ជាតិ
មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា រៀបចំ​ប្រកួត​សំណេរ​សម្រាប់​កិច្ចសន្ទនា «​កម្ពុជា​ឧស្សាហកម្ម ៤.០»
31, Aug 2019 , 5:09 pm        
រូបភាព
រូបភាពពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
រូបភាពពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា (CD Center)  នឹង​រៀបចំ​ការប្រកួត​សំណេរ​ជា​ភាសា​ខ្មែរ​សម្រាប់​កិច្ចសន្ទនា «​កម្ពុជា​ឧស្សាហកម្ម ៤.០» ក្រោម​ប្រធានបទ «​តើ​កម្ពុជា​គួរ​ត្រៀមខ្លួន​ដូចម្ដេច​សម្រាប់​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី​៤»​។ ការប្រកួត​សំណេរ​នេះ ផ្ដល់ឱកាស​ដល់​សិស្ស​និស្សិត អ្នកសិក្សា​ស្រាវជ្រាវ អ្នកសារព័ត៌មាន និង​សាធារណជន​ទូទៅ អាច​បញ្ចេញ​សមត្ថភាព​អំពី​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។ តាមរយៈ​ការប្រកួត​នេះ ជ័យលាភី​លេខ ១ នឹង​ទទួលបាន​ថវិកា ៤០០​ដុលារ​, លេខ​២ ទទួលបាន​ថវិកា ២៥០​ដុល្លារ និង​ជ័យលាភី​លេខ ៣ ទទួលបាន​ថវិកា ១៥០​ដុល្លារ​។​


 
​ការប្រកួត​សំណេរ​ជា​ភាសា​ខ្មែរ​សម្រាប់​កិច្ចសន្ទនា «​កម្ពុជា​ឧស្សាហកម្ម ៤.០» នេះ រៀបចំ​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​កម្ពុជា (CD Center) ក្នុងទិសដៅ​លើកកម្ពស់​ចំណេះដឹង​អំពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។ ក្រោយ​ទទួលបាន​ការគាំទ្រ​លើ​ការរៀបចំ​កិច្ចសន្ទនា​ជុំ​ទី​១ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា បាន​ផ្ដើម​រៀបចំ​ការប្រកួត​សំណេរ​នេះ ដែលជា​ផ្នែក​មួយ​ឆ្ពោះទៅ​រៀបចំ​កិច្ចសន្ទនា​ជុំ​ទី​២ នាពេលខាងមុខ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​។ 


រូបភាពពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
 
​លក្ខខណ្ឌ​នៃ​ការចូលរួម បេក្ខជន​ទាំងអស់ ត្រូវជា​និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​, អនុបណ្ឌិត ឬ​ទើប​បញ្ចប់​ការសិក្សា​។ បេក្ខជន ត្រូវមាន​អាយុ​មិន​លើសពី ៣០​ឆ្នាំ​, ត្រូវមាន​សញ្ជាតិ​ខ្មែរ និង​កំពុងស្នាក់នៅ​កម្ពុជា​។ ចំពោះ​រង្វាន់​នៃ​ការប្រកួត​សំណេរ​នេះ ជ័យលាភី​លេខ ១ នឹង​ទទួលបាន​ថវិកា ៤០០​ដុលារ​, លេខ​២ ទទួលបាន​ថវិកា ២៥០​ដុល្លារ និង​ជ័យលាភី​លេខ ៣ ទទួលបាន​ថវិកា ១៥០​ដុល្លារ រួមទាំង​លិខិតបញ្ជាក់​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍ក​ម្ពុ​ជា​។ លើសពីនេះ ជ័យលាភី​ទាំង​៣​រូប នឹងត្រូវ​ចូលរួម​ជា​វាគ្មិន​ធ្វើ​បទ​បង្ហាញ​ពី​សំណេរ​របស់​ខ្លួ​ង​ក្នុង​កិច្ចសន្ទនា «​កម្ពុជា​ឧស្សាហកម្ម ៤.០» ជុំ​ទី​២ ហើយ​អត្ថបទ​របស់​បេក្ខជន នឹងត្រូវ​បោះពុម្ពផ្សាយ​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​កម្ពុជា​។​
 
​សម្រាប់​សិស្ស និស្សិត អ្នកសិក្សា​ស្រាវជ្រាវ អ្នកសារព័ត៌មាន និង​សាធារណជន​ទូទៅ ដែល​ចាប់អារម្មណ៍​លើ​ការប្រកួត​ស្នាដៃ​សំណេរ​នេះ អាច​ផ្ញើ​អត្ថបទ និង​ឯកសារ​ពាក់ព័ន្ធ តាម​អ៊ី​ម៉ែ​ល [email protected] ។ សូមបញ្ជាក់ថា ការដាក់​ពាក្យ នឹង​ចាប់ផ្ដើម​ទទួល​ពីថ្ងៃ​ទី ៣០ ខែសីហា ដល់​ថ្ងៃទី​៣០ ខែកញ្ញា​៕ 


រូបភាពពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា 

Tag:
 សំណេរ​
  ប្រកួតប្រជែង​
  អប់រំ​
  បដិវត្តន៍​ឧស្សាហកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com