ស្វាយរៀង៖ ក្នុងមួយឆ្នាំៗខេត្តស្វាយរៀង អាចនាំចេញបន្លែ«សរីរាង្គ និងសុវត្ថិភាព»បាន ប្រមាណ១២០តោន ទៅទីផ្សារទំនើបៗ មួយចំនួនក្នុងរាជធានីភ្នំពេញ តាមរយៈសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀង(សាក់)។ បើអ្នកស្រី ពៅ ធីតា អនុប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បរិមាណបន្លែទាំងនេះ បើគិតជាមធ្យម គឺនាំចេញបាន១០តោនក្នុងមួយខែ។
អ្នកស្រី ធីតា បន្តប្រាប់សារព័ត៌មានThmeyThmey25 ថាបន្លែទាំងនេះ ក្រៅលក់ចេញទៅភ្នំពេញ ក៏មានលក់ទៅឱ្យសណ្ឋាគារមួយចំនួន នៅតាមច្រកព្រំដែនបាវិត(កម្ពុជា-វៀតណាម) ផងដែរ។ បន្លែសរីរាង្គ និងសុវត្ថិភាព ទាំងនោះមាន ម្រះ ត្រសក់ សណ្តែកកួរ ស្ពៃ ត្រប់ និងប្រភេទបន្លែផ្លែ ស្លឹក មើម ជាច្រើនទៀត។
អនុប្រធានកសិកម្មស្វាយរៀងរូបនេះ បានបញ្ជាក់ដូច្នេះ៖« បន្លែទាំងនេះត្រូវបានប្រជាកសិករនៅតាមស្រុកនានា ពិសេសស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង បានចង់ក្រងជាសហគមន៍ និងរៀនបណ្តុះបណ្តាលពាក់ព័ន្ធទៅបច្ចេកទេសនៃដាំដុះបន្លែសរីរាង្គ និងសុវត្ថិភាព ពីអង្គការដៃគូ និងពីមន្ទីរកសិកម្មខេត្ត។ ទន្ទឹមនឹងគ្នានេះ សហគមន៍ក៏មានទីផ្សារខ្លួនឯងស្រាប់ ដើម្បីផ្គត់ផ្គង់បន្លែទាំងនេះទៅឱ្យអ្នកទទួលទិញ។ ដោយឡែកមន្ទីរកសិកម្មខេត្តយើង ក៏បានព្យាយាមផ្សព្វផ្សាយ និងលើកទឹកដល់សមាគមន៍នានា ឱ្យចូលរួមតាំងពិព័រណ៍ថ្នាក់តំបន់ ថ្នាក់ខេត្ត និងជាតិ ដើម្បីឱ្យអ្នកលក់ និងអ្នកទិញស្គាល់គ្នាកាន់តែច្រើន ដែលសំដៅទៅដល់ការចាប់យកឱកាសទីផ្សារនានា ដើម្បីផ្គត់ផ្គង់បន្លែទាំងនេះ»។
អ្នកស្រី ហុង ស្រីស្រស់ នាយកប្រតិបត្តិនៃសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀង(សាក់) បានលើកឡើងថា សហគមន៍អ្នកស្រី អាចលក់បន្លែសរីរាង្គ បានពី៩-១០តោនក្នុងមួយខែ។ ក្នុងនោះ លក់ទៅភ្នំពេញបាន៦,៥តោន ដែលមាននៅផ្សារទំនើបអ៊ីអន១-២, សួនធម្មជាតិ(៣ទីតាំង), ផ្សារហេបភីហ្វាម ផ្សារលេមុន, ខ្មែរសរីរាង្គ, អាលីម៉ង់, ផ្សារសម្បូរ, ផ្សារអាហារធម្មជាតិ និងផ្សារកសិករខ្មែរ។ ដោយឡែកទីផ្សារនៅទីក្រុងបាវិតវិញ បាន២,៥តោន។ ជាទូទៅសហគមន៍នាំចេញបន្លែទីផ្សារទាំងនេះ គឺ២ដង ក្នុងមួយសប្តាហ៍។ នេះបើតាម អ្នកស្រី ហុង ស្រីស្រស់។
អ្នកស្រីបានបន្ថែមថា បន្លែក្នុងសហគមន៍សាក់មុននឹងដឹកជញ្ជូនទៅដៃគូទីផ្សារនានា បានរៀបចំលាងសម្អាតនិងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដែលធានាបាននូវសុវត្ថិភាព គុណភាព និងបរិមាណ ជាមួយនឹងការបិទផ្លាកសញ្ញាសម្គាល់នៅលើកញ្ចប់បន្លែផងដែរ។
«ទន្ទឹមនឹងការផ្គត់ផ្គង់បន្លែរីរាង្គជាប្រចាំទៅទីផ្សារទាំងនេះ សហគមន៍យើងក៏ជួបបញ្ហានៃការខ្វះផលិតផលផ្គត់ផ្គង់ផងដែរ។ ពិសេសខ្វះបន្លែនៅរដូវក្តៅខ្លាំង និងវស្សា ដែលធ្វើឱ្យប្រជាកសិករមិនអាចផលិតសរីរាង្គបាន ទោះផលិតបានក៏មិនឆ្លើយតបនឹងតម្រូវទីផ្សារ។ លើសពីនេះ សហមគន៍មិនអាចដាំបន្លែទំនើបៗ (ខាត់ណាផ្កា ការ៉ុត ស្ពៃក្តោប ខ្ទឹមបារាំងជាដើម។ បច្ចេកទេសដាំដុះរបស់ប្រជាកសិករនៅមានកម្រិត។ ខ្វះអ្នកលិត និងមានការប្រកួតប្រជែងទីផ្សារ និងតម្លៃ ពីសហគមន៍ដទៃ»។ នេះជាការលើកឡើងរបស់ អ្នកស្រី ហុង ស្រីស្រស់។ អ្នកស្រី បានបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ២០១៨ សហគមន៍យើងមានកសិករដែលជាអ្នកផលិតបន្លែសរីរាង្គមាន៣២៧គ្រួសារ។
បើតាមនាយកប្រតិបត្តិសហគមន៍សាក់ កន្លងមកដើម្បីដោះស្រាយនូវបញ្ហាខាងលើនេះ សហគមន៍បានធ្វើកិច្ចសន្យាដាំដុះជាមួយកសិករនៅរដូវខ្វះខាត មានន័យថា កសិករដែលផលិតបន្លែបាន គឺមិនអាចលក់ឱ្យទីផ្សារណា ក្រៅពីសហគមន៍បានឡើយ។ មន្ត្រីរបស់សហគមន៍នឹងផ្តល់ព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ដល់កសិករអោយច្បាស់លាស់។ ចុះពង្រឹងការទទួលខុសត្រូវរបស់អ្នកប្រមូលបន្លែ និងក្រុមបច្ចេកទេសក្នុងការចុះតាមតំបន់ រួមជាមួយការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មដល់សមាជិកផងដែរ។
ជាមួយគ្នានេះ លោក ហង្ស វុទ្ធី មន្ត្រីបច្ចេកទេសនៃសហគមន៍សាក់ បានលើកឡើងថា បន្លែសរីរាង្គដែល កសិករជាសមាជិកសាក់អនុវត្តន៍កន្លងមក មិនត្រឹមតែមិនប្រើប្រាស់ជី និងថ្នាំពុលគីមី ក្នុងការដាំដុះនោះទេ សូម្បីតែប្រភពទឹក ក៏មិនត្រូវប្រើប្រាស់រួមជាមួយកសិករណាដែលមិនផលិតសរីរាង្គដូចគ្នាដែរ។ ពិសេសមុននឹងចាប់ផ្តើមអនុវត្តន៍ការដាំដុះបន្លែសរីរាង្គ ផ្ទៃដីដាំដុះរបស់កសិករនោះ មិនត្រូវប្រើប្រាស់សារគីមីកសិកម្ម យ៉ាងណាស់មួយឆ្នាំ។ ដោយឡែក ក្នុងដំណើរដាំដុះបន្លែសុវត្ថិភាព គឺអាចប្រើប្រាស់ជី-ថ្នាំពុលគីមីបាន ប៉ុន្តែការប្រើប្រាស់នោះ គឺអនុវត្តន៍តាមបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ ដោយធានាបាននូវសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពភាពទទួលទាន។ បើតាមលោក ហង្ស វុទ្ធី មុននឹងកាត់បន្លែសុវត្ថិភាព យកទៅលក់នៅទីផ្សារ យ៉ាងហោចណាស់ស្ថិតនៅក្រោយការប្រើប្រាស់ថ្នាំពុលគីមីបាន២សប្តាហ៍៕