ជាតិ
អ្នកស្រាវជ្រាវ​យល់ថា មនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការបូជា​
01, Sep 2019 , 10:57 am        
រូបភាព
​សៀមរាប​៖ សិលាចារឹក ជា​វត្ថុតាង​ដ៏​សត្យានុម័ត​មួយ​ដែល​មនុស្ស​សម័យនេះ​យក​ជា​អំណះអំណាង​ដើម្បី​ដឹង​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ ដឹង​ពី​ជីវិត​រស់នៅ​របស់​មនុស្ស​បុរាណ​។ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ មែនទែនទៅ​ពេល​ចារ​សិលាចារឹក មនុស្ស​សម័យ​ដើម​មិនដែល​គិតថា​ចារ​ទុក​សម្រាប់​ប្រាប់​រឿងរ៉ាវ​ពួកគេ​ដល់​មនុស្ស​សម័យនេះ​ទេ គឺ​ពេលនោះ សិលាចារឹក​ប្រៀប​ដូច​វត្ថុ​សក្ការបូជា​សម្រាប់​មនុស្ស​សម័យ​ដើម និង​មាន​ពិធី​គោរពបូជា សម្ក​ល់​ដូចជា​ព្រះ​ដូច្នោះ​ដែរ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាច្រើន​សន្ធឹក ត្រូវបាន​អ្នកស្រាវជ្រាវ​សិក្សា​តាមរយៈ​វត្ថុតាង​ជាច្រើន ក្នុងនោះ​សិលាចារឹក​ក៏​ជា​ភស្ដុតាង​ដ៏​សំខាន់​មួយ​ដែរ​។  សិលាចារឹក​ដែល​ចារ​ដោយ​បុព្វបុរស​ខ្មែរ បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​អាចឱ្យ​មនុស្ស​សម័យថ្មី​ដឹង​ពី​សាច់រឿង​និង​របៀប​រស់នៅ​របស់​ម​នុស្ស​បុរាណ​។ អ្នកសិក្សា​ស្រាវជ្រាវ​យល់ថា មនុស្ស​ពី​ដើម​ចារ​អក្សរ​លើ​ថ្ម​ដើម្បី​មូលហេតុ​សាសនា​។​


 
​បណ្ឌិត ឆោម គ​ន្ធា ក្នុង​បាឋកថា​ស្ដីពី «​សាកល្បង​ពិនិត្យមើល​សិលាចារឹក​កម្ពុ​ជាតា​មក្រ​សែ​ភ្នែក​មនុស្ស​សម័យ​ចាស់​» ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ពាក់​កណ្ដាលខែ សីហា បាន​ពន្យល់ថា មាន​ភស្ដុតាង​មួយចំនួន​ដែល​បង្ហាញថា មនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការបូជា ប្រៀបដូចជា​ព្រះ​បដិមា​ដូច្នោះ​ដែរ តួយ៉ាង​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទបាយ័ន ដែល​ក្នុង​នោះគេ​ឃើញ​មាន​កិច្ច​ពិធី​មួយ​ដោយមាន​ផ្ទាំងសិលា​ចារឹក​តម្កល់​នៅ​កន្លែង​ខ្ពស់​មួយ​និង​មាន​មនុស្សម្នា​រៀបចំ​កិច្ច​ពិធី​អបអរ​និង​លើកតម្កើង​។ អក្សរ​ថ្ម​ឬ​សិលាចារឹក​គឺជា​វត្ថុ​ដែល​គេ​ការពារ​យ៉ាង​យកចិត្តទុកដាក់​។ លើសពីនេះទៅទៀត មាន​ភស្តុតាង​ខ្លះ​បញ្ជាក់ថា អ្នកស្រុក​សម័យ​ដើម​ចារ​សិលាចារឹក​ទុក​សម្រាប់​ជាការ​បង្រៀន​មនុស្ស​ទូទៅ​ឲ្យ​ស្គាល់ «​ធម៌​» ពោលគឺ​ធ្វើ​តែ​បុណ្យ មិន​ធ្វើបាប​។​
 
​សិលាចារឹក​ពី​ដើម គឺមាន​ទំនាក់ទំនង​ទៅនឹង​ព្រះ​និង​ព្រះរាជា ដូច្នេះហើយ​ទើប​មានការ​គោរពបូជា មិនមាន​ចារ​លើ​ប្រធានបទ​ផ្សេង​ដូចជា​ការ​បូកលេខ​នព្វន្ដ​ខាង​គណិតសាស្ដ្រ​អ្វី​ទេ​។ បណ្ឌិត ឆោម គ​ន្ធា ពន្យល់ថា មនុស្ស​សម័យបុរាណ​ស្ទើរ​ទាំងអស់ មិនថាតែ​ជនជាតិខ្មែរ​ទេ តែង​គោរព​អក្សរ​ឬ​អត្ថបទ​សំណេរ ព្រោះ​អក្សរ​នេះ​ប្រហែលជា​បច្ចេកវិទ្យា​ទីមួយ​ដែល​មនុស្សជាតិ​បាន​បង្កើតឡើង​។ ហេតុនេះ​មិនមាន​អ្វី​គួរ​ឆ្ងល់​ទេ​ថា មនុស្ស​នាំគ្នា​គោរព​កោតខ្លាច​អក្សរ​ឬ​សំណេរ ។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​បណ្ឌិត ឆោម គ​ន្ធា អ្នកជំនាញ​សិលាចារឹក​នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ 


 
​អ្វីដែល​និយាយ​ពី​ដើម គឺ​សុទ្ធតែជា​អ្វីដែល​មនុស្ស​បុរាណ​មើល​មកលើ​សិលាចារឹក​នៅពេលនោះ​។ សម្រាប់​ក្រសែភ្នែក​មនុស្ស​សម័យថ្មី​វិញ បណ្ឌិត ឆោម គ​ន្ធី បញ្ជាក់ថា ពេលខ្លះ​មនុស្ស​ភ្លេច​ឱ្យ​តម្លៃ មិនបាន​ចាត់ទុក​ជាទី​សក្ការបូជា​អ្វី​ទេ តែ​ចាត់ទុកជា​សំណេរ​ដែល​អាច​ស្វែងយល់​ពី​ប្រវត្តិសាស្ដ្រ​របស់ខ្លួន​។​
 
​ជាមួយគ្នានេះដែរ បើតាម​ការលើកឡើងរ​បស់​បណ្ឌិត ឆោម គ​ន្ធា មកដល់​បច្ចុប្បន្ននេះ សិលាចារឹក​ប្រមាណ​ជាង ១,៤០០ ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​និង​ចុះបញ្ជី​រួច ក្នុងនោះ​មាន​ទាំង​ជា​ភាសា​ខ្មែរ​និង​សំស្ក្រឹត​។ យ៉ាងហោចណាស់ សិលាចារឹក​ជាង​មួយ​ពាន់​បាន​បកប្រែ​រួច​និង​ខ្លះទៀត​កំពុង​បន្ត​បកប្រែ ។ អ្វីដែល​សំខាន់​នោះ តាម​ការបញ្ជាក់​របស់​អ្នកជំនាញ សិលាចារឹក​ជា​ភាសាសំស្ក្រឹត​និពន្ធ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពល្បីល្បាញ​ជាង​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ដូចគ្នា​នៅ​ប្រទេស​ឥណ្ឌា​ជា​ស្រុក​ដើម​នៃ​ភាសា​នេះ​ទៅទៀត​។ បណ្ឌិត ឆោម គ​ន្ធា​ពន្យល់ថា ភាពល្បីល្បាញ​នោះ​គឺ​ឃើញច្បាស់​ទាំង​រូបរាង ទាំង​អត្ថន័យ​។​
 
​ជា​វត្ថុតាង​ដ៏​មាន​សារសំខាន់ អ្នកស្រាវជ្រាវ​យល់ច្បាស់​ថា សិលាចារឹក​ជា​ប្រ​វ​តិ្ដ​សាស្ដ្រ​មួយ​ដែល​សរសេរ​ដោយ​អ្នកស្រុក​ដើម ដែលជា​អ្វីដែល​អាចឱ្យ​មនុស្ស​សម័យនេះ​បានដឹង​នូវ​រឿងរ៉ាវ​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​ជាក់លាក់​មួយ​នៅ​សម័យបុរាណ​៕







Tag:
 សិលាចារឹក​
  ឆោម គ​ន្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com