរសេរសង្ខេបផង។ ក្នុងបំណងថែរក្សាមរតកដូនតាលោក ប៉ែន ជំនោ បានចុះទៅខេត្តមួយចំនួន សួរចាស់ទុំ សួរគ្រូ រួមទាំងសួរអាចារ្យជាច្រើនរូប ពីពិធីក្រុងពលីនេះ។ ជាលទ្ធផលក្រោយពីចំណាយពេលប្រហែល១ឆ្នាំសៀវភៅ«ពិធីក្រុងពលី»ក៏លេចចេញជារូបរាង។
សៀវភៅដែលមានចំណងជើងថា«ពិធីក្រុងពលី» បាននិយាយពីប្រវត្តិនៃពិធីក្រុងពលី និងទស្សនៈជាប់ពាក់ព័ន្ធនឹងជំនឿសាសនាទាំងព្រហ្មញ្ញ និងព្រះពុទ្ធសាសនា។ សៀវភៅ«ពិធីក្រុងពលី»នេះ បានរៀបរាប់ពីពាក្យសូត្រដែលមាន៩បែប ទាំងបែបពិស្ដារ បែបបុរាណ បែបព្រះពុទ្ធសាសនា បែបបញ្ចុះសីមា និងបែបលើកផ្ទះ។ ចំណែកគ្រឿងសក្ការៈសម្រាប់រៀបចំក្នុងពិធី ទិសដាក់ពែនិងអាសនៈ រួមទាំងបទភ្លេងសម្រាប់ពិធីក្រុងពលី ក៏មានបញ្ជាក់ក្នុងសៀវភៅនេះផងដែរ។
លោក ប៉ែន ជំនោ បានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា សៀវភៅនេះអាចជាឯកសារលំអិតដំបូងគេស្ដីពីពិធីក្រុងពលី ព្រោះកន្លងមកលោកធ្លាប់ឃើញតែឯកសារដែលសរសេរជាសង្ខេបប៉ុណ្ណោះ។ ជាងនេះទៅទៀតលោកថា សៀវភៅមួយក្បាលនេះ អាចធ្វើជាឯកសារស្រាវជ្រាវសម្រាប់ក្មេងជំនាន់ក្រោយ។ លោក ជំនោ បញ្ជាក់ដូច្នេះ៖«សៀវភៅនេះអាចជឿទុកចិត្តបានព្រោះខ្ញុំបានសួរគ្រូ និងអាចារ្យដែលធ្លាប់រៀបចំពិធីនេះច្រើន ព្រមទាំងបានមើលឯកសារក្នុងសៀវភៅទ្វារទសមាស ដែលជាសៀវភៅសម្រាប់រៀបចំពិធីក្នុងព្រះបរមរាជវាំងផងដែរ»។
សូមលោក- អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មានថ្មីៗ និងលោក ប៉ែន ជំនោ និស្សិតផ្នែកអក្សរសាស្ត្រខ្មែរ ដែលស្រាវជ្រាវ និងសរសេរសៀវភៅពិធីក្រុងពលី ដូចតទៅ៖
នៅចុងឆ្នាំ២០១៩នេះលោក ប៉ែន ជំនោ នឹងបោះពុម្ពសៀវភៅ«មន្តនិងយ័ន្ត»។ ហើយសៀវភៅដែលនឹងត្រូវបោះពុម្ពបន្ទាប់ទៀតគឺ «ល្ខោននិងចម្រៀងយីកេ» សៀវភៅនេះនិយាយពីប្រវត្តិល្ខោនយីកេ រួមទាំងបទចម្រៀងដែលច្រៀងក្នុងល្ខោននេះ។ «ល្ខោននិងចម្រៀងភ្លេងការ» ជាល្ខោនមួយមានទម្រង់ដូចទៅនឹងល្ខោនយីកេដែរ ប៉ុន្តែភ្លេងនិងចម្រៀងដូចក្នុងពិធីមង្គលការ។ «ល្ខោននិងចម្រៀងភ្លេងការ» ក៏ជាចំណងជើងសៀវភៅគ្រោងនឹងបោះពុម្ពដែរ។
អ្វីដែលនិស្សិតផ្នែកអក្សរសាស្ត្រខ្មែររូបនេះប្រាថ្នា គឺលោកចង់ឱ្យក្មេងជំនាន់ក្រោយខិតខំសិក្សារៀនសូត្រ និងស្រាវជ្រាវពីមរតកដែលដូនតាខ្មែរបានបន្សល់ទុក។
ដូនតាខ្មែរបង្កើតឱ្យមានពិធីក្រុងពលីឡើងក្នុងគោលបំណង៥យ៉ាង គឺទី១ទុកជាការសង្គ្រោះញាតិ។ ទី២ដើម្បីបដិសណ្ឋារៈភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីជាសក្ខីភាព។ ទី៣ដើម្បីជាការឧទ្ទិសផ្សាយចំពោះទៅអ្នកចែកឋាន។ ទី៤ដើម្បីគោរពតាមច្បាប់ទម្លាប់របស់ជាតិ គឺស្នើសុំដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ឱ្យដឹងឮនិងអនុញ្ញាត។ និងទី៥ដើម្បីផ្សាយចំណែកបុណ្យចំពោះទេវតាតាមលទ្ធិពុទ្ធសាសនា និងបូជាវត្ថុផ្សេងៗចំពោះទេវតាតាមលទ្ធិដទៃក្រៅពីពុទ្ធសាសនា។ នេះបើយោងតាមសៀវភៅ “ពិធីក្រុងពលី” ដែលរៀបរៀងដោយលោក ប៉ែន ជំនោ៕
Tag:
ប៉ែន ជំនោ
និស្សិត
សៀវភៅ
ស្រាវជ្រាវ
ក្រុងពលី
ពិធី
សាសនា
បុរាណ
ឯកសារ
© រក្សាសិទ្ធិដោយ thmeythmey.com