ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! កំពុង “​រាក” ចៀសឱ្យផុត​អាហារ​ទាំងនេះ​
01, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដឹង​ពីអ្វី​ដែល​គួរ ឬ​មិនគួរ​ទទួលទាន​នៅពេល​រាក គឺ​ពិតជា​សំខាន់​ណាស់ ប្រសិនបើ​អ្នក​មិន​ចង់​ធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​អាក្រក់​ឡើង​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អាច​បណ្ដាលអោយ​ជំងឺរាក​ប្រែជា​ធ្ងន់ធ្ងរ​បាន​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ជៀសអោយផុត​នៅពេល​រាក ៖
 
១. កាហ្វេ​អ៊ី​ន ភេសជ្ជៈ​កាបូ​ណាត និង​គ្រឿង​ស្រវឹង​
 
​ភាគច្រើន​ចំពោះ​អ្នក​ដែលមាន​សុខភាព​ល្អ នៅពេល​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​អាល់កុល និង​កាបូ​ណាត​មិន​បណ្ដាលឱ្យ​រាក​ឡើយ​។ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​ណាស់ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀស​ឲ្យ​ផុត ឬ​កាត់បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​ដូច​បាន​រៀបរាប់​។ អ្នក​ក៏​មិនគួរ​ទទួលទាន​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ច្រើន​ដែរ​! ក៏​ព្រោះ​សមាសធាតុ​ដែលមាន​នៅក្នុង​ភេសជ្ជៈ​សូ​ដា​អាចធ្វើ​ឲ្យ​បញ្ហា​រាក ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​យ៉ាង​ឆាប់រហ័ស​។ ទឹក​ធម្មតា គឺជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​រាករូស​។​
 
២. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​អាហារ​ដំបូង​បំផុត​ដែល​អ្នក​គួរ​ជៀសវាង​ទទួលទាន​នៅពេល​រាក គឺ​ប្រភេទ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ បើទោះជា​អ្នក​មិន​ចាញ់​ឡាក់​តូ​ស​ក៏ដោយ ក៏​គួរតែ​ជៀសឱ្យផុត​ពី​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដែរ​។ ជំងឺរាក​អាច​បណ្ដាលអោយ​អង់ស៊ីម lactase ថយចុះ​ដែល​ពិបាក​ក្នុង​ការរំលាយ​ឡាក់​តូ​ស​។ ឡាក់​តូ​ស​ជា​ជាតិ​ស្ករ​ដែលមាន​ផ្ទុក​នៅក្នុង​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​។ ហើយ​នៅពេល​មិនបាន​រំលាយ ឡាក់​តូ​ស​អាច​បង្កបញ្ហា​មួយចំនួន​ដូចជា​ហើមពោះ ឡើង​ជាតិ​ហ្គាស​ក្នុង​ពោះ រាក និង​ចង្អោរ​ចង់​ក្អួត​។​
 
៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​
 
​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់​អា​ចព​ន្លឿ​ន​ការរួម​តូច​នៃ​ពោះវៀន ហើយ​បង្ក​ប្រតិកម្ម​ទៅនឹង​ប្រព័ន្ធ​មួយ​ដែលមាន​បញ្ហា​ស្រាប់​បណ្ដាលអោយ​ការ​រាក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​
 
៤. បន្លែ​ឆៅ​
 
​នៅពេល​កំពុង​រាក អ្នក​គួរ​ចៀសឱ្យផុត​ពី​បន្លែ​ឆៅ​! នោះ​ក៏​ព្រោះតែ​បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​អាច​បង្កបញ្ហា​មិន​ស្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ លើសពីនេះទៅទៀត​ជាតិ​សរសៃ​ក៏​ដើរតួ​ជា​ថ្នាំ​បញ្ចុះ​បន្ទន់​លាមក​បែប​ធម្មជាតិ​ក្នុង​រាងកាយ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​ទទួលទាន​នៅពេល​កំពុង​រាក នោះ​វា​អាច​បណ្ដាលអោយ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​មិន​ខាន​។​
 
៥. អាហារ​ហឹរ​
 
​គ្រឿងទេស​ហឹរ​ក៏​ប្រៀបដូចជា​ថ្នាំ​បញ្ចុះ​បែប​ធម្មជាតិ​មួយ​ដែរ​។ នៅពេល​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​នោះ​គ្រឿងទេស រួមទាំង​អាហារ​ដែលមាន​រសជាតិ​ហឹរ​ផ្សេងៗ​អាច​ជះឥទ្ធិពល​មិនល្អ​គួរអោយ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ អ្នក​មិនគួរ​ទទួលទាន​អាហារ​ហឹរ​ពេល​រាក​ឡើយ​។​
 
​សម្គាល់ ៖ ប្រសិនបើ​ជំងឺរាក​មិនជា​សះស្បើយ​ដោយ​ឯកឯង​ក្នុង​រយៈពេល​លើសពី ២ ទៅ ៣ ថ្ងៃ ហើយ​ថែមទាំង​មាន​អម​មកជា​មួយ​នូវ​អាកា​រៈ​មួយចំនួន​ផ្សេងទៀត​ដូចជា​ឈឺ​រមួល​ក្នុង​ពោះ លាមក​មាន​ឈាម បេះដូង​លោត​ញាប់ អស់កម្លាំង និង​ភាំងៗ ចូរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com