ជាតិ
រថយន្ត
ក្រុមហ៊ុន ស្ដារ​អូ​តូ ចូលរួម​ឧបត្ថម្ភ​កម្មវិធី Travel & Photography Sharing របស់​ក្រុមយុវជន​ខេត្តសៀមរាប​
31, Aug 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមយុវជន​ស្រឡាញ់​ការថតរូប ដែលមាន​ឈ្មោះថា Siem Reap Photo Walking បានរៀបចំ​កម្មវិធី​ចែក​រំលែក​បទពិសោធន៍​នៃ​ការថត​រូបភាព​មួយ​ឈ្មោះថា Travel & Photography Sharing ដើម្បី​ចែករំលែក​ការថតរូប​ដល់​អ្នក​ដែល​ចង់​ស្រឡាញ់​វិស័យនេះ​។ កម្មវិធី​នេះ ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន ស្ដារ​អូ​តូ ជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​ទទួល​សិទ្ធិផ្ដាច់មុខ នាំចូល និង​ចែកចាយ​រថយន្ត Mercedes​។

 
​យុវជន ឃឹម ចម​ពិសិដ្ឋ ដែលជា​សមាជិក​ក្រុមយុវជន Siem Reap Photo Walking បានឱ្យដឹងថា កម្មវិធី​នេះ​កើតឡើង​ដោយសារ​ស្រឡាញ់​ការថតរូប ចង់​ចែករំលែក​ពីអ្វី​ដែល​ចេះ​ទៅដល់​អ្នកផ្សេង​ទៀត​ដែល​ស្រឡាញ់​ដែរ​តែ​មិនទាន់​ចេះ​ថតរូប​ដែល​ស្អាត​និង​មាន​ខ្លឹមសារ​។ បើតាម​យុវជន ចម​ពិសិដ្ឋ ការថតរូប​ដែល​ស្អាត​មិនមែន​សុទ្ធតែ​ទាមទារ​នូវ​កាមេរ៉ា​ថ្លៃៗ​នោះទេ ការថតរូប​ដោយ​ប្រើប្រាស់​ទូរ​សព្ទ Smart Phone ក៏​អាច​មានគុណ​ភាពល្អ​និង​ស្អាត​ផងដែរ ប្រសិនបើ​យើង​ចេះ​ពី​បច្ចេកទេស​ថត​និង​​ទូរ​សព្ទ​នោះ​។ ដូច្នេះ កម្មវិធី​នេះ​នឹង​ប្រាប់​ពី​គន្លឹះ​ងាយៗ​ដែល​អាចឱ្យ​អ្នក​ថត​អាច​ផ្តិត​រូបភាព​ដែល​ស្រស់ស្អាត​ប​ង្ក្រ​ប់​ទាំង​ខ្លឹមសារ​។​
 
 
​ជាមួយគ្នានេះដែរ យុវជន ឃឹម ចម​ពិសិដ្ឋ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ស្ដារ​អូ​តូ ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ជា​លើកដំបូង​របស់ខ្លួន​នេះ និង​ធ្វើឱ្យ​សមាជិក​ដែល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​នេះ​រំភើប​ជាខ្លាំង ដោយ​មិន​នឹកស្មានថា ក្រុមហ៊ុន​រថយន្ត​ដ៏​ធំ​ចាប់អារម្មណ៍​នឹង​កម្មវិធី​របស់ខ្លួន​។​


 
​អ្នកនាង ម៉ា សម័យ ជា​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​ជា​តំណាង​ក្រុមហ៊ុន ស្ដារ​អូ​តូ ខេ​ម​បូ​ឌា បានឱ្យដឹងថា មូល​ហេតុដែល​ក្រុមហ៊ុន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​នេះ ដោយសារ​បានឃើញ​ពី​ទេពកោសល្យ​ថតរូប​ដ៏​អស្ចារ្យ​របស់​ក្រុមយុវជន​ដែល​ស្រឡាញ់​ការថតរូប​ប្លែកៗ​និង​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា​។ អ្នកនាង​បន្តថា ការចូលរួម​នេះ​ក៏​ដោយសារ​ក្រុមហ៊ុន​ចង​ផ្សព្វផ្សាយ​ពី​រថយន្ត Mercedes V-Class 250 ដែលជា​រថយន្ត​ស៊េរី​ទំនើប​ទើប​មកដល់​ថ្មី ទៅដល់​សាធារណជន​បាន​ស្គាល់​ផងដែរ​។ អ្នកនាង​រំពឹងថា ជាមួយនឹង​កម្មវិធី​ដ៏​ពិសេស​នេះ នឹង​អាចឱ្យ​អតិថិជន​កាន់​ច្រើន​ចាប់អារម្មណ៍​ជាមួយ Mercedes V-Class 250​។​
 
​គួរឱ្យ​ដឹងថា កម្មវិធី Travel & Photography Sharing នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១ ខែកញ្ញា នា​ភោជនីយដ្ឋាន​ផ្សិត​ក្រហម ឬ Red Mushroom​។ អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ មាន​ចំនួន​ប្រមាណ​៦០​នាក់ ហួស​ពី​ការគ្រោងទុក​ត្រឹមតែ​៣០​នាក់​នោះ​៕









© រក្សាសិទ្ធិដោយ thmeythmey.com