អន្តរជាតិ
តើ​អ្វីដែល​អ្នក​គួរ​ដឹង​អំពី​ទឹកដី​ស្វយ័ត​គ្របដណ្តប់​ដោយ​ទឹកកក​ហ្គ្រោ​អង់​ឡង់​?
01, Sep 2019 , 10:29 am        
រូបភាព
​កោះ​ហ្គ្រោ​អង់​ឡង់ (Greenland) ដែលមាន​វត្ត​មាននៅ​អឌ្ឍគោល​ខាងជើង ជាប់​ជាមួយនឹង​រង្វង់​ទឹកកក​អាកទិច​មួយ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​កោះ​ដែលមាន​ផ្ទៃដី​ធំជាងគេ​នៅលើ​ពិភពលោក​។

 
​កោះ​ហ្គ្រោ​អង់​ឡង់ គឺជា​ទឹកដី​ស្វយ័ត​របស់​ប្រទេស​ដា​ណឺ​ម៉ាក​។  ដង្ហើម​សេដ្ឋកិច្ច​នៃ​កោះ​ហ្គ្រោ​អង់​ឡង់​ពឹងផ្អែក​សំខាន់​លើ​ដា​ណឺ​ម៉ាក ដ្បិត​ប្រាក់ចំណូល​ពីរភាគបី​នៃ​ប្រាក់ចំណូល​សរុប​របស់​ខ្លួន​គឺ​ទទួលបាន​ពី​ដា​ណឺ​ម៉ាក​ផ្ទាល់​។​
 
 នៅក្នុង​មួយឆ្នាំៗ កោះ​នេះ​ទទួល​ពន្លឺព្រះអាទិត្យ​ជាប់​គ្នា​ចំនួន​ពីរ​ខែ និង​ជាង​៨០​ភាគរយ​នៃ​ផ្ទៃដី​ត្រូវបាន​គ្រប់​ដណ្តប់​ជិត​ដោយ​ផែន​ទឹកកក​។ ការឡើង​កម្តៅ​ផែនដី បាន​បង្ក​ឲ្យ​មានការ​រលាយ​ផែន​ទឹកកក​ដែលមាន​កម្រាស់​ក្រាស់ និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ទាញយក​រ៉ែ​នានា​ពី​ខាងក្រោម​ដី​។ ទឹកដី​នេះ​ក៏​ជា​កន្លែង​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក ក្នុងការ​ប្រកួតប្រជែង​អំណាច​ជាមួយ​សហភាពសូវៀត​ក្នុងសម័យ​កាល​នៃ​សង្គ្រាមត្រជាក់​។ ចំណែក​បច្ចុប្បន្ន  កោះ​ហ្គ្រោ​អង់​ឡង់​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា​៥,៧​ម៉ឺន​នាក់​។ 
​ខាងក្រោម​នេះ​ជា​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​កោះ​ហ្គ្រោ​អង់​ឡង់ ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន BBC៖
 
​ឆ្នាំ​៩៨២៖ ប្រជាជន​ន័​រ​វែ​សបាន​រកឃើញ​កោះ​ហ្គ្រោ​អង់​ឡង់​។ 
​ឆ្នាំ​១៧២១៖ ការមកដល់ និង​ការសង់​សង់​កន្លែង​រស់នៅ​រប​សើ​ប្រជាជន​ដា​ណឺ​ម៉ាក ក្បែរ​ទីក្រុង Nuuk ដែលជា​ទីក្រុង​ធំជាងគេ​នៅលើ​កោះ​នេះ​។ 
​ឆ្នាំ​១៩៤០៖ ហ្គ្រោ​អង់​ឡង់​ត្រូវបាន​គ្រប់គ្រង​ដោយ​អាល្លឺម៉ង់​ក្នុងដំណាក់កាល​សង្គ្រាមលោក​ទី​២​។ 
​ឆ្នាំ​១៩៥៣៖ ហ្គ្រោ​អង់​ឡង់​បាន​ក្លាយជា​ផ្នែក​មួយ​ផ្លូវការ​នៃ​ព្រះរាជាណាចក្រ​ដា​ណឺ​ម៉ាក​។ 
​ឆ្នាំ​២០០៨៖ ហ្គ្រោ​អង់​ឡង់​បោះឆ្នោត​ទាមទារ​ស្វ័យភាព​ក្នុងការ​គ្រប់គ្រង​បន្ថែម​។ 
​ឆ្នាំ​២០១០៖ កម្រិត​រលាយ​ទឹកកក​នៅ​ហ្គ្រោ​អង់​ឡង់ កើនឡើង​ខ្លាំង​ជាង​ការរំពឹងទុក​។ 
​ឆ្នាំ​២០១៣៖ ហ្គ្រោ​អង់​ឡង់​បានចាប់ផ្តើម​នាំចេញ​រ៉ែ​ទៅខាង​ក្រៅ​សារជាថ្មី ក្រោយពី​ការហាម​ប្រាម​ការនាំចេញ​សារធាតុ​រ៉ែ​សំខាន់ៗ​អស់​រយៈពេល​ប្រមាណ​២៥​ឆ្នាំ​មក​៕

Tag:
 ហ្គ្រោ​អង់​ឡង់​
  ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com